ហាង​កាហ្វេ​មួយ ទទួល និង​បណ្ដុះបណ្ដាល​បុគ្គលិក​វ័យ​ចំណាស់ ដើម្បី​ជួយ​ទប់​ទល់នឹង​បញ្ហា​ភ្លេចភ្លាំង

«ហាង​កាហ្វេ​នៃ​ការចងចាំ» (Memory Café) នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កំពុងតែ​នាំមុខគេ​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​ភ្លេចភ្លាំង​នៅលើ​មនុស្ស​ចាស់ ដោយ​ធ្វើការ​បណ្ដុះបណ្ដាល​ពួកគាត់​ឱ្យក្លាយ​ជា​អ្នកទទួល​ភ្ញៀវ ឬ អ្នក​ឆុង​កាហ្វេ ដើម្បី​មានឱកាស​ច្រើន​ក្នុងការ​សំណេះសំណាល​ជាមួយ​ភ្ញៀវ។

សារព័ត៌មាន Global Times ថ្មីៗនេះ​បាន​ចុះផ្សាយ​វីដេអូ​មួយ​ស្ដីពី​ហាង​កាហ្វេ Memory Café ដែល​ជ្រើសរើស និង​បណ្ដុះបណ្ដាល​បុគ្គលិក​វ័យ​ចំណាស់។

លោកយាយ​វ័យ 80 ឆ្នាំ ឈ្មោះ Guo Luli ដែលជា​បុគ្គលិក​ស្ម័គ្រចិត្ត​មួយរូប​របស់​ហាង​កាហ្វេ Memory Café បានឱ្យដឹងថា៖ «ខ្ញុំ​បាន​ធ្វើជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៅ​ហាង​កាហ្វេ​នេះ​ជិត​មួយឆ្នាំ​ហើយ។ ការងារ​នេះ​បាន​ជួយ​ដល់​ពួកយើង​ច្រើនណាស់។ យើង​បាន​រៀនអ្វីៗជាច្រើន​អំពី​មុខរបរ​ឆុង​កាហ្វេ។ យើង​ទទួលបាន​ការបណ្ដុះបណ្ដាល និង​អនុវត្ត​ជា​រៀងរាល់​សប្ដាហ៍។ ការងារ​នេះ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​អាការ​នៃ​ជំងឺ​ភ្លេចភ្លាំង។ ខ្ញុំ​ត្រូវ​ចងចាំ​នូវ​លំដាប់លំដោយ​នៃ​ការ​ឆុង​កាហ្វេ និង​អនុវត្ត​វា។ ខ្ញុំ​ត្រូវ​កត់ត្រា​កិច្ចការ​ទាំងនេះ។ ការងារ​នេះ​មាន​អត្ថប្រយោជន៍​ណាស់»។

ចំណែក​លោកយាយ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​ម្នាក់ទៀត ឈ្មោះ  Peng Mingxiang បាន​ប្រាប់ថា៖ «ដើម្បី​មាន​អារម្មណ៍​ដូច​យុវវ័យ យើង​ត្រូវការ​ការយល់​ចិត្ត ការសន្ទនា​គ្នា​ដោយ​សេរី​ជាមួយ​ពួកគេ។ ពួកគេ​ប្រព្រឹត្ត​ល្អ និង​គោរព​ពួកយើង។ យើង​ក៏មាន​ភាពជឿជាក់»។

ហាង​កាហ្វេ Memory ស្ថិតនៅក្នុង​ខណ្ឌ Pudong នៃ​ទីក្រុង​សៀង​ហៃ បាន​រកឃើញ​វិធីសាស្ត្រ​ដោយឡែក​ដើម្បី​ជួយ​ដល់​មនុ​ស្សវ័យ​ចំណាស់ ក្នុងការ​ទប់ទល់​នឹង​ភាព​ចាស់ជរា ដោយ​ការបង្កើត​សកម្មភាព​អន្តរ​កម្ម​ជា​ក្រុម ក្នុងនោះ លោកយាយ និង​លោកតា មានឱកាស​ហ្វឹកហាត់​ការចងចាំ។

បុគ្គលិក​ស្ម័គ្រចិត្ត​វ័យ​ចំណាស់​នៅក្នុង​ហាង​នេះ ត្រូវបាន​បណ្ដុះ​បណ្ដាលឱ្យ​ក្លាយជា​អ្នកទទួល​ភ្ញៀវ អ្នក​គិតលុយ និង​អ្នក​ឆុង​កាហ្វេ​ជាដើម។

សកម្មភាព​នៅ​ហាង​កាហ្វេ​នេះ ជួយ​ឱ្យ​ពួកគាត់​មាន​ទំនាក់ទំនង​សង្គម​ច្រើនជាង​មុន និង​ធ្វើឱ្យ​វ័យ​ចំណាស់​របស់​ពួកគាត់​មាន​ភាពស្រស់​ស្រាយ​ជាង​មុន។

យោងតាម​ស្ថិតិ​ថ្មី​បំផុត ទីក្រុង​សៀង​ហៃ បច្ចុប្បន្ន មាន​មនុស្ស​ចាស់​អាយុ​ចាប់ពី 60 ឆ្នាំ​ឡើង ចំនួន 23.5% ធៀប​នឹង​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ។ ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ក្រុមមនុស្ស​វ័យ​ចំណាស់​គឺជា​ឧបសគ្គ​មួយ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន៕

Advertisement