ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា មានសម្មតិកម្មចំនួនពីរ ស្ដីពីប្រភពរបស់វីរុសCovid-19 រួមមាន ទីមួយទាក់ទិននឹងការប៉ះពាល់រវាងមនុស្សនិងសត្វដែលមានផ្ទុកវីរុស និងទីពីរគឺ គ្រោះថ្នាក់នៅក្នុងបន្ទប់ពិសោធន៍។
«ក្រុមភ្នាក់ងារសម្ងាត់អាមេរិក មិនបានដឹងច្បាស់ថា ទីណា ពេលណា ឬតាមរបៀបណា ទើបវីរុសCovid-19 ចាប់ផ្ដើមឆ្លងរាលដាលនោះទេ ប៉ុន្តែ ពួកគេបានប្រមូលផ្ដុំជាសេណារីយោចំនួនពីរ ដែលអាចកើតឡើង» នេះបើតាមការិយាល័យនៃប្រធានអង្គភាពស៊ើបការណ៍សម្ងាត់ជាតិ (ODNI) របស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃទី27 ខែឧសភា។
ODNI បានប្រាប់ថា ចំពោះសម្មតិកម្មទាំងពីរខាងលើ ក្រុមអ្នកជំនាញបានយោងទៅលើការបកស្រាយមួយចំនួន ជាមួយនឹង «ភាពជឿជាក់ក្នុងកម្រិតទាប ឬមធ្យម» ដែលនេះ បើតាមពាក្យបច្ចេកទេសផ្នែកស៊ើបការណ៍សម្ងាត់គឺ មានន័យថា ពួកគេជឿថា ភ័ស្ដុតាងដែលគាំទ្រដល់ការយល់ឃើញខាងលើ នឹងស៊ីពេលវេលាជាច្រើនទៀត ទើបអាចបញ្ជាក់បាន។
ប្រភពព័ត៌មានពីក្រុមជំនាញផ្នែកវិភាគនៅក្នុងស្ថាប័នស៊ើបការណ៍សម្ងាត់ ឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) និងអង្គភាពស៊ើបការណ៍សម្ងាត់របស់ស្ថាប័នការពារជាតិ បច្ចុប្បន្ន សុទ្ធតែមិនគាំទ្រដល់ការបកស្រាយចំពោះសម្មតិកម្មទាំងពីរខាងលើនោះទេ និងបានបង្ហើបឱ្យដឹងថា ព្រោះថាពួកគេស្ថិតក្នុងចំណោមអង្គភាពភាគច្រើនរបស់អាមេរិក ដែលមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់ដើម្បីកំណត់ឱ្យបានច្បាស់ថា តើសេណារីយោមួយណាដែលគួរជឿជាក់ជាងនៅឡើយ។
ប្រធានាធិបតី Joe Biden បានថ្លែងថា លោកនឹងអាចប្រកាសរបាយការណ៍លម្អិតមួយ ស្ដីពីការរកឃើញរបស់ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អំពីប្រភពរបស់វីរុសCovid-19 បន្ទាប់ពីលោកបានចេញបញ្ជាឱ្យស្ថាប័នស៊ើបការណ៍សម្ងាត់ «ប្រឹងប្រែងជាមុនទ្វេដង» ដើម្បី ស្រាវជ្រាវរកប្រភពនៃមហារោគរាតត្បាតនេះ និងបន្តជំរុញឱ្យរដ្ឋាភិបាលចិន ចូលរួមការស្រាវជ្រាវដ៏ពេញលេញ។
ប្រភព៖ AFP, Reuters
ប្រែសម្រួល៖ បុត្រា