ជំងឺ​អុត​ស្វា (monkeypox)! ក្រុម​អ្នកជំនាញ​ថា មិនចាំបាច់​ចាក់​វ៉ាក់សាំង​បង្ការ​ទូលំទូលាយ

ក្រុម​អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​នៅ អាហ្វ្រិក​ខាងត្បូង យល់ថា មិនចាំបាច់​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទប់ស្កាត់​ជំងឺ​អុត​ស្វា (monkeypox) និង​មិន​ជឿថា ជំងឺ​នេះ​អាច​ផ្ទុះ​ឆ្លង​រាលដាល​ដូច​កូ​វីដ-១។

គិត​ត្រឹម​ថ្ងៃទី ២៥ ឧសភា ប្រទេស​អាហ្វ្រិក​ខាងត្បូង មិនទាន់មាន​ករណី​វិជ្ជមាន ឬ​ករណី​សង្ស័យ​ណាមួយ​នៅឡើយ ទាក់ទង​នឹង​ជំងឺ​អុត​ស្វា។ ប៉ុន្តែ ក្រុមមន្ត្រី​សុខាភិបាល​របស់​ប្រទេស​នេះ កំពុងតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​មនុស្ស​ជាង ២០០ នាក់ បាន​ឆ្លង និង​សង្ស័យថា​បាន​ឆ្លង​ជំងឺ​នេះ​នៅក្នុង​ប្រទេស​ចំនួន ១៩ ក្នុង​ពិភពលោក ដែល​ភាគច្រើន​នៅ អឺរ៉ុប រាប់​ចាប់ពី​ដើមខែ​ឧសភា​នេះ។

វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​បង្ក​ជំងឺ​អុត​ស្វា​នៅក្នុង​ការផ្ទុះ​ឆ្លង​កន្លង ធ្លាប់​បង្ក​អត្រា​នៃ​ការស្លាប់​ប្រហែល ១% ប៉ុន្តែ ក្នុងការ​ផ្ទុះ​ឆ្លង​ថ្មី​នេះ មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ។

កាលពី​ថ្ងៃទី ២៥ ឧសភា នាយក​ប្រតិបត្តិ​របស់ វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺឆ្លង (NICD) របស់ ប្រទេស​អាហ្វ្រិក​ខាងត្បូង Adrian Puren បាន​អះអាងថា មកដល់​បច្ចុប្បន្ន ការចាក់​វ៉ាក់សាំង​ទូលំទូលាយ​ដើម្បី​ទប់ស្កាត់​ជំងឺ​អុត​ស្វា គឺជា​រឿង​មិនចាំបាច់។ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​គួរផ្ដល់​អាទិភាព​ឱ្យ​ជំងឺ​ដទៃ ដែលមាន​ហានិភ័យ​ឆ្លង និង​ស្លាប់​ក្នុង​អត្រា​ខ្ពស់។ ក៏ប៉ុន្តែ លោក​បញ្ជាក់ថា ក្រុមមន្ត្រី​សុខាភិបាល​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការផ្ទុះ​ឆ្លង​របស់​ជំងឺ​អុត​ស្វា​លើក​នេះ។

អ្នកជំនាញ Jacqueline Yeyer មកពី NICD ថ្លែងថា ការផ្ទុះ​ឆ្លង​ជំងឺ​អុត​ស្វា​លើក​នេះ​មិនមាន​អ្វី​ខុសប្លែក​ពី​ធម្មតា ក្រៅតែពី​ទីតាំង​ផ្ទុះ​ឆ្លង។ លោកស្រី​ឱ្យដឹងថា ការវិភាគ​ហ្សែ​ន​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ដែល​ផ្ទុះ​ឆ្លង​នាបច្ចុប្បន្ន ក៏បាន​បង្ហាញថា មិនមាន​អ្វី​ខុសពី​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ដែល​បាន​ផ្ទុះ​ឆ្លង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​នៅ នី​ហ្សេ​រី​យ៉ា។ ជំងឺ​អុត​ស្វា​បច្ចុប្បន្ន ផ្ទុះ​ឆ្លង​នៅ​តំបន់​ផ្សេង​ដែល​មិនមែន​នៅ អាហ្វ្រិក​ខាងលិច និង អាហ្វ្រិក​កណ្ដាល។

លោកស្រី Weyer ជឿថា វីរុស​អុត​ស្វា​មិន​ឆ្លង​រាលដាល​លឿន​ដូច​ទៅនឹង​វីរុស​កូ​វីដ-១៩ ហើយ​រលក​នៃ​ការឆ្លង​ជំងឺ​អុត​ស្វា​លើក​នេះ​អាច​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការធ្វើ​តេស្ត ការតាមរក​អ្នកពាក់ព័ន្ធ ការតាមដាន​អាការ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ជំនួស​ឱ្យ​ការចាក់​វ៉ាក់សាំង។

ចំណែក​សាស្ត្រាចារ្យ Moritz Kraemer មកពី​សាកលវិទ្យាល័យ Oxford (អង់គ្លេស) វិញ យល់ថា បច្ចុប្បន្ន​មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ព្យាករ​ចំពោះ​ការឆ្លង​រាលដាល​របស់​ជំងឺ​នេះ។

យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

Advertisement