មហាសេដ្ឋី​វ័យ​ជាង​កៅសិប «ជិត​រៀប​ការលើក​ទី​ប្រាំ»

លោក Murdoch វ័យ 92 ឆ្នាំ និងអ្នកស្រី Ann Lesley Smith អនាគតភរិយាទីប្រាំ

មហាសេដ្ឋី​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក Rupert Murdoch អាយុ 92 ឆ្នាំ មាន​គម្រោង​រៀបការ​ជា​លើក​ទី​ប្រាំ ជាមួយនឹង​ស្ត្រី​វ័យ 66 ឆ្នាំ​នៅ​រដូវក្ដៅ​នេះ។

«ខ្ញុំ​ព្រួយបារម្ភ​ណាស់។ ខ្ញុំ​ខ្លាច​រឿង​ស្នេហា ប៉ុន្តែ​ខ្ញុំ​ដឹងថា នេះ​នឹង​ជា​ស្នេហ៍លើ​​ចុងក្រោយ​របស់ខ្ញុំ។ ល្អ​បំផុត​គឺ​យ៉ាងនេះ។ ខ្ញុំ​សប្បាយចិត្ត» លោក Murdoch វ័យ 92 ឆ្នាំ និយាយ​ពី Ann Lesley Smith ស្ត្រី​ដែល​លោក​ទើបតែ​បាន​ភ្ជាប់ពាក្យ​ជាមួយ កាលពី​ថ្ងៃទី 20 មីនា។

អ្នក​ទាំងពី​មាន​គម្រោង​រៀបការ​នៅ​រដូវក្ដៅ ហើយ​នោះ​នឹង​ជា​អាពាហ៍ពិពាហ៍​លើក​ទី​ប្រាំ​របស់​មហាសេដ្ឋី​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាម៉េរិក អូស្ត្រាលី និង​អឺរ៉ុប។ បណ្ដាញ​ផ្សព្វផ្សាយ​របស់លោក Murdoch មានដូចជា Sky News Australia, Fox News, Wall Street Journal, New York Post និង Sun ជាដើម។

 

មហាសេដ្ឋី​អាម៉េរិក​ដើម​កំណើត​អូស្ត្រាលី​​រូបនេះ​ មានកូន​បីនាក់​នៅក្នុង​អាពាហ៍ពិពាហ៍​បី​លើកដំបូង។ ភរិយា​ទី​បួន​របស់​លោក​ ​គឺ​កំពូល​តារា​ម៉ូ​ដែល Jerry Hall ដែល​បាន​លែងលះ​កាលពី​ឆ្នាំមុន។

ចំណែក​ស្ត្រី​ដែល​នឹង​ក្លាយជា​ភរិយា​ទី​ប្រាំ​របស់លោក Murdoch បានឱ្យដឹងថា អ្នកស្រី​ធ្លាប់ជា​អ្នក​បង្ហាញ​ម៉ូដ អ្នក​ចម្រៀង តន្ត្រី​ការិនី ពិធី​ការិនី​របស់​វិទ្យុ San Francisco Bay Area និង​ជា​អ្នកយកព័ត៌មាន​ផងដែរ។ អ្នកស្រី​បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ពីរលើក​មកហើយ។ ស្វាមី​ទី​ពីរ​របស់​អ្នកស្រី​ដែល​ជា​អតីត​​អ្នកចម្រៀង និង​ធ្លាប់​ជា​​​នាយក​ប្រតិបត្តិ​របស់​វិទ្យុ និង​ទូរទស្សន៍ បានទទួល​មរណភាព​កាលពី​ឆ្នាំ 2008។

យោងតាម​ទំព័រ Forbes មហាសេដ្ឋី Rupert ​Murdoch មាន​ទ្រព្យសម្បត្តិ 17.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក​​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 95 លើ​ពិភពលោក៕

Advertisement