សាកសព​មនុស្ស​រាប់សិប​នាក់ ដែល​សង្ស័យថា​ជា ​អ្នកជំងឺ Covid-19 អណ្ដែត​ដេរដាស​លើ​ផ្ទៃ​ទន្លេ​នៅ​ឥណ្ឌា

ឥណ្ឌា៖ សាកសព​យ៉ាងតិច ចំនួន 40នាក់ ដែល​បាន​អណ្ដែត​ចូល​ក្បែរ​ឆ្នេរទន្លេ​គង្គា ស្ថិតនៅ​កណ្ដាល​រដ្ឋ Biha និង​រដ្ឋ Uttar Pradesh ត្រូវបាន​ក្រុមមន្ត្រី​សង្ស័យថា គឺជា​អ្នកជំងឺ Covid-19 ដែល​មិនបាន​បូជា។

«ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​ទន្លេ​គង្គា ក្នុងស្រុក Buxar ក្បែរ​បន្ទាត់​ខណ្ឌ​ចែក​រដ្ឋ Bihar និង Uttar Pradesh។ យើង​បាន​ស្នើឱ្យ​អាជ្ញាធរ ដោះស្រាយ​បញ្ហា​នេះ ដោយ​ការបូជា​ភ្លើង និង​បញ្ចុះ» Ashok Kumar ជា​មន្ត្រី​នៅ​មូលដ្ឋាន បាន​និយាយ​ដូច្នេះ កាលពី​ថ្ងៃទី10 ខែឧសភា។

ប្រភពព័ត៌មាន​ពី​ស្រុក Buxar បានឱ្យដឹងថា ចំនួន​សាកសព​ដែល​អណ្ដែត​មក​ក្បែរ​ច្រាំងទន្លេ អាច​ឡើងដល់ 100នាក់ ក្នុងនោះ​សាកសព​ជាច្រើន​កំពុង​ស្អុយរលួយ និង​ប្រហែលជា​បាន​ស្ថិតនៅក្រោម​ទឹកទន្លេ​អស់​ជាច្រើន​ថ្ងៃ​មកហើយ។ មន្ត្រី​មួយចំនួន​បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង ដោយ​សង្ស័យថា សាកសព​ទាំងនោះ​អាចជា​អ្នក​ដែល​បាន​ស្លាប់​ដោយសារ Covid-19។

អ្នកស្រុក​ជឿថា សាកសព​អាច​ត្រូវបាន​គេ​បណ្ដែត​ចូល​ទន្លេ ព្រោះតែ​ទីតាំង​បូជាសព​កំពុង​ពេញ​ណែន ឬ​គ្រួសារ​សព​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ឧស។ Kameshwar Pandey ដែលជា​អ្នករស់នៅ​ក្បែរ​ទន្លេ បាន​និយាយថា៖ «នេះ​គឺជា​អ្វីដែល​ធ្វើឱ្យ​យើង​រន្ធត់​ខ្លាំង»។

មហា​រោគ Covid-19 នៅតែ​រាតត្បាត​ប្រទេស​ឥណ្ឌា និង​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​ក្នុង​តំបន់​ជនបទ​ដ៏​ធំ​របស់​ប្រទេស​នេះ បណ្ដាលឱ្យ​ប្រព័ន្ធ​សុខាភិបាល ក៏ដូចជា​ទីតាំង​បូជាសព និង​ទី​បញ្ចុះសព ត្រូវ​លើស​ចំណុះ។ រដ្ឋ Bihar និង រដ្ឋ Uttar Pradesh ស្ថិតក្នុង​ចំណោម​រដ្ឋ​ដែល​ក្រីក្រ​បំផុត​របស់​ប្រទេស​ឥណ្ឌា។

យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា អ្នកជំងឺ Covid-19 ប្រមាណ 4,000នាក់ បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រា​ដែល​ករណី​ស្លាប់​សរុប បាន​កើន​ដល់​ជាង​ 250,000នាក់ នៅក្នុង​ចំណោម​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ជិត 23លាន​នាក់។ ប៉ុន្តែ ក្រុម​អ្នកជំនាញ ជឿថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ​ច្រើនដង។

រលក​ទី​ពីរ​របស់ Covid-19 បាន​រុញច្រាន​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា ឱ្យ​ប្រឈម​នឹង​ការដួលរលំ បណ្ដាលឱ្យ​អ្នកជំងឺ​ត្រូវស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន មិនបាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ខ្វះ​ថ្នាំសង្កូវ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement