មហាសេដ្ឋី ប៊ី​ល​ហ្វេ​ត (Bill Gates) ទទួលស្គាល់ថា បាន​បង្ក​ការឈឺចាប់​ដល់​គ្រួសារ

មួយឆ្នាំ បន្ទាប់ពី​បាន​លែងលះ មហាសេដ្ឋី​អាម៉េរិក លោក ប៊ី​ល​ហ្គេ​ត បាន​សារភាពថា បាន​បង្ក​កំហុសឆ្គង​ធ្ងន់ធ្ងរ​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​បាន «ធ្វើឱ្យ​គ្រួសារ​ឈឺចាប់»។

«ខ្ញុំ​ប្រាកដ​ណាស់​ថា បានធ្វើ​ឱ្យមាន​កំហុសឆ្គង ហើយ​ខ្ញុំ​សុំ​ទទួលខុសត្រូវ» មហាសេដ្ឋី ប៊ី​ល​ហ្គេ​ត បាន​ប្រាប់ សារព័ត៌មាន Today កាលពី​ថ្ងៃទី ៣ ឧសភា នៅពេល​ត្រូវបាន​សួរថា តើ​មានពេលខ្លះ​លោក​មិន​ស្មោះ​នឹង​អាពាហ៍ពិពាហ៍ ២៧ ឆ្នាំ ជាមួយ​អតីត​ភរិយា គឺ​លោកស្រី មេ​លីន​ដា ហ្វ្រែ​ន ហ្គេ​ត (Melinda French Gates) ឬទេ។

កិច្ច​សម្ភាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​ចំ​ថ្ងៃ​គម្រប់ ១ ឆ្នាំ បន្ទាប់ពី​លោក និង​លោកស្រី ហ្វ្រែ​ន ហ្គេ​ត បានចេញ​ប្រកាស​រួម​ថា បានសម្រេច​ចិត្ត​លែងលះ។

លោក​ប៊ីល ហ្គេត និង​លោកស្រី មេ​លីន​ដា ហ្គេត កាល​ពី​នៅ​ជា​គូនឹង​គ្នា

មហាសេដ្ឋី​វ័យ ៦៦ ឆ្នាំ​រូបនេះ ឱ្យដឹងថា ទីបញ្ចប់​នៃ​អាពាហ៍ពិពាហ៍ «ពិតជា​គួរឱ្យ​សោកស្ដាយ» ប៉ុន្តែ បាន​បញ្ជាក់​ថា លោក និង​អតីត​ភរិយា នៅតែ​ធ្វើការ​ជាមួយគ្នា​នៅក្នុង​មូលនិធិ​មនុស្សធម៌។

និយាយ​ដល់​រឿង​ដែល​លោកស្រី ហ្វ្រែ​ន ហ្គេ​ត រៀបរាប់​ជាមួយ CBS News កាលពី​ខែមីនា ដែល​ក្នុងនោះ​លោកស្រី​បាន​និយាយថា លោកស្រី «ពេលខ្លះ​ដេក​យំ​នៅលើ​កម្រាល​ឥដ្ឋ» ហើយ​ថា «មិនអាច​ជឿ​បាន​ចំពោះ​ទំនាក់ទំនង​នេះ» លោក ប៊ី​ល ហ្គេ​ត ថ្លែងថា «នោះ​គឺជា​រឿង​ដ៏​លំបាក» ប៉ុន្តែ បាន​អះអាងថា ពួកគាត់​បាន​សាង​នូវ «ប្រការ​ដ៏​អស្ចារ្យ​ជាច្រើន» ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

ទោះជា​យ៉ាងណាក៏ដោយ មហាសេដ្ឋី​រូបនេះ នៅតែ​មិន​បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​ដែលនាំឱ្យ​គ្រួសារ​នេះ​បែកបាក់។ «ខ្ញុំ​មិន​គិតថា ការនិយាយ​លម្អិត​ក្នុង​ពេលនេះ​គឺជា​រឿង​ស្ថាបនា​នោះទេ ប៉ុន្តែ ត្រូវ​ហើយ ខ្ញុំ​គឺជា​អ្នក​ដែល​បាន​បង្កឱ្យមាន​ការឈឺចាប់ និង​មាន​អារម្មណ៍​ថា អន់​ខ្លាំងណាស់​ព្រោះតែ​បញ្ហា​នោះ» លោក ប៊ី​ល ហ្គេ​ត បញ្ជាក់​ដូច្នេះ។

Advertisement