ករណី​ឆ្លង​​ជំងឺ​​កូ​វីដ-19 ផ្ទុះ​ឡើង​ជា​ថ្មី​ និង​​​ខ្ពស់បំផុត​ក្នុង 5 ថ្ងៃ​បន្តបន្ទាប់នៅប្រទេស​​ចិន

បុគ្គលិកសុខាភិបាលក្នុងឈុតការពារវីរុស កំពុងត្រៀមខ្លួនធ្វើការនៅក្នុងតំបន់បិទខ្ទប់នៅ ប៉េកាំង កាលពីថ្ងៃទី 24 វិច្ឆិកា 2022

ប្រទេស​ចិន រកឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វីដ-19 ជាង 40,000 នាក់ ក្នុងនោះ​មាន​ជាង 36,000 នាក់​មិនមាន​រោគសញ្ញា ដែល​នេះ​គឺជា​កំណើន​ក្នុង​រយៈពេល 5 ថ្ងៃ​បន្តបន្ទាប់​នៅក្នុង​ការផ្ទុះ​ឆ្លង​សាជាថ្មី​នេះ។

គណៈកម្មការ​ជាតិ​សុខាភិបាល​របស់ ប្រទេស​ចិន ថ្ងៃនេះ​បានឱ្យដឹងថា ប្រទេស​នេះ​រកឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វីដ-19 ចំនួន 40,347 នាក់​ក្នុងអំឡុង 24 ម៉ោង​កន្លង ក្នុងនោះ​មាន 3,822 ករណី​មាន​រោគសញ្ញា និង 36,525 ករណី​មិនមាន​រោគសញ្ញា។ នេះ​គឺជា​កំណើន​ខ្ពស់​មិន​ធ្លាប់​មាននៅ ប្រទេស​ចិន រាប់​ចាប់ពី​ការផ្ទុះ​ជំងឺ​រាតត្បាត និង​ជាការ​កើនឡើង​ថ្ងៃទី 5 នៃ​ការផ្ទុះ​ឆ្លង​បន្តបន្ទាប់​ចុងក្រោយ​នេះ។

ក្នុង​រលក​នៃ​ការឆ្លង​រាលដាល​ថ្មី​នេះ ប្រទេស​ចិន មិនបាន​រកឃើញ​ករ​ណី​ស្លាប់​ដោយសារ​កូ​វីដ-19។ ករណី​ស្លាប់​សរុប​ដោយសារ​ជំងឺ​នេះ​នៅ ប្រទេស​ចិន បច្ចុប្បន្ន​គឺ 5,233 នាក់។

គិត​ត្រឹម​ថ្ងៃទី 27 វិច្ឆិកា 2022 ប្រទេស​ចិន (ចិនដីគោក) បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ-19 សរុប 311,624 នាក់ ដែល​ទាំងនេះ​សុទ្ធតែជា​ករណី​មាន​រោគសញ្ញា៕

Advertisement