ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

គ្រប់គ្នា​សុទ្ធតែ​ចង់​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុងអំឡុងពេល​តែមួយ តែ​គិត​ចុះ​គិត​ឡើង​ឃើញថា មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​​ទាំងនោះ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ប្រាកដ​ជាមាន នោះ​គឺ «រៀប​ផែនការ…»។

ការមិន​បាន​រៀប​ផែនការ​សម្រាប់​ការអនុវត្ត​គឺជា​កំហុស​ដ៏​ធំ ហើយ​ការដាក់​គោលដៅ​ខ្ពស់​ពេក​ក៏​រឹតតែ​ធ្វើឱ្យ​អ្នក​ច្របូកច្របល់ និង​ឆាប់​អស់សង្ឃឹម។ ចុងក្រោយ មិនដឹង​ត្រូវ​ចាប់ផ្ដើម​ដោយ​របៀប​ណា។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​សាកល្បង​បែងចែក​គោលដៅនីមួយៗឱ្យដាច់​ដោយឡែក​ពីគ្នា និង​អនុវត្ត​ទៅតាម​កាល​វេលា​ជាក់លាក់ និង​ទៀងទាត់។ ឧទាហរណ៍​ថា អ្នកមាន​គោលដៅធំៗចំនួន​បី​ដែល​ត្រូវតែ​ធ្វើឱ្យបាន​រៀងរាល់​សប្ដាហ៍ រួមមាន សម្រក​ទម្ងន់ រៀន​ជំនាញ​ថ្មី និង​អាន​សៀវភៅ។ ដូច្នេះ​អ្នក​គួរ​កំណត់ថា ថ្ងៃ​ចន្ទ ពុធ សុក្រ ត្រូវ​ហាត់ប្រាណ ខណៈដែល​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​រៀន​ជំនាញ និង​ចុង​សប្ដាហ៍​អាន​សៀវភៅ។

បន្ទាប់ពី​ចេញពី​ធ្វើការ អ្នកណា​ក៏​អស់កម្លាំង​ខ្លាំង ដូច្នេះ​ការរៀប និង​អនុវត្តតាម​ផែនការ តាម​កាលវិភាគ​ឱ្យបាន​​ច្បាស់លាស់ និង​ម៉ឺងម៉ាត់ គឺជា​រឿង​សំខាន់។ ធ្វើបាន​ដូច្នេះ អ្នក​ប្រាកដជា​សម្រេចបាន​គោលដៅ​ដោយ​មិនមាន​ការលំបាក​ខ្លាំង៕

Advertisement