តើបុរសៗយើងដឹង​ទេ ហេតុ​អី​បានប្រុសៗចាំបាច់​ត្រូវ​ប្រើតែ​ផលិតផល​ថែបំប៉ន​ស្បែកសម្រាប់​បុរស?

កាលពី​សម័យមុន ការមើល​ថែទាំ​ស្បែក​សម្រាប់កំលោះៗ មិនមែនជា​រឿង​សំខាន់​ឡើយ នៅក្នុង​បន្ទប់ទឹក​របស់​បុរស​ខ្លះ មានតែ​សាប៊ូ 1ដុំ​សម្រាប់​ដុស​ខ្លួន និង​មុខតែ​ប៉ុណ្ណោះ តែមាន​អ្នកខ្លះ អាច​ខ្ចី​គ្រី​ម​ថូន​នើ​រ៍ ឬ​ហ្វូ​ម​លាងមុខ របស់​ប្រពន្ធ​មក​ប្រើ ក៏មានដែរ។ តែ​បច្ចុប្បន្ននេះ មាន​ផលិតផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស​ចេញមក​ជាច្រើន ហើយ​បុរស​ជាច្រើន ក៏​ងាក​មកប្រើប្រាស់​ផលិតផល​ទាំងអស់​នោះដែរ តែ ក៏​នៅតែមាន​អ្នកខ្លះ នៅ​សង្ស័យ​ដែរ​ថា តើ​ហេតុ​អី បាន​មនុស្ស​ប្រុស ប្រើ​ហ្វូ​ម​លាងមុខ ឬ​គ្រី​ម​ថែបំប៉ន​ស្បែក​របស់​មនុស្ស​ស្រី​មិនបាន?  ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ ព្រមទាំង​មាន​ហេតុផល​មួយចំនួន​ថា តើ​ហេតុ​អី​បាន​បុរស គួរតែ​ប្រើ​ផលិតផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស មក​ជម្រាបជូន ដើម្បីឱ្យ​បាត់​ឆ្ងល់​ដូចខាងក្រោម៖

1. ដោយសារតែ​អ័រម៉ូន​របស់​មនុស្ស​ភេទ​ប្រុស​ហ្នឹងឯង

អ្នកណាៗក៏​ដឹង​ដែរ​ថា យើង​មាន​ស្បែក​ខ្លាញ់ ខ្លាំង​ជាង​មនុស្ស​ស្រី ជាពិសេស​នៅលើ​ផ្ទៃមុខ នោះ​គឺ ដោយសារតែ​អ័រម៉ូន​ថេ​ស​ថូ​ស្ទើ​រ៉ូ​ន ឬ​អ័​រម៉ូ​ន​ភេទ​ប្រុស​ហ្នឹងឯង ដែល​អ័រម៉ូន​មួយ​នេះ នឹង​បង្កើន​ភាព​ខ្លាញ់​នៅលើ​ផ្ទៃមុខ និង​បង្កើត​បញ្ហា​ផ្សេងទៀត​តាម​មកជា​ច្រើន ដូច្នេះហើយ​ទើប​ផ​លឹ​ត​ផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស ច្រើន​តែមាន​ចំណែក​ផ្សំ ដែល​ខុស​ផ្លែ​ក​ពី​របស់នារីៗ ជាពិសេស​ហ្វូ​ម​លាងមុខ ដែល​ក្រៅតែពី​អាច​សម្អាត បាន​យ៉ាង​ជ្រៅជ្រះ​ហើយ ម៉​យស៍​ជើ​រ៉ៃ​ហ្ស៊ើ ក៏មាន​តិចជាង​ដែរ ដែល​វា​នឹង​ជួយ​កាត់បន្ថយ​មូលហេតុ​របស់​ភាព​ឡើង​ខ្លាញ់​លើ​ផ្ទៃមុខ បាន​យ៉ាង​ល្អ។

2. បុរស មាន​ស្រទាប់​ស្បែក​ក្រាស់​ជាង ទើប​ការមើល​ថែទាំ មិន​ដូចគ្នា

ជាទូទៅ ស្បែក​របស់​មនុស្ស​ប្រុស ច្រើនតែ​ក្រាស់​ជាង​របស់​មនុស្ស​ស្រី ប្រមាណ​ជា 20 – 30ភាគរយ ដែល​អាច​និយាយបានថា នេះ​ជា​ចំណុច​មានប្រៀប ព្រោះ​ស្បែក​របស់​បុរស អាច​ធន់​នឹង​ការបំផ្លាញ​ពី​ពន្លឺ​ថ្ងៃ​បាន​ខ្លាំង​ជាង រួមទាំង​អាច​រក្សា​សំណើម​បានល្អ​ជាង​ទៀតផង តែ​ទាំងអស់នេះ ក៏​មិនមែន​បានន័យថា អ្នក​មិនចាំបាច់​ត្រូវ​មើលថែទាំ​ស្បែក​ដែរ ផ្ទុយទៅវិញ អ្នក​ចាំបាច់​ត្រូវ​ជ្រើសរើស​ផ​លឹ​ត​ផល​បំប៉ន​ស្បែក ដែល​ផ​លឹ​ត​ឡើង​សម្រាប់​បុរស​ជាពិសេស ដែល​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម និង​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ បាន​យ៉ាង​ស័ក្តិសម​ទៀតផង។

3. ជីវិត​កណ្តាល​ថ្ងៃ ដ៏​សែន​ធ្ងន់ធ្ងរ

បុរស​ជាច្រើន អាច​ប្រើប្រាស់​ពេលវេលា នៅ​កណ្តាល​ថ្ងៃ​បែប​ពេញទំហឹង មិន​ថា​ដោយសារតែ​អាជីព​ការងារ ដែល​ត្រូវ​ទទួលខុសត្រូវ ការលេង​កីឡា​កណ្តាល​ថ្ងៃ ឬ​ការងារ​ខ្លះ ដូចជា​រៀបចំ​សួនច្បារ ជម្រះ​ស្មៅ​ជាដើម ក៏​ជា​មូលហេតុ​មួយ ដែល​ធ្វើឱ្យ​ស្បែក ត្រូវ​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ និង​បរិយាកាស​ជុំវិញ ដែល​អាច​បំផ្លាញ​ស្បែក​យើង​ដោយ​មិនដឹង​ខ្លួន។ ដូច្នេះហើយ ទើប​គ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ និង​ផ​លឹ​ត​ផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស ក្លាយជា​វត្ថុ​ចាំបាច់​មួយ ព្រោះ​វា​ផ្តល់នូវ​ការការពារ​ស្បែក​របស់​អ្នក បាន​យ៉ាង​ពេញទំហឹង។

4. កោរពុកមាត់ ក៏​ជាការ​បំផ្លាញ​ស្បែក មិន​ស្ទើរ​ដែរ

អ្វី​ដែលជា​គូ​គ្នា ជាមួយ​ផ្ទៃមុខ​របស់​បណ្តាបុរសៗយើង​នោះ គឺ​ពុកមាត់​ហ្នឹងឯង  តែបើ​សិន​អ្នក​ចាំបាច់​ត្រូវតែ​កោរពុកមាត់​រាល់ថ្ងៃ​នោះ ធានាថា ច្បាស់​ជាមាន​បញ្ហាផ្សេងៗកើតឡើង​ច្រើន​មិន​ខាន ទាំង​អាការ​ក្រហាយ​ផ្សា ស្បែក​ឡើង​កន្ទួល ស្បែក​ស្ងួត​នៅត្រង់​កន្លែង​កោរ និង​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ មុននឹង​កើតឡើង​យ៉ាងពិត​ប្រាកដ។ អ្នក​គួរ​មើលថែទាំ​ស្បែក ដោយ​គ្រី​មផ្សេងៗ ដែល​សម្រាប់​ប្រើ​ក្រោយពេល​កោរពុកមាត់​ហើយ​ផង ដោយសារ​ផលិតផល​ទាំងនោះ នឹង​ជួយ​ថែរក្សា​ស្ថានភាព​ស្បែក ក្រោយពេល​កោរពុកមាត់​រួច កាត់បន្ថយ​ការ​ក្រហាយ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។

5. ការ​វេច​ខ្ចប់ ដែល​ច្នៃ​ម៉ូដ​ឡើង​សម្រាប់​បុរស

ផលិតផល​ថែបំប៉ន​ស្បែក​ប្រភេទ​ខ្លះ​សម្រាប់​បុរស មានគុណ​សម្បត្តិ និង​សារធាតុ​ផ្សំ ដូចគ្នា​នឹង​របស់​ស្ត្រី​គ្រប់ប្រការ តែ​បើសិនជា​វា​ត្រូវ​ផ្ទុក​នៅក្នុង​ដប​រូប​បេះដូង ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត គួរឱ្យ​ស្រឡាញ់​នោះ ធានាថា បុរសៗប្រហែលជា​មិន​ទិញយក​ទៅប្រើ​ជាដាច់ខាត ដូច្នេះហើយ​ទើប​អ្នក​ផលិត បាន​ច្នៃ​ម៉ូដ​រូបរាង​របស់​ផលិតផល ឱ្យ​មើលទៅ​រាង​ស្អាត​សង្ហា ឡូយ​បន្តិច ព្រមទាំង​បញ្ជាក់ថា ជា​ផលិតផល​សម្រាប់តែ​បុរស ដើម្បីឱ្យ​លោកអ្នក​អាច​ទិញ​ប្រើ​បាន​យ៉ាង​ងាយស្រួល និង​ហ៊ាន​ប្រើប្រាស់​វា រៀងរាល់ថ្ងៃ ដោយ​មិន​អៀនស្រីៗហ្នឹងឯង។

សង្ឃឹមថា ចំណុច​ណែនាំ​ទាំងអស់ ដែល​ឡា​រ៉ែ​ន បាន​ជម្រាបជូន​ខាងលើនេះ ប្រហែលជា​ល្មម អាចឱ្យបុរសៗយើង ចាប់ផ្តើម​យល់​ហើយ​ថា តើ​ហេតុ​អី​បាន​យើង មិនអាច​ប្រើ​ផលិតផល​ខ្លះ រួមជាមួយនារីៗបាន តែ​យើង​អាច​ជ្រើសរើស​ប្រើ​ផលិតផល ដែល​ធ្វើឡើង​សម្រាប់តែ​បុរស និង​ត្រូវ​ប្រើ​ជាប់​ជាប្រចាំ​ទៀតផង ដើម្បី​ធានាថា ភាពស្រស់​សង្ហា​ឡូយ ច្បាស់​ជា​នៅ​ជាមួយបុរសៗយើង យូរ​តទៅទៀត​មិន​ខាន៕

Advertisement