ហុងស៊ុយ​បន្ទប់ផ្សេងៗក្នុងផ្ទះ  បើ​រៀបចំ​ត្រូវ នឹងមានហេង!

មនុស្ស​ជាច្រើន​គិតថា ការរៀបចំ​ផ្ទះ​ឱ្យមាន​ហុងស៊ុយ គឺជា​រឿង​មួយ ដែល​ហាក់ដូចជា​ស្មុគស្មាញ និង​ច្របូកច្របល់​ណាស់ ទើបបាន​ត្រឹមតែ​ស្តាប់ ហើយក៏​បណ្តោយឱ្យ​រំលង​ចោល​ទៅ ទាំង​នៅក្នុង​ចិត្ត​វិញ ក៏​នឹក​ចង់​សាកល្បង​ផ្លាស់ប្តូរ​ស្ទីល​ការរៀបចំ​ផ្ទះ ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​នឹង​គេ​ដូចគ្នា​ដែរ ។ ការពិត​ការរៀបចំ​ហុងស៊ុយ​ផ្ទះ មិនមែន​សុទ្ធតែ​ពិបាក​ទាំងអស់​នោះទេ ថ្ងៃនេះ​យើង​មាន​វិធីងាយៗក្នុងការ​រៀបចំ​បន្ទប់ផ្សេងៗនៅក្នុង​ផ្ទះ ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ មក​ជម្រាបជូន​មិត្ត​អ្នកអាន​ដូចតទៅ៖

ហុងស៊ុយ​បន្ទប់​គេង

ក្នុង​បន្ទប់​គេង គួររៀបចំ​ដាក់​គ្រែ​ឱ្យ​ឆ្ងាយ​ពី​ជញ្ជាំង​ទាំងសងខាង និង​មិនគួរ​ដាក់​គ្រែ​នៅ​កន្លែង​ដែល​ជិត​មាត់​បង្អួច និង​ថែមទាំង​មិនគួរ​ដាក់​គ្រែ​ឱ្យចំ​ទ្វារ​ចូល​ដែរ មិនគួរ​ព្យួរ​រូបភាពធំៗ ឬ​របស់ធ្ងន់ៗនៅលើ​ក្បាល​ដំណេក​ឡើយ។ រៀងរាល់​លើក មុនពេល​គេង ត្រូវ​បិទទ្វារ​ទូ​ដាក់​សម្លៀកបំពាក់ និង​ទ្វារ​បន្ទប់ទឹក​ឱ្យ​ជិត និង​ដែល​សំខាន់​នោះ គួរ​រក​ដើមឈើផ្សេងៗ ដូច​ជាដើម​ប្រទាល​សេដ្ឋី ដើម​អណ្តាត​នាគ ឬ​កូនដើម​ដូង​លឿង មក​ដាក់​ក្នុង​បន្ទប់​គេង​ផង  ដើម្បីឱ្យ​បន្ទប់​គេង​មើលទៅ​មានជីវិត​ជីវ៉ា ហើយ​ដើមឈើ​ទាំងនេះ ថែមទាំង​ជួយ​បឺត​យក​សារធាតុពុល និង​សម្រួល​ធាតុអាកាស​ក្នុង​បន្ទប់​គេង ឱ្យបាន​កាន់តែ​ស្អាត​បរិសុទ្ធ​ឡើង​ទៀតផង។

ហុងស៊ុយ​បន្ទប់ធ្វើការ​ក្នុងផ្ទះ

បើ​នៅ​ក្នុងផ្ទះ មាន​បន្ទប់ធ្វើការ ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ប្រើប្រាស់​វា​ញឹកញាប់​ផងដែរ​នោះ ក៏​គួរតែរៀបចំ​បន្ទប់ធ្វើកា​រ តាម​ក្បួន​ហុងស៊ុយ​ផង ដោយ​ព្យាយាម​កុំ​ដាក់​តុ​ធ្វើការ​ឱ្យចំ​ទ្វារ ផ្លូវចេញចូលចំៗពេក។ រៀបចំ​សណ្តាប់ធ្នាប់​តុ​ធ្វើការ​ឱ្យបាន​ស្អាត​ជានិច្ច និង​តុបតែង​តុ​ធ្វើការ ដោយ​ពណ៌​ស្វាយ ឬ​ខ្មៅ  ដើម្បី​ឱ្យជួយ​ជំរុញ​កម្លាំងចិត្ត និង​ភាពស្វាហាប់ និង​ដែល​សំខាន់​នោះ សូមកុំ​ភ្លេច​រក​ថូផ្កា​មក​ដាក់​លម្អ​ផង ដើម្បី​សម្រួល​តុល្យភាព​ថាមពល​ការងារ មិនឱ្យ​តានតឹង ធុញថប់​ជ្រុល​ពេក និង​ជួយ​ឱ្យ​លោក​អ្នកមាន​ថាមពល​ក្នុងការ​ធ្វើការ បាន​ច្រើនឡើង​ទៀតផង។

ហុងស៊ុយ​បន្ទប់ទទួលភ្ញៀវ

បន្ទប់ទទួលភ្ញៀវ គួររៀបចំ​តុបតែង​ឱ្យមាន​បរិយាកាស​កក់ក្តៅ លោកអ្នក​អាច​តុបតែង​តាម​ស្ទីល​របស់ខ្លួន​អ្នក​ក៏បាន តែ​គួរ​យក​ផ្ទាំង​រូបថត​ក្រុមគ្រួសារ រូបថត​ពេល​រៀបការ ឬ​រូប​ណា​ដែល​មើលឃើញ​ហើយ ផ្តល់នូវ​អារម្មណ៍​កក់ក្តៅ មក​តុបតែង​លម្អ​ផង។ ក្រៅពីនេះ គួរ​បើក​វាំងនន​ឱ្យ​ពន្លឺ​ពី​ធម្មជាតិ​បាន​ចាំង​ចូលមកក្នុង​បន្ទប់ទទួលភ្ញៀវ​ឱ្យបាន​ច្រើន​បំផុត ចៀសវាង​ការបើក​ភ្លើងអគ្គិសនី​គ្រប់ពេល​រហូត ព្រោះ​វា​នឹង​រឹតតែ​ធ្វើឱ្យ​ថាមពល “ស៊ី” មាន​ភាពស្មុគស្មាញ អាច​នឹង​នាំ​ជីវិត​ឱ្យ​រញ៉េរញ៉ៃ​ទៅ​ដែរ។

ហុងស៊ុយ​បន្ទប់​ចង្ក្រាន​បាយ

គ្រប់​ចំណែក​នៅក្នុង​ផ្ទះ គួរតែ​ស្អាតបាត​រៀបរយ​ជានិច្ច សូម្បីតែ​ចង្ក្រាន​បាយ​ក៏ដោយ ជាពិសេស​ថតតុ ថតទូ​ដែល​ទុកដាក់​អីវ៉ាន់ និង​របស់​ប្រើប្រាស់​ក្នុង​ចង្ក្រាន​គ្រប់​ប្រភេទ ចំណែក​តុ​ត្រៀម​រៀបចំ​អាហារ ក៏​ត្រូវតែ​ស្អាត​រៀបរយ​ដូចគ្នា​ដែរ។ ក្រៅពីនេះ គួរ​តុបតែង​បន្ទប់​ចង្ក្រាន​បាយ​ដោយ​ពណ៌​បៃតង ជា​ពណ៌​គោល ឬក៏​ចង់យក​ដើមឈើ​ពណ៌​បៃតងខ្ចី​មក​ដាក់​លម្អ​ក្នុង​បន្ទប់​ចង្ក្រាន​បាយ ក៏​រឹតតែ​ល្អ​ដែរ។ តុ​រៀបចំ​ធ្វើ​ម្ហូប គួរ​បែរមុខ​ទៅរក​មាត់ទ្វារ ដើម្បី​ទទួលយក​ថាមពល “ស៊ី” បាន​យ៉ាង​ពេញទំហឹង តែ​បើសិនជា​មិនអាច​បែរមុខ ទៅរក​មាត់ទ្វារ​បានទេ​នោះ ក៏​គួរ​រក​កញ្ចក់​មក​ដាក់​ជាប់​ជញ្ជាំង​មួយ​ផ្ទាំង ឱ្យ​ឆ្លុះ​ទៅ​មើលឃើញ​មាត់ទ្វារ​ចេញចូល​បន្ទប់​ចង្ក្រាន​បាយ​បាន ក៏បាន​ដែរ។

ហុងស៊ុយ​បន្ទប់ទឹក

យើង​ប្រើប្រាស់​បន្ទប់ទឹក​ក្នុងការ​សម្អាត​ខ្លួនប្រាណ និង​បន្ធូរ​អារម្មណ៍​ក្នុងពេល​ជាមួយគ្នា ដូច្នេះ​នៅក្នុង​ចំណែក​នេះ គួរតែ​ត្រូវបាន​សម្អាត​ឱ្យបាន​ស្អាត​រៀបរយ​ជានិច្ច និង​គួរ​តុបតែង​ដោយ​ពណ៌​ផ្ទៃមេឃ​ជា​ពណ៌​គោល ដើម្បីឱ្យ​ពេល​យើង​ចូលទៅ​ប្រើការ ឬ​នៅក្នុង​បន្ទប់ទឹក នឹងមាន​អារម្មណ៍​ធូរស្រាល និង​ត្រជាក់​ស្រួល​ទាំង​កាយ និង​ចិត្ត។

ហុងស៊ុយ​ទូ​ដាក់​សម្លៀកបំពាក់

បើ​លោក​អ្នកមាន​អារម្មណ៍​ថា សម្រាន្ត​មិនសូវ​លក់ ឬ​ដូចជា​មិន​ចង់​នៅក្នុង​បន្ទប់​គេង​ប៉ុន្មាន​នោះ ចូរ​សាកល្បង​បើក​ទូ​ដាក់​ខោអាវ ហើយ​រក​ពេលវេលា​រៀបចំ​សម្អាត​ទូ​សម្លៀកបំពាក់ ឱ្យមាន​របៀបរៀបរយ​ម្តង​មើល៍ ដូចជា សម្លៀកបំពាក់​ណា​លែង​ពាក់​ហើយ ក៏​គួរតែ​យក​ចេញពី​ក្នុង​ទូ ទុក​យកទៅ​បរិច្ចាគ​ក៏បាន និង​ព្យាយាម​រៀបចំ​ឱ្យ​ក្នុង​ទូ​ដាក់​សម្លៀកបំពាក់ មាន​ទីកន្លែង​ទំនេរ​ខ្លះ​ផង ដើម្បីឱ្យ​ថាមពល “ស៊ី” ហូរ​វិល​ចូលមក​បាន​ស្រួល​ឡើង។

ឃើញ​ទេ ថា ការរៀបចំ​ផ្ទះ តាម​ក្បួន​ហុងស៊ុយ មិនមាន​លំបាកលំបិន​ត្រង់ណា​ឡើយ គ្រាន់តែ​រំកិល​ឧបករណ៍ប្រើប្រាស់ ទៅ​ដាក់​ឱ្យចំ​កន្លែង​ដែល​ត្រឹមត្រូវ និង​តុបតែង​លម្អ​ដោយ​ពណ៌​ដែល​សក្តិសម រួមទាំង​បន្ថែម​របស់​លម្អផ្សេងៗបន្តិចបន្តួច​ប៉ុណ្ណោះឯង និង​ដែល​សំខាន់​នោះ គឺ​គួរ​មើលថែទាំ​ផ្ទះសំបែង​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ព្រោះ​ភាព​ស្អាត មាន​អនាម័យ គឺជា​សិរី​មង្គល​ខ្លាំងណាស់ សម្រាប់​ផ្ទះ​របស់​យើង៕

Advertisement