ស្រស់ស្អាត​បែបសប្បាយៗ ស្រួលខ្លួន ជាមួយនឹង​កាបូប​ធ្វើដំណើរ

នារីៗយើង​ណាដែល​ត្រូវ​ធ្វើដំណើរឆ្ងាយៗញឹកញាប់ អាច​ប្រហែល​ជាមាន​បញ្ហាក្នុង​រឿង​រៀបចំ​សម្លៀកបំពាក់​ដាក់​ក្នុង​វ៉ា​លី​ស ឬ​កាបូប​ធ្វើដំណើរខ្លះៗជាមិនខាន ដូច្នេះ​ថ្ងៃនេះ សូម​មក​មើល​ការណែនាំ ក្នុងការ​រៀបចំ​កាបូប​ធ្វើដំណើរ បែបសប្បាយៗ មិន​ញ៉ុ​ក​ណែន​ជ្រុល​ពេក ដើម្បីឱ្យ​អ្នកនាង​បាន​យក​សម្លៀកបំពាក់​ឈុតស្អាតៗ ទៅ​ស្លៀក​យ៉ាង​ឆើតឆាយ គ្រប់​ដំណើរ​ទៅ​ទីជិត-ឆ្ងាយ​ទាំងឡាយ​បាន​យ៉ាង​សប្បាយចិត្ត។

-ចំណាយលុយ​ទិញ​វ៉ា​លី​ស ឬ​កាបូប​ធ្វើដំណើរ​ណា ដែលមាន​ទម្ងន់​ស្រាល៖ សម័យនេះ មាន​កាបូប​ធ្វើដំណើរ(វ៉ា​លី​ស) ដែល​ផលិតឡើង​ពី​វត្ថុធាតុដើម ដែលមាន​ទម្ងន់​ស្រាល និង​ងាយស្រួល​ក្នុងការ​យួរ ឬ​យកតាម​ខ្លួន សម្រាប់​ឱ្យ​យើង​ជ្រើសរើស​ទិញ​ប្រើ ច្រើន​ម៉ូដ ច្រើន​ម៉ាក​ណាស់ ដូច្នេះ​គួរ​ចំណាយ​ប្រាក់​ទិញ​កាបូប​ណាមួយ ដែល​គិតថា​សក្តិសម​នឹង​ខ្លួន​អ្នក​ទៅ តែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ទៅហើយ។

-ដាក់​តាម​ខ្លួន នូវ​កាបូបស្ពាយ​បន្ថែម​មួយទៀត៖ ជ្រើស​រើសយក​កាបូបស្ពាយ​ធំ​ល្មម​មួយ ដែលមាន​ម៉ូដ​ស្អាត តែ​ផ្ទុក​របស់​បាន​ច្រើន នោះ​អ្នកនឹង​បាន​កាបូប​ស្អាត​មួយ ទុក​ស្ពាយ​ពេលធ្វើ​ដំណើរ​ទៅ​លំហែកាយ ឬ​ទៅ​ធ្វើការ​នៅតាម​ខេត្ត​យ៉ាង​ងាយស្រួល​មិន​ខាន។

-ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ធ្ងន់​ជាងគេ​បំផុត៖ បើ​ត្រូវ​ឡើង​យន្តហោះ បើ​មាន​អាវធំ​ក្រៅ ឬ​អាវ​ជេ​ក​ខេ​ត ដែល​ត្រូវ​យកទៅ​ដែរនោះ ក៏​ពាក់​វា​ជាប់​នឹង​ខ្លួន​តែម្តងទៅ ដើម្បី​កាត់បន្ថយ​ទម្ងន់​របស់​កាបូប​ធ្វើដំណើរ។ ខោ​ខូវប៊យ និង​ស្បែកជើង​ប៊ូ​ត-កវែង ក៏​ជា​អ្វីដែល​អ្នក​គួរ​ស្លៀក សម្រាប់​ការធ្វើដំណើរ​ដែរ។

-សង្កត់ធ្ងន់​លើ​អាវ និង​រ៉ូ​ប​ដ្រេ​ស៖ អ្នក​អាច​យក​ខោ​ទៅ​តែ 1ឬ2 បាន​ហើយ ក្នុងអំឡុងពេល​ធ្វើដំណើ​រខ្លីៗ បន្ទាប់ពីនោះ​កន្លែង​ដែល​នៅសល់​ក្នុង​វ៉ា​លី​ស ក៏​ចាត់ការ​ដាក់​អាវ និង​សម្លៀកបំពាក់​ឈុត ដែល​ត្រូវ​ស្លៀក​ឱ្យបាន​រៀបរយ។

-កំណត់​ចំនួន​វត្ថុ​តុបតែង​ខ្លួន បន្ទាប់បន្សំ៖ សូម​ណែនាំ​ឱ្យ​យកទៅ តែ​គ្រឿង​តុបតែង​ខ្លួន​ណា​ដែលស្អាតៗ និង​ស៊ីគ្នា​ជាមួយ​សម្លៀកបំពាក់​ឈុត​ដែល​អ្នក​យកទៅ​ដែរនោះ​បាន​ហើយ វា​នឹង​ជួយ​សន្សំសំចៃ​ទីកន្លែង​នៅក្នុង​វ៉ា​លី​សបាន​ច្រើន​ផង។

-គ្រឿង​ម៉េ​ក​អាប់  ឬ​គ្រឿងសម្អាង និង​គ្រឿង​ប្រើប្រាស់​ចាំបាច់​ផ្ទាល់ខ្លួន៖ គួររៀបចំ​ជា​ឈុត ទុក​សម្រាប់​ប់​ការធ្វើដំណើរ​ជាស្រេច។

តាមរយៈ​វិធី ដែល​បាន​រៀបរាប់​មក​ខាងលើ ធានាថា លោកអ្នក ឬនារីៗយើង នឹង​បាន​សប្បាយ​ស្រួលខ្លួន មិនចាំបាច់​កង្វល់ ខ្លាច​មិនបាន​យក​សម្លៀកបំពាក់ល្អៗ ឬ​វត្ថុ​ប្រើប្រាស់​ចាំបាច់​ណា​ទៅជា​មួយ​ឡើយ ហើយនឹង​បាន​រីករាយ​ក្នុង​ដំណើរឆ្ងាយៗនោះ​ជាមិនខាន៕

Advertisement