
(ភ្នំពេញ)៖ នៅ កម្ពុជា ការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស បានចំនួន 7,607,884 នាក់ គិតត្រឹមព្រឹកព្រលឹម ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021។
ក្នុងចំណោមអ្នកដែលបានទទួលការចាក់វ៉ាក់សាំងសរុប ក៏មានកុមារ និងក្មេងជំទង់ ដែលមានអាយុចាប់ពី 12 ដល់ 17 ឆ្នាំ ចំនួន 124,157 នាក់ផងដែរ ក្រោយពីបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពួកគេបាន 3 ថ្ងៃ។
លទ្ធផលនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យទូទាំងប្រទេសគឺ ស្មើនឹង 74.84% ធៀបនឹងគោលដៅ 10 លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់។ ចំណែក តួលេខនៃការចាក់វ៉ាក់សាំងជូនកុមារ និងក្មេងជំទង់គឺ ស្មើនឹង 6.31% ធៀបនឹងគោលដៅ 1,966,931 នាក់។ រីឯលទ្ធផលនៃការចាក់វ៉ាក់សាំងជូនប្រជាជនសរុបទូទាំងប្រទេស (16 លាននាក់) គឺ ស្មើនឹង 47.55%។

