ហេតុផល 10យ៉ាង ដែល​ក្មេង​ត្រូវតែ​អាន និង​ស្តាប់​រឿងព្រេង​និទាន

1-រឿងនិទាន ជា​ថ្នាល​បណ្តុះ​សីលធម៌​នៅក្នុង​ជីវិត…ក្នុង​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា ជនជាតិ​បរទេស ក៏មាន​រឿងនិទាន​អប់រំ “អ៊ី​សុ​ប”(រឿងនិទាន​បែប​អប់រំ​ប្រៀនប្រដៅ)តាំងពី​ជាង 3ពាន់​ឆ្នាំ​មកហើយ ឯ​ជនជាតិខ្មែរ​យើង ក៏មាន​រឿងព្រេង​និទានចាស់ៗ ដែល​អប់រំ​ប្រៀនប្រដៅ​ពី​សីលធម៌​ជាច្រើន ដូចគ្នា​ដែរ។

2-រឿងនិទាន​ធ្វើឱ្យ​កុមារ​មាន​អារម្មណ៍​ថា មិនមែនជា​ការបង្រៀន…ដូចជា​រឿង រាជ​សី​ហ៏ និង​សត្វ​កណ្តុរ ជាដើម គឺជា​ឧទាហរណ៍​យ៉ាងច្បាស់​លាស់​ក្នុងការ​រស់នៅ ដែល​យើង​ចូលចិត្ត​ប្រដៅក្មេងៗថា មនុស្ស​មាឌធំ ត្រូវ​ចេះ​ជួយ​មនុស្ស​មាឌតូច អ្នកមាន​ច្រើនជាង ត្រូវ​ជួយ​អ្នកមាន​តិចជាង តែ​រឿងនេះ​បាន​ប្រៀនប្រដៅ​ថា មនុស្ស​មាឌតូច ក៏ត្រូវ​ចេះ​ជួយ​យឹតយោង​មនុស្ស​មាឌធំ ក្នុង​លក្ខខណ្ឌ​ដែល​អាចជួយ​បាន​ផងដែរ។

3-រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាង​នៅក្នុង​ជីវិត…មិនមែន​គ្រាន់តែ​ជាការ​ស្រមៃ មិនមែន​គ្រាន់តែ​ជាការ​នឹកឃើញ​ឡើយ តែ​ជា​រឿង​ពិត​ផ្ទាល់​របស់​ជីវិត។ រឿងនិទាន គឺជា​ស្ពាន​មួយ​សំខាន់​ណាស់ និង​ល្អ​ប្រពៃ​ណាស់ ដែល​មនុស្ស​ធំ ត​ភ្ជាប់​ទៅដល់​កុមារ ធ្វើឱ្យ​មនុស្ស​ធំ អាច​ចូលទៅ​នៅក្នុង​ចិត្ត​របស់​កុមារ​បាន​យ៉ាង​ប៉ិនប្រសប់។

4-រឿងនិទាន​ជាច្រើន បាន​និយាយ​អំពី​ភាពជា​មនុស្ស​ថា…ត្រូវតែ​ធ្វើជា​មនុស្ស​រឹងប៉ឹង ត្រូវ​ធ្វើជា​អ្នក​នាំមុខ​ក្នុងការ​ដឹកនាំ​ជីវិត​ខ្លួនឯង និង​អ្នក​ឯទៀត ឆ្ពោះទៅរក​ជីវិត​ដែល​ល្អ​ប្រសើរឡើង ដូចជា​រឿង ខ្លាឃ្មុំ​ឈឺធ្មេញ បាន​បង្រៀន​យើង​ឱ្យដឹងថា បើ​បរិភោគ​អាហារ​ដែលមាន​ប្រ​យោ​ជ​ន៏ នឹងធ្វើ​ឱ្យមាន​សុខភាព​ល្អ ឬ​ដូចជា​រឿង “កូនដំរី​ចិត្តល្អ” បាន​បង្រៀន​ក្មេង​ឱ្យដឹងថា បើ​យើង​ជា​ក្មេង​ខូចខិល​អាក្រក់ យើង​នឹង​គ្មាន​មិត្តភក្តិ​ឡើយ។ សរុបទៅ​រឿងនិទាន​ទាំងអស់ សុទ្ធតែ​បង្រៀន​អំពី​សីលធម៌ និង​ចរិយា​ធម៌។

5-រឿងនិទាន​ខ្លះ និយាយ​ពី​រឿង​វប្បធម៌ និង​ការរស់នៅ…ជាការ​បើកចំហ​ពិភព​នៃ​ការរៀន​យល់ដឹង​ដល់​កុមារ ធ្វើឱ្យ​កុមារ​ដឹងថា នៅទីណា គេ​មាន​វប្បធម៌​រស់នៅ របៀប​ម៉េច?

6-ឧ​ទា​ហរ​ណ៏​នៃ​រឿង “ទន្សាយ​ផ្អើល​ផ្លែ​ព្នៅ”…សង្គម​បច្ចុប្បន្ន ជា​សង្គម​ផ្អើល​ផ្លែ​ព្នៅ មិនបាន​ទៅ​មើល​ចំណុចកើតហេតុ​ថា តើ​វា​មានរឿង​អ្វី​កើតឡើង​នោះទេ តែ​រត់​ទៅមុន​សិន ផ្អើល​ទៅមុន​សិន រងគ្រោះ​មុន​សិន រួច​បានមក​ប្រាប់​គ្នា​តាម​ក្រោយ។ រឿងនេះ វា​ស្ថិតនៅលើ​យើង អាច​យក​ឧ​ត្ត​ម​គតិ​របស់​រឿង មក​ប្រៀនប្រដៅ​ក្មេង បាន​ឬក៏​អត់?

7-រឿងនិទាន​សាង​សម្ព័ន្ធភាព​នៅក្នុង​ក្រុមគ្រួសារ…ទោះជា​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ជី​វឹត​ប្រចាំថ្ងៃ បាន​សាង​នូវ​សម្ព័ន្ធភាព​ដ៏​ល្អ​បាន​មួយកម្រិត​ហើយ​មែន តែបើ​យើង​នៅមាន​សាច់រឿង ដែល​ស្តាប់ទៅ​រីករាយ មានពាក្យពីរោះៗ ដែល​វា​នឹង​អូសទាញ​ចិត្ត​កុមារ ក្នុងការ​ស្តាប់ និង​ជក់ចិត្ត​កាន់តែខ្លាំង​ឡើង​ទៀត។

8-ឧបមា​ថា អ្នក​ម្តាយ​ម្នាក់​មានរឿង​និទាន “អ៊ី​សុ​ប” នៅក្នុង​ចិត្ត…គាត់​នឹង​បង្រៀន​កូន​បាន​គ្រប់​រឿង​ថា តើ​ត្រូវ​រស់នៅ​យ៉ាងម៉េច? ត្រូវ​ធ្វើខ្លួន​យ៉ាងម៉េច​ឱ្យមាន​វិន័យ? គឺអាច​និយាយ​រឿងនិទាន​បានជារឿយៗ មិនចាំបាច់​អង្គុយ​ប្រដៅ ម្តង​មួយ​ដំណាក់កាល​ឡើយ។

9-ពេល​និយាយ​រឿងនិទាន កូន​នឹង​នៅ​នែបនិត្យ ជិត​អ្នក​ម្តាយ…មុនពេល​គេង គឺជា​អំឡុងពេល​ដ៏​អស្ចារ្យ​ណាស់ ព្រោះ​ជា​ពេលវេលាសប្បាយៗ ម្តាយ​បាន​និយាយ​ជាមួយ​កូន និទានរឿង ចាប់ដៃ​កូន អោប​កូន​ខណៈពេល​និទានរឿង ហើយ​កូន​នឹង​បានដឹងថា សេចក្តីស្រឡាញ់ ដែល​ម្តាយ​ផ្តល់ឱ្យ​នោះ វា​យ៉ាងម៉េច​ទៀតផង។

10-ការនិយាយ​រឿងនិទាន គឺជា​ការ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុមគ្រួសារ…ជាការ​ចំណាយ​តិច តែ​បាន​ទទួលផល​ប្រ​យោ​ជ​ន៏​ខាង​បញ្ញា​ច្រើនណាស់ ដូច្នេះ​លោកឪពុក-អ្នក​ម្តាយ គួរ​ចំណាយពេល​និទានរឿង​ឱ្យ​កូន​ស្តាប់ ព្រោះ​អ្វីដែល​ទទួលបាន​នោះ វា​ច្រើន​លើសលប់​អស្ចារ្យ​ណាស់ ៕

 

Advertisement