ការរៀបចំ​តុបតែង​ផ្ទះ ឱ្យ​គួរ​ចង់​ស្នាក់នៅ

ការរៀបចំ​តុបតែង​ផ្ទះ ឱ្យ​គួរ​ចង់​ស្នាក់នៅ មាន​បច្ច័យ​ច្រើនយ៉ាង​រួម​ប្រកប​ចូលគ្នា ដោយ​បែង​ជាគោលការណ៍សំខាន់ៗ ត្រួសៗដូចខាងក្រោម​នេះ…៖

  1. សុវត្ថិភាព

ជ្រើសរើស​ប្រើ​គ្រឿង​តុបតែង​ផ្ទះ​ណា ដែល​គ្មាន​ជ្រុង​មុត​ស្រួច មិន​ងាយ​បាក់បែក មិន​ទើស​ទែង​ផ្លូវ​ដើរ មិន​ធ្វើឱ្យ​សឹករេចរឹល​កម្រាល​ឥដ្ឋ ឬ​ធ្វើឱ្យ​កាំជណ្តើរ​រលោង​ជ្រុល​ពេក រហូត​អាច​បណ្តាលឱ្យក្មេងៗដើរ​រ​អឹ​ល​ដួល រួមទាំង​ការបំពាក់​ឧបករណ៍​គ្រឿងអគ្គិសនី និង​ខ្សែភ្លើង ឱ្យ​ស្ថិតក្នុង​សភាព​មាន​សុវត្ថិភាព​ផង។

  1. ត្រូវ​នឹង​សុខលក្ខណៈ និង​ស្អាតបាត

រៀបចំ​ឱ្យមាន​ខ្យល់អាកាស​បក់​ចេញ-ចូល និង​មាន​ពន្លឺ​ភ្លឺ​គ្រប់គ្រាន់ រួមទាំង​ជូត​សម្អាត​គ្រឿង​តុបតែង​ផ្ទះ​ឱ្យបាន​ស្អាតជាប់​ជានិច្ច​ផង។

  1. ងាយស្រួល​ក្នុងការ​ប្រើប្រាស់

ត្រូវ​គិតដល់​ភាពងាយស្រួល​ក្នុងការ​រៀបចំ​ធ្វើ​ពិធីផ្សេងៗ រៀបចំ​ឱ្យមាន​ទីកន្លែង​ទំនេរ និង​ទុកដាក់​របស់របរ ឱ្យ​ត្រូវ​តាម​កន្លែង​ដើម្បី​ងាយស្រួល​ចាប់យក​មកប្រើប្រាស់។

  1. ភាព​ស្រួល សប្បាយ

រៀបចំផ្ទះ ឱ្យមាន​ប្រដាប់​ការពារ​ភាព​ចាំង​ខ្លាំង​របស់​ពន្លឺ​ថ្ងៃ ដូចជា វាំងនន  មាន​ប្រឡោះ​បំ​ភាយ​កម្ដៅ​ចេញពី​ខាងក្នុង​ផ្ទះ និង​ឱ្យ​ខ្យល់អាកាស បក់​ចេញ-ចូល​បាន​ងាយស្រួល  អាច​មើលឃើញ​ទេសភាព​ខាងក្រៅ​ផ្ទះ ដែល​នឹង​ធ្វើឱ្យ​យើង​សប្បាយរីករាយ​ចិត្តបាន​ផង។

  1. មាន​របៀបរៀបរយ និង​ស្រស់ស្អាត

របស់របរ​តុបតែង​មាន​ច្រើន​ជ្រុល​ពេក និង​ទុកដាក់​គ្មាន​របៀប នឹង​ធ្វើឱ្យ​ភាពស្រស់ស្អាត​ខាងក្នុង​ផ្ទះ បាត់​បង់អស់  ហើយ​ជាពិសេស​រឿង​ពណ៌ ក៏មាន​ភាព​សំខាន់​ក្នុងការ​តុបតែង​ផ្ទះ​ដែរ។ ក្រៅពីនោះ គួរ​នាំយក​ផ្កាស្អាតៗ និង​រូបភាពផ្សេងៗ មក​តុបតែង​លម្អ​ដើម្បី​ភាពស្រស់ស្អាត​ផង។

  1. សន្សំសំចៃ

ត្រូវ​នឹក​ដល់​ការ​សន្សំសំចៃ​ផង ទាំង​ពេលវេលា កម្លាំង និង​លុយកាក់ រួមទាំង​ការមើល​ថែទាំ​សម្អាត តម្លៃ​វត្ថុ របស់របរ​ដែល​ចង់​ទិញ យកមក​តុបតែង​ផង តាមរយៈ​ការច្នៃប្រឌិត ឬ​យក​របស់​ដែលមាន​ស្រាប់ មក​ជូត​សម្អាត ដុសខាត់ លាប​ពណ៌​ជាថ្មី ឱ្យ​ស្អាត​មក​ដាក់តាំង​លម្អ​ឡើងវិញ​ជាដើម៕

Advertisement