Skip to content

Pedro ជួយឲ្យក្រុមតោខៀវ ខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់ការឈ្នះពាន

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Pedro បាន​ជួយ​ឲ្យ​ក្រុម Chelsea បោះ​ជំ​ហាន​កាន់​តែ​កៀក​ឆ្ពោះ​​ទៅកាន់​ការ​ឈ្នះ​ពាន Premier League ខណៈ​ដែល​ក្រុម​​​តោ​​ខៀវ​មួយ​នេះ បាន​​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម Everton កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុមរ​បស់​លោក Antonio Conte ត្រូវ​បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​ដើម្បី​​ទម្លុះ​តំបន់​ការ​ពារ​ដ៏​រឹង​មាំ​របស់​ក្រុម Everton ប៉ុន្តែ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាងល្អ​ក្នុង​តង់​ទី​២​​របស់ Pedro បាន​​ជួយ​ឲ្យ​ក្រុម Chelsea ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​​ឈ្នះ​​ការ​ប្រកួត​ជា​លើក​ទី​៤​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ការ​ពារ Gary Cahill និង​ខ្សែ​បម្រើ Willian បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​នេះ​តែ​ម្តង ខណៈ​ដែល​ក្រុម​តោ​ខៀវ បាន​រក្សា​ការ​នាំ​មុខ​៤​ពិន្ទុ​ដដែល​នៅ​​លើ​កំពូល​តារាង​។

លោក Antonio Conte បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖​ «លទ្ធ​ផល​នេះ ផ្តល់​ឲ្យ​យើង​នូវ​ការ​ជឿ​ជាក់​យ៉ាង​ច្រើន​។ ពេល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រជែង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​។ ប្រសិន​បើ​ក្នុង​ការ​​ប្រកួត​បន្ទាប់​ជា​មួយ​នឹង​ក្រុម Middlesbrough យើង​មិន​ឈ្នះ យើង​នឹង​បាត់​បង់​ជ័យ​ជម្នះ​។ យើង​ត្រូវ​តែ​​មើល​មួយ​ជំហាន​ទៅ​មួយ​ជំ​ហាន​។ Chelsea ដែល​បច្ចុប្បន្ន​កំពុង​តែ​មាន​​៨១​ពិន្ទុ​នោះ ត្រូវ​ការ​ឈ្នះ​ត្រឹម​តែ​៣​លើក​ទៀត​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ ខណៈ​ដែល​​​ពួក​គេ​​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Middlesbrough មុន​នឹង West Brom, Watford និង Sunderland​៕

ប្រភព​ព័ត៌​មាន៖ Mirror

Leave a Reply

Your email address will not be published. Required fields are marked *