ទិដ្ឋភាព «បើសិន​មនុស្ស​បាញ់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​ទៅលើ​ព្រះអាទិត្យ» (វីដេអូ)

កម្លាំង​បំផ្លាញ​របស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​នៅលើ​ពិភពលោក គឺ​ពិតជា​មហិមា ប៉ុន្តែ នៅតែ​មិនអាច​ធ្វើឱ្យ​ព្រះអាទិត្យ​ប្រែប្រួល​បាន។

ព្រះអាទិត្យ ភាគច្រើន​ត្រូវបាន​បង្កើតឡើង​ពី អ៊ីដ្រូសែន និង អេ​ល្យូ​ម។ កម្ដៅ និង​សម្ពាធ​នៅក្នុង​ស្នូល​របស់​វា​មាន​កម្រិត​ខ្ពស់​ខ្លាំងណាស់ ខ្ពស់​រហូតដល់​ធ្វើឱ្យ​អាតូម​អ៊ីដ្រូសែន ត្រូវ​រួម​ចូលគ្នា ហើយក៏​ក្លាយជា អេ​ល្យូ​ម។ ដំណើរការ​នេះ បាន​បញ្ចេញ​ថាមពល​ដ៏​មហាសាល​ដើម្បី​រក្សា​សកម្មភាព​របស់​ព្រះអាទិត្យ។ នេះ​ត្រូវបាន​គេ​ហៅថា ប្រតិកម្ម​នុយ​ក្លេ​អែរ។

ដោយឡែក អាវុធ​ប្រល័យ​លោក​ដែល​ទំនើប​នាបច្ចុប្បន្ន ក៏​សុទ្ធតែ​ទទួលបាន​ថាមពល​ដ៏​មហា​ប្រល័យ​ពី​ដំណើរ​ប្រតិកម្ម​ដូច​ព្រះអាទិត្យ។ នេះ​គឺជា​មូលហេតុ​ដែល​អាវុធ​ទាំងនេះ​ត្រូវបាន​គេ​ហៅថា គ្រាប់បែក​នុយ​ក្លេ​អែរ។

ប្រមាណ​ជា ៥ ពាន់​លាន​ឆ្នាំ​ទៀត ព្រះអាទិត្យ​នឹង​អស់​សារធាតុ​អ៊ីដ្រូសែន ហើយក៏​ស្លាប់។ នេះ​គឺជា​ដំណឹង​ដ៏​អាក្រក់ រក​អ្វី​មក​ប្រៀប​ពុំបាន​ចំពោះ​ពិភព​ផែនដី ហើយ​សត្វលោក​ទាំងមូល​នឹង​ស្លាប់​ទៅតាម​ព្រះអាទិត្យ។ បើសិន​មនុស្ស​អាច​ស្ថិត​នៅបាន​រហូត​ដល់ពេល​នោះ យើង​នឹងត្រូវ​រក​វិធី​ដើម្បី​ជួយ​ឱ្យ​ព្រះអាទិត្យ​ធ្វើ​សកម្មភាព​បន្ត។

តើ​យើង​អាច​ផ្ដល់​ថាមពល​ឱ្យ​ព្រះអាទិត្យ​ដោយ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ដើម្បី​ជួយ​ឱ្យ​វា​ធ្វើ​សកម្មភាព​ឡើងវិញ​ដែរ ឬទេ?

ដំបូង យើង​ត្រូវ​ប្រមូល​អាវុធ​នុយ​ក្លេ​អែរ​ទាំងអស់​ដែលមាន​នៅលើ​ផែនដី។ តើ​អ្នក​ដឹងថា ឃ្លាំង​អាវុធ​នុយ​ក្លេ​អែរ​របស់​មនុស្ស​ធំ​ដល់​កម្រិតណា​ហើយ ឬ​នៅ?

បច្ចុប្បន្ន ពិភពលោក​ទាំងមូល​មាន​គ្រាប់បែក​នុយ​ក្លេ​អែរ​យ៉ាងតិច ១៣,០០០ គ្រាប់។ ក្នុងនោះ ១ គ្រាប់ៗ មាន​កម្លាំង​ផ្ទុះ​យ៉ាងតិច ១០០ គីឡូ​តុ​ន (kiloton)។ នៅ សហរដ្ឋ​អាម៉េរិក តាម​ការ​គណនា មាន​ប្រហែល ៦៥០ គ្រាប់​ដែលមាន​កម្លាំង​បំផ្លាញ​ខ្លាំង​ជាង ៦០ ដង ធៀប​នឹង​គ្រាប់បែក​ដែល​បាន​ទម្លាក់​នៅ Nagasaki ប្រទេស​ជប៉ុន ក្នុង​សង្គ្រាមលោកលើកទីពីរ។

ឧទាហរណ៍​ថា យើង​បាញ់​គ្រាប់បែក​ទាំងអស់នោះ​សំដៅ​ទៅកាន់​ព្រះអាទិត្យ។ ចូរ​រង់ចាំ​មើលថា តើ​នឹងមាន​អ្វី​កើតឡើង…! ចាំ​បន្តិច…! …ចាំ​បន្តិចទៀត!

ក៏ប៉ុន្តែ ហាក់​ពុំមាន​អ្វី​កើតឡើង​សោះ។ ផ្កាយ​មេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស នៅតែ​បន្ត​ដំណើរការ​នៃ​ការស្លាប់! ហេតុអ្វី​អាច​ទៅជា​យ៉ាងនេះ? គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន ១៣,០០០ គ្រាប់ ដែលមាន​កម្លាំង​ផ្ទុះ​ដ៏​មហិមា តែ​បែរជា​មិន «ស្កៀប​ជើងធ្មេញ​របស់​ព្រះអាទិត្យ» ទៅវិញ។

ជា​រៀងរាល់ ១ វិនាទី ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ច្រើនជាង ៧០ លាន​ដង ធៀប​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​ដែលមាន​នៅលើ​ពិភពលោក។ សូម្បីតែ​នៅពេល​ព្រះអាទិត្យ​អស់ អ៊ីដ្រូសែន ដើម្បី​ប្រមូលផ្ដុំ​ទៅជា អេ​ល្យូ​ម ការបាញ់​គ្រាប់បែក​នុយ​ក្លេ​អែរ​ទាំងអស់​សំដៅ​ទៅលើ​វា ក៏​ប្រៀប​ដូច​ទៅនឹង​ការ​គប់​ឈើគូស ១ ប្រអប់​ចូលទៅក្នុង​ភ្លើងព្រៃ។ វា​ហាក់​មិន​បង្កឱ្យមាន​ការប្រែប្រួល​អ្វី​បន្តិច​សោះឡើយ។

លទ្ធផល​គឺថា «គួរឱ្យ​អស់សង្ឃឹម​ខ្លាំង​ណាស់» សត្វលោក​ទាំងមូល​ត្រូវផុត​ពូជ។ គួរឱ្យ​ស្ដាយ…ក៏ប៉ុន្តែ យ៉ាងហោចណាស់​ក៏​មនុស្ស​មិនបាន​បំផ្លាញ​ព្រះអាទិត្យ៕

កម្លាំង​ផ្ទុះ​របស់​គ្រាប់​បែក​នុយក្លេអែរ
Advertisement