លែង​នៅ​ហើយ!! ស.រ.អា ជូនដំណឹង​បន្ទាន់ ឱ្យ​ពលរដ្ឋ​របស់ខ្លួន ចេញពី​ឥណ្ឌាភ្លាមៗ ខណៈ​វិបត្តិ​ជំងឺឆ្លង​នេះ កាន់តែ​ធ្ងន់ធ្ងរឡើងៗ

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី29 មេសា បានប្រកាស​ប្រាប់​ពលរ​ដ្ឋ​របស់ខ្លួន ឱ្យធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ឥណ្ឌា​ឱ្យបាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ក្នុងខណៈដែល​ប្រទេសមួយ​នេះ កំពុង​ប្រឈម​នឹង​ស្ថានការណ៍ ដ៏​កាន់តែ​អាក្រក់ឡើងៗជាបណ្ដើរៗ ដោយសារ​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19ថ្មី​ប្រចាំថ្ងៃ ចំនួន 379,257នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី29មេសា  ជា​ស្ថិតិ​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង 1ថ្ងៃ ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ក្រោយពី​ពេលមុន​ហ្នឹង ចំនួន​អ្នកស្លាប់​សរុប​ជា​ផ្លូវការ​របស់​ប្រទេស​ឥណ្ឌា ទើបតែ​កើនឡើង​លើស 200,000នាក់ កាលពី​ថ្ងៃ​ពុធ មុន​ហ្នឹង 1ថ្ងៃ ក្រោម​ការប្រកាសអាសន្ន​របស់​អ្នកជំនាញការ ដែល​ជឿថា តួលេខ​ពិតប្រាកដ អាច​នឹង​ច្រើនជាង​នេះ​ខ្លាំង។

ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​ឥណ្ឌា បានប្រកាសថា “ការ​ចូលដល់​ការព្យាបាល​ខាង​វេជ្ជសាស្ត្រ​គ្រប់រូប​បែប កំពុង​ឈាន​ចូលដល់​កម្រិត​មានកំណត់​យ៉ាងធ្ងន់ធ្ងរ” ខណៈដែល​ក្រសួងការបរទេស​បាន​លើកកម្ពស់​ការណែនាំ​ផ្នែក​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ឥណ្ឌា ឆ្ពោះទៅរក​កម្រិត4 ដែលជា​កម្រិត​ខ្ពស់បំផុត ប្រកាស​ឱ្យ​ពលរដ្ឋ​អាមេរិកាំង ផ្អាក​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ឥណ្ឌា ឬ​ចាក​ចេញពី​ប្រទេស​ឥណ្ឌា ឱ្យបាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​យ៉ាង​មាន​សុវត្ថិភាព។

“ពលរដ្ឋ​សហរដ្ឋអាមេរិក ដែល​មានបំណង​ធ្វើដំណើរ​ចេញពី​ប្រទេស​ឥណ្ឌា គួរតែ​ប្រើប្រាស់​ប្រយោជន៍​ពី​ជម្រើស​ខាង​ការដឹកជញ្ជូន​ខាង​ពាណិជ្ជកម្ម ដែល​នៅតែ​អាច​ធ្វើបាន​នៅពេលនេះ” សេចក្ដីប្រកាស​ដំណឹង បានបញ្ជាក់​បែបនេះ ព្រមទាំង​បង្ហើប​ឱ្យដឹងថា មាន​របាយការណ៍​ថា ពលរដ្ឋ​អាមេរិក​មួយចំនួន ត្រូវបាន​បដិសេធ មិន​ឱ្យចូល​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយសារតែ​មន្ទីរពេទ្យ​ទាំងនោះ លែងមាន​កន្លែង​ទំនេរ​ហើយ។

សេចក្ដីប្រកាស​នេះ កើតឡើង​ក្នុងខណៈដែល​មន្ទីរ​សេត​វិមាន បាន​ប្រាប់​ឱ្យដឹងថា សហរដ្ឋអាមេរិក កំពុង​សម្រេចចិត្ត​ប្រគល់​វត្ថុធាតុដើម ក្នុង​ការផលិត​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដែល​អាមេរិក បាន​បញ្ជា​ទិញ​នោះ ឱ្យទៅ​ប្រទេស​ឥណ្ឌា ដែល​វា​នឹង​ជួយ​ឱ្យ​ប្រទេស​ឥណ្ឌា អាច​ផលិត​វ៉ាក់សាំង​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត 20លាន​ដូ​ស។

ក្រៅពីនេះ សហរដ្ឋអាមេរិក នៅបាន​រៀបចំ​បញ្ជូនស្បៀងផ្សេងៗ ដែលមាន​តម្លៃ​ច្រើនជាង 100លាន​ដុល្លារ ទៅកាន់​ប្រទេស​ឥណ្ឌា ក្នុងនោះ​មាន អុក​ស៊ី​ហ្ស៊ែ​ន 1,000ធុង, ម៉ាស់​អនាម័យ​ការពារ N95 ចំនួន 15លាន​បន្ទះ និង​ឈុត​ពិនិត្យរ​កកូ​វីដ Rapid test 1លាន​ឈុត​ទៀត ដែល​បាន​បញ្ជូន​ជាបណ្ដើរៗ ទៅដល់​ប្រទេស​ឥណ្ឌា រួច​ខ្លះ​ហើយ តាំង​ពីថ្ងៃ​ព្រហស្បតិ៍ ទី29 មេសា រហូតដល់​សប្ដាហ៍​ក្រោយ។

រដ្ឋបាល​ឥណ្ឌា បាន​សម្ដែង​ក្ដីរំភើប​សោមនស្ស ចំពោះ​អ្វីដែល​ពួកគេ​ហៅថា ជា​ក្រសែ​នៃ​ភាពជា​ធ្លុង​មួយ ដែល​ហូរ​មកពី​ទូទាំង​ពិភពលោក ដោយ​រហូតមក​ដល់ពេលនេះ មាន​ប្រទេសផ្សេងៗ ច្រើនជាង 40ប្រទេស​ហើយ ដែល​សន្យាថា នឹង​ប្រគល់​ឧបករណ៍ផ្សេងៗ ដែល​ចាំបាច់​បន្ទាន់​បំផុត ឱ្យ​ប្រទេស​ឥណ្ឌា ក្រោម​ស្ថានការណ៍​ដ៏​តានតឹង នៅក្នុង​ដែនដី​មួយ​នេះ ដែលមាន​ទាំង​អ្នកជំងឺ​ហូរហៀរ​មន្ទីរពេទ្យ ខ្វះខាត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​ឈាបនដ្ឋាន ត្រូវធ្វើ​ការដុត​បូជា​សាកសព​ទាំងថ្ងៃទាំងយប់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement