(វីដេអូ)-ហេតុអ្វី​មិនអាច​បើកទ្វារ​របស់​​យន្តហោះ​បាន ពេល​វា​​កំពុង​​ហោះ​ហើរ​​លើ​​អាកាស?

បើសិនជា​បើកទ្វារ​យន្តហោះ​នៅពេល​ស្ថិតនៅលើ​អាកាស នឹង​នាំឱ្យមាន​បញ្ហា​កំហាប់​ខ្យល់​កើតឡើង ធ្វើឱ្យ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ​ត្រូវ​ធ្លាក់ចុះភ្លាមៗ បណ្ដាលឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង និង​ខ្វះ​អុកស៊ីសែន។

យន្តហោះ​ពាណិជ្ជកម្ម​តែង​ហោះហើរ​ក្នុង​រយៈកម្ពស់ ចាប់ពី 9 ដល់ 13 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។ ល្បឿន​នៃ​​ការ​ហោះ​ហើរ​ជា​មធ្យម ចាប់ពី 880 ដល់ 926 គីឡូម៉ែត្រ/ម៉ោង។ ក្នុង​ល្បឿន និង​កម្ពស់​នេះ បើសិនជា​បើកទ្វារ​យន្តហោះ វា​នឹង​បង្កឱ្យមាន​បញ្ហា​កំហាប់​ខ្យល់​ធ្លាក់ចុះ​ខ្លាំង ធ្វើឱ្យ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ​ត្រូវ​ថយចុះភ្លាមៗ បណ្ដាលឱ្យមាន​កម្លាំង​ស្រូប​យ៉ាងខ្លាំង​ក្លា ទាញយក​សម្ភារៈ និង​មនុស្ស​ដែល​មិន​បានដាក់​ខ្សែក្រវាត់ ចេញទៅ​ខាងក្រៅ​យន្តហោះ។ ចំណែក​ឱកាស​នៃ​ការរស់រានមានជីវិត​របស់​អ្នកផ្សេង​ក៏ត្រូវ​ថយចុះ​ទាប ដោយសារតែ​សម្ពាធ​ខ្យល់​ខាងក្នុង​យន្តហោះ និង​ខាងក្រៅ​មិន​ស្មើគ្នា។

ទន្ទឹមនឹងនេះ សីតុណ្ហភាព​ក្នុង​យន្តហោះ​ក៏ត្រូវ​ធ្លាក់ចុះ​យ៉ាង​លឿន រហូតដល់​ធ្វើឱ្យ​ត្រជាក់​ស្ពឹក​អស់​រាងកាយ។ ដោយសារតែ​នៅ​ទី​ខ្ពស់ ខ្យល់​បរិយាកាស​ស្ដើង ឬ​កំហាប់​ខ្យល់​ទាប ទើប​ធ្វើឱ្យ​ខ្វះ​អុកស៊ីសែន នាំឱ្យ​មនុស្ស​មិនអាច​ដកដង្ហើម​បាន។

មនុស្ស​នៅលើ​យន្តហោះ​នឹង​ជួប​គ្រោះថ្នាក់​ដល់​ជីវិត បើសិន​ក្នុងអំឡុង​ចាប់ពី 15 ដល់ 20 វិនាទី​ពុំបាន​ពាក់​ឧបករណ៍​ជំនួយ​អុកស៊ីសែន។ អ្នក​ខ្វះ​អុកស៊ីសែន នឹងត្រូវ​វិលមុខ បាត់បង់​ស្មារតី ចង្វាក់បេះដូង​ដើរ​យឺត រួច​ក៏​ស្លាប់។

ទ្វារយន្តហោះ

ក៏ប៉ុន្តែ ជាក់ស្ដែង គេ​មិន​ងាយ​នឹង​អាច​បើកទ្វារ​យន្តហោះ​នៅលើ​អាកាស​នោះឡើយ។ ព្រោះថា នៅក្នុង​អំឡុងពេល​ហោះហើរ បរិយាកាស​ខាងក្នុង​យន្តហោះ​ត្រូវបាន​បង្ហាប់​យ៉ាង​ណែន ដើម្បី​រក្សា​សម្ពាធ​ខ្យល់​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ដែល​មនុស្ស​អាចរ​ស់បាន។ ដូច្នេះ សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ ខ្ពស់ជាង​ច្រើន​បើ​ធៀប​នឹង​សម្ពាធ​ខ្យល់​នៅ​ខាងក្រៅ។

នៅក្នុង​កម្ពស់​ជាទូទៅ កម្រិត​មធ្យម​នៃ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ​គឺ 3.3 ផោន (ប្រហែល 1.5 គីឡូក្រាម) លើ​មួយ​អ៊ិ​ញ​ក្រឡា (ប្រហែល 6.5 សង់ទីម៉ែត្រ​ក្រឡា)។ សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ មាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា​ទ្វារ​ដែល​បាន​បិទ​សោ ឱ្យ​ស្ថិតនៅត្រង់​កន្លែង​ដើម។

ទ្វារ​សម្រាប់​អ្នកដំណើរ តាម​ស្ដង់ដា​គឺ​តែងតែមាន​កម្ពស់ 1.8 ម៉ែត្រ និង​ទទឹង 1 ម៉ែត្រ។ ដើម្បី​អាច​បើកទ្វារ​នេះ​បាន គេ​ត្រូវ​ប្រើ​កម្លាំង​យ៉ាងតិច 11,340 គីឡូក្រាម ពោលគឺ​ជិត​ស្មើនឹង​ទម្ងន់​របស់​ដំរីទឹក​ចំនួន 6 ក្បាល​បូក​ចូលគ្នា។

ដំរី​ទឹក​

ក្រៅពី​សម្ពាធ​ខ្យល់​ដ៏​ខ្ពស់ យន្តការ​សុវត្ថិភាព​របស់​ទ្វារ​យន្តហោះ​គឺ​សោ​អេឡិចត្រូនិក ហើយ​មានតែ​ប្រធាន​​ក្រុម​​បើកបរ​​យន្ត​ហោះ​​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​បញ្ជា​តាមរយៈ​ឧបករណ៍​បច្ចេកវិទ្យា​ក្នុង​បន្ទប់​បើកបរ។

ប្រអប់​សោ និង​ខ្ចៅ​នានា​ស្ថិតនៅ​ជ្រៅ​ខាងក្នុង​យន្តហោះ ដូច្នេះ​វា​មិន​ងាយ​នឹងត្រូវ​ផ្ទាត់​ចេញមកក្រៅ ឬ​ត្រូវ​បំផ្លាញ​ដោយសារ​កម្លាំង​នោះឡើយ។ ចំណែក​ផ្នែក​ខាងក្រៅ​របស់​ទ្វារ​យន្តហោះ ត្រូវបាន​រចនា​ជា​រាង​តូច​ជាង​ផ្នែក​ខាងក្នុង ដូច្នេះ​ពុំមាន​អ្នកណាម្នាក់​អាច​បើកទ្វារ​យន្តហោះ​ដែល​បាន​បិទ ពី​ខាងក្នុង​នោះទេ។

ចង់​បើកទ្វារ​យន្តហោះ​បាន ដំបូង​គេ​ត្រូវ​ទាញ​ទ្វារ​ចូលមក​ខាងក្នុង បង្វិល​គន្លឹះ និង​រុញ​វា​ទៅ​ក្រៅ។ អ្វី​ទាំងនេះ ធ្វើឱ្យ​យើង​មិនអាច​បើកទ្វារ​បាន​នៅពេល​យន្តហោះ​ស្ថិតនៅលើ​អាកាស។ យ៉ាងនេះ​ក្ដី នៅតែមាន​ករណី​ព្យាយាម​បើកទ្វារ​យន្តហោះ​នៅពេល​កំពុង​ហោះហើរ។

កាលពី​ថ្ងៃទី 6 កក្កដា ឆ្នាំ 2021 ស្ត្រី​អ្នកដំណើរ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ដោយសារតែ​បាន​ព្យាយាម​បើកទ្វារ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ដែល​កំពុង​ហោះហើរ​ពី Dallas ទៅកាន់ Charlotte។

វិធី​តែមួយគត់​ដើម្បី​បើកទ្វារ​យន្តហោះ​នៅលើ​អាកាស គឺ​ការបញ្ចុះ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ ឬ​រង់ចាំ​ដល់ពេល​យន្តហោះ​បន្ទាបខ្លួន។ វិធី​ទាំងពីរ​ខាងលើ សុទ្ធតែ​ធ្វើឱ្យ​កំហាប់​ខ្យល់​ក្នុង​យន្តហោះ​ថយចុះ និង​ត្រូវការ​កម្លាំង​តិចជាង ដើម្បី​បើកទ្វារ។

ក្នុងករណី​អ្នកដំណើរ​ព្យាយាម​បើកទ្វារ​យន្តហោះ អ្នកបើកបរ​នឹង​បញ្ជា​ឱ្យ​យន្តហោះ​ចុះចត​បន្ទាន់។ អ្នក​ព្យាយាម​បើកទ្វារ​នឹងត្រូវ​បាន​រារាំង​ដោយ​បុគ្គលិក​នៃ​ក្រុម​ហោះហើរ និង​អ្នកដំណើរ​ដទៃទៀត។

អ្នក​មិនគួរ​ព្រួយបារម្ភ​ពេក​នោះទេ នៅ​ពេល​មាន​អ្នកណាម្នាក់​កំពុង​ព្យាយាម​បើកទ្វារ​របស់​​យន្តហោះ​ក្នុង​គ្រា​កំពុង​ហោះហើរ​លើ​អាកាស។ ចូរ​អង្គុយ​នៅលើ​កៅអី​របស់​អ្នក ហើយ​សម្រាកកាយ ទុកឱ្យ​យន្តហោះ​បន្តដំណើរ​ទៅមុខ៕

Advertisement