វៀតណាម ពិសោធ​ថ្នាំ​ថ្មី​ ព្យាបាលជំងឺ​ COVID-19 បច្ចេក​វិទ្យា​របស់​ បារាំង

ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃទី 8 កញ្ញា បានប្រកាសថា បាន និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន បារាំង ក្នុងការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី និង​ទទួល​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​ប្រភេទ polyclonal ដែលមាន​ឈ្មោះថា XAV-19 សម្រាប់​ព្យាបាល​ជំងឺ COVID-19។

ធាតុ​រាវ​សម្រាប់​បញ្ចូល​ក្នុង​សរសៃឈាម​របស់ XAV-19 គឺជា​អង្គ​ប​ដិ​ប្រាណ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​មធ្យម។ ថ្នាំ​នេះ​ត្រូវបាន​ក្រុមហ៊ុន បារាំង Xenothera អភិវឌ្ឍ ដោយ​យោងទៅលើ​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​របស់​ក្រុមហ៊ុន​នេះ​ផ្ទាល់ ដែល​រួមផ្សំ​រវាង​វិស័យ​ជាតិពន្ធុវិទ្យា និង​ប្រព័ន្ធ​ស៊ាំ​វិទ្យា។ លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទីមួយ និង​ទី​ពីរ បង្ហាញថា «ថ្នាំ​មាន​សុវត្ថិភាព ប្រសិទ្ធ​ភាពល្អ ក្នុងការ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្សាប​វីរុស និង​កាត់បន្ថយ​រលាក» នេះ​បើតាម​ក្រសួងសុខាភិបាល។

ថ្នាំ XAV-19 ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី​នានា​របស់ COVID-19 ដែល​ត្រូវបាន​រកឃើញ​កន្លងមក។ ថ្នាំ​នេះ​ក៏​អាចបង្កើត​ភាពស៊ាំភ្លាមៗ និង​រារាំង​វីរុស​ជ្រៀត​ចូលក្នុង​កោសិកា។

អ្នកស្រី Odile Duvaux ប្រធានក្រុមហ៊ុន Xenothera

XAV-19 កំពុង​ត្រូវបាន​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី នៅ​ប្រទេស​បារាំង និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប។ ថ្នាំ​នេះ​ក៏​នឹង​ត្រូវបាន​ផ្គត់ផ្គង់​នៅ​ប្រទេស​បារាំង បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់។

អ្នកស្រី Odile Duvaux ប្រធាន​ក្រុមហ៊ុន Xenothera ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​ត្រៀមខ្លួន​សហការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី​នៅ វៀតណាម និង​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​ការផលិត។ ចំណែក​អនុរដ្ឋមន្ត្រី​សុខ​ភិ​បាល វៀតណាម Tran Van Thuan អះអាងថា វៀតណាម ក៏បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចសហការ​នេះ​ផងដែរ៕

Advertisement