ការស្ថិតក្នុងក្របខ័ណ្ឌ Premier League រយៈពេល១០ឆ្នាំរបស់ក្លិប Sunderland បញ្ចប់ហើយ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Josh King បានជួយឲ្យក្រុម Bournemouth កត់ត្រាជ័យជម្នះ ១-០ ដែលបានធ្វើឲ្យក្រុមឆា្មខ្មៅមួយនេះ ត្រូវកាត់ចេញកាលពីថ្ងៃសៅរ៍។
ក្រុមរបស់លោក David Moyes បានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសទាំងការខកចិត្ត ខណៈដែលការបង្ហាញពីទម្រង់លេងមិនបានល្អនាពេលថ្មីៗនេះ បានកាត់សេចក្តីក្នុងយុទ្ធនាការដ៏ត្រដាបត្រដួសរបស់ពួកគេ ក្រោយពី King បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៨។ Moyes បានគិតថា ក្រុមរបស់លោកនៅតែមានឱកាសក្នុងការសង្គ្រោះ នៅពេលដែលគូប្រជែងស្ថិតក្បែរតំបន់កាត់ចោល Hull បានបណ្តោយឲ្យបាល់ប៉េណាល់ទីនៅលើទឹកដីក្រុម Southampton ប៉ុន្តែ ការស៊ុតរបស់កីឡាករ Dusan Tadic ត្រូវបានសង្គ្រោះដោយអ្នកចាំទី Eldin Jakupovic ដើម្បីធ្វើឲ្យក្រុមមានរហស្សនាមខ្លាធំមួយនេះ បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ដែលបញ្ចប់ក្តីសង្ឃឹមនៃការសង្គ្រោះការធ្លាក់ចេញរបស់ក្រុម Sunderland តែម្តង។
ជាមួយនឹងការស្ថិតនៅបាតតារាងចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ក្រុម Sunderland មិនស្គាល់ឈ្នះសោះពីការប្រកួត១០លើកចុងក្រោយរបស់ពួកគេ និងបានធ្លាក់ទៅកាន់ក្របខ័ណ្ឌលំដាប់ទី២ បើទោះបីនៅសល់៤ប្រកួតទៀតក៏ដោយ។ ការធ្លាក់ចេញរបស់ក្រុម Sunderland បំពេញនូវរដូវកាលដ៏វេទនាមួយផ្សេងទៀតសម្រាប់លោក Moyes ដែលបានជួបពេលវេលាដ៏ខកចិត្ត ចាប់តាំងពីចាកចេញពីក្លិប Everton ដើម្បីកាន់តំណែងនៅក្លិប Manchester United កាលពីឆ្នាំ២០១៣៕
ប្រភពព័ត៌មាន៖ BBC