វិធីបន្ថែមមន្តស្នេហ៍ឱ្យផ្ទះស្រស់ស្អាតគួរឱ្យចង់រស់នៅ

ការធ្វើឱ្យផ្ទះរបស់លោកអ្នក ក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញនោះ មិនមែនជារឿងពិបាកឡើយ គ្រាន់តែ​លោកអ្នកចំណាយពេលវេលាក្នុងការសម្អាត ជួសជុល និងតុបតែង ធ្វើឱ្យផ្ទះរបស់លោកអ្នកមើលទៅមានសោភណភាពគួរចង់រស់នៅទាំងខាងក្នុង និងខាងក្រៅតែប៉ុណ្ណោះ។

ការបន្ថែមមន្តស្នេហ៍ផ្នែកខាងក្រៅផ្ទះរបស់អ្នកអាចធ្វើបានតាមរយៈ៖

  1. ជួសជុល ឬផ្លាស់ដំបូលផ្ទះនៅកន្លែងណាដែលបាក់ពុក ឬខូចខាត។
  2. ជួសជុល ឬលាបពណ៌ផ្ទះជាថ្មីឱ្យមើលទៅរៀបរយ ស្អាតបាត។
  3. ពិនិត្យមើលទ្វារ បង្អួច ថាតើមានកន្លែងណារបក ឬស្លកពណ៌ឬទេ? ពិនិត្យមើលថា តើកណ្តឹងចុចខាងមុខផ្ទះនៅអាច​ប្រើការបានឬទេ?។
  4. សម្អាតទបង្ហូរទឹក និងប្រព័ន្ធបង្ហូរទឹកមិនស្អាត។
  5. មើលថែសួនច្បារ និងដើមឈើឱ្យរៀបរយស្អាតបាត។
  6. ពិនិត្យមើលជណ្តើរ ផ្លូវដើរ របង និងរានហាលថា តើមានស្នាមប្រេះបាក់បែកឬទេ?។

ការបន្ថែមមន្តស្នេហ៍ផ្នែកខាងក្នុងផ្ទះដែលលោកអ្នកអាចធ្វើបានតាមរយៈ៖

  1. បោសសម្អាតគ្រប់បន្ទប់នៅក្នុងផ្ទះ ប្រមូលរបស់របរដែលមិនចាំបាច់ រួមទាំងកម្ចាត់ចោលនូវវត្ថុណាដែលទើស​ទែងចេញពីបន្ទប់ តែប៉ុណ្ណឹង ផ្ទះរបស់លោកអ្នកនឹងមើលទៅឃើញរាងស្រឡះ និងភ្លឺជាងមុនមិនខាន។
  2. ក្នុងករណីបើចាំបាច់ គួរលាបពណ៌ខាងក្នុងផ្ទះដែលមើលទៅរាងចាស់ស្អាប់ហើយនោះ ឱ្យមើលទៅភ្លឺឡើងវិញ។ ពណ៌ជញ្ជាំង​ គួរ​​​​ជាពណ៌ដែលមើលទៅដូចធម្មជាតិ ដូចជាពណ៌ស ឬពណ៌ឃ្រីម ហើយពណ៌ដូចគ្នានេះ ដោយលោកអ្នកអាចប្រើពណ៌ដដែលនោះជាមួយ​នឹង​កម្រាល​​​​​ព្រំបាន​ដូច​គ្នា។
  3. ត្រួតពិនិត្យមើល និងជួសជុល ស្នាមប្រេះបាក់បែក ធ្លាយមានប្រហោង ឬស្នាមគូសវាសនៅលើជញ្ជាំង រួមទាំង​បរិវេណកន្លែងណាដែលមាន​​ភាពសើម ត្រូវធ្វើឱ្យស្ងួត និងស្អាតឡើងវិញ។
  4. ផ្លាស់កញ្ចក់បង្អួចណាដែលប្រេះ បែក ឬស្អាប់ចេញ។
  5. ពិនិត្យមើលក្បាលចំពួយទឹក និងចំពួយទឹកផ្កាឈូកក្នុងបន្ទប់ទឹក រួមទាំងរបស់ប្រើប្រាស់ផ្សេងៗថា តើនៅប្រើការបានល្អឬទេ?។
  6. ត្រួតពិនិត្យមើលឱ្យច្បាស់ក្នុងចិត្តថា កម្រាលឥដ្ឋបន្ទប់ទឹក និងបន្ទប់ចង្រ្កានបាយគ្មានស្នាមបាក់បែក ឬប្រឡាក់ស្នាមកខ្វក់។
  7. លោកអ្នកគួរកម្ចាត់ប្រភព ឬកន្លែងណាដែលបញ្ចេញក្លិនមិនល្អចេញឱ្យស្អាត ដូចជាកន្លែងចោលកាកសំណល់អា​ហារក្នុងចង្រ្កានបាយ និងកន្លែងឆ្កែ ឆ្មាដេកជាដើម។
  8. ឧស្សាហ៍ពិនិត្យមើលគ្រឿងប្រើប្រាស់អគ្គិសនី ខ្សែភ្លើង និងឌុយភ្លើងឱ្យស្ថិតក្នុងសភាពប្រើការបានល្អជានិច្ច។
  9. មើលថែទាំបន្ទប់បាយឱ្យស្អាត និងស្ថិតក្នុងសភាពត្រៀមប្រើការបានជានិច្ច។

ក្រៅពីចំណុចណែនាំខាងលើនេះហើយ លោកអ្នកអាចនឹងបន្ថែមចំណុចខ្លះទៀត ដើម្បីធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយជា​កន្លែងដ៏គួរឱ្យស្វាគមន៍រឹតតែខ្លាំងឡើងដូចជា ការប្រើស្រ្បៃយ៍ដែលមានក្លិនក្រអូប បន្ថែមផ្កាស្រស់ៗនៅក្នុងថូ 2 – 3 ដាក់​លម្អនៅតាមកន្លែងផ្សេងៗនៅក្នុងផ្ទះ ឬនៅកន្លែងទទួលភ្ញៀវជាដើមក៏បាន៕

Advertisement