ខ្សែបម្រើ Dele Alli និងខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ស្ថិតក្នុងការប្រជែងដណ្តើមពាន Premier League ខណៈដែលក្រុមរបស់ពួកគេបាក់ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន White Hart Lane ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយកាលពីថ្ងៃអាទិត្យ។
ក្រុមកំពុងនាំមុខ Chelsea បានបន្ថែមការនាំមុខរបស់ពួកគេរហូតដល់ទៅ៧ពិន្ទុតាមរយៈការផ្តួលក្រុម Everton ៣-០ ក្នុងការប្រកួតមួយគូមុននេះនៅថ្ងៃដដែលនោះ ប៉ុន្តែ ក្រុម Spurs របស់លោក Mauricio Pochettino បានកាត់បន្ថយគម្លាតនោះឲ្យនៅត្រឹម៤ពិន្ទុវិញ ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អ។ គ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់នោះបានកើតឡើងនៅក្នុងចន្លោះពេល១៤៦វិនាទីក្នុងតង់ទី២ ខណៈដែល Alli បានស៊ុតបាល់បំប៉ោងសំណាញ់ទីពីបាល់ក្រឡក ហើយ Kane បានស៊ុតបាល់ប៉េណាល់ទីដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់ពួកគេកើនដល់១៧គ្រាប់ និង២១គ្រាប់រៀងៗខ្លួនក្នុងយុទ្ធនាការនារូវកាលនេះ។
Spurs នឹងបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់ពីលើក្រុម Arsenal ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៩៥ ដើម្បីបញ្ចប់ការរង់ចាំអស់រយៈពេល២២ឆ្នាំ។ Spurs នឹងត្រូវលេងនៅកីឡដ្ឋាន Wembley នៅរដូវកាលក្រោយ នៅមុនពេលប្តូរទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេ ដែលនឹងត្រូវសាងសង់នៅលើទីតាំងនៃកីឡដ្ឋានរបស់ពួកគេនាពេលបច្ចុប្បន្ន។ ។ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានប្រាប់សារព័ត៌មាមន BBC ថា៖ «ខ្ញុំពិតជារីករាយណាស់។ វាជាការប្រកួតដ៏សំខាន់មួយ ហើយវាជាការបង្ហាញពីទម្រង់លេងគួរជាទីពេញចិត្តមួយ»៕
ប្រភពព័ត៌មាន៖ The Guardian