ភ្នំពេញៈ តាមចំណាំឲ្យតែនៅជិតដល់ពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររៀងរាល់ឆ្នាំ ក្រុមតារាចម្រៀងទាំងប្រុសទាំងស្រីលំដាប់កំពូលប្រចាំផលិតកម្មល្បីៗតែងសម្បូរបទចម្រៀងថ្មីៗ ដើម្បីបង្ហើរសំនៀងបំពេអារម្មណ៍ប្រិយមិត្តអ្នកស្តាប់របស់ខ្លួនណាស់ តែចម្លែកអ្វីនៅឆ្នាំ ២០១៧ នេះ តារាចម្រៀងស្រីសម្លេងស្រទន់ ឈរលំដាប់កំពូលនៃទ្រនំផលិតកម្មថោនកញ្ញា មាស សុខសោភា បែរជាមានចេញបទចម្រៀងតិចខុសប្លែកពីពេលឆ្នាំមុនៗ បង្កឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងពីគាំទ្រ។
កាន់តែមានការសង្ស័យបន្ថែមទៀតនោះគឺនាពេលថ្មីៗក្រោយពិធីបុណ្យចូលឆ្នាំ ខណៈវត្តមានរបស់តារាស្រីរូបនេះបានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីមួយរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ក៏ធ្លាប់បានព្រលយចេញថា នាងពិតជាមានបទចម្រៀងបំពេអារម្មណ៍អ្នកគាំទ្រតិចមែនសម្រាប់ឆ្នាំនេះផងដែរ។ ដំណឹងនេះក៏រឹតតែធ្វើមហាជនអន្ទះសារចង់ដឹងពីមូលហេតុ និងមានមន្ទិលថា កញ្ញា មាស សុខសោភា និងផលិតកម្មអ្វីរកាំរកូសនឹងគ្នាមែនឬ?
លោក ករុណា ពេជ្រ អ្នកចាត់ការថ្មីនៅផលិតកម្មថោន ថ្លែងប្រាប់ពីមូលហេតុដែលនាំឲ្យតារាចម្រៀងស្រីសម្លេងរៃកន្តឹង និងនិយមច្រៀងតែប្រភេទបទអូរីជីណល់ ឬបទមិនចម្លងគេនោះថា៖ « តាមពិតទៅ កញ្ញា មាស សុខសោភា មិនមែនផលិតកម្មមានបទចម្រៀងតិចសម្រាប់គាត់នោះទេ ក្នុងការចេញបទចម្រៀងនៅរដូវកាលចូលឆ្នាំថ្មីនេះ។ បើនិយាយទៅគឺមានជិត ១០ បទដែរ តែពេលចេញមុនចូលឆ្នាំគឺមានតែបីបួនបទ ខណៈប៉ុន្មានបទទៀតផលិតកម្មក៏បានចេញបន្តបន្ទាប់រួចហើយដែរ»។
តារាចម្រៀងដែលជាអ្នកចាត់ការនៅផលិតកម្មថោនរូបនេះបន្តថា៖ «ផលិតកម្មតែផ្តល់អាទិភាពជូនទៅគាត់ [មាស សុខសោភា] ជានិច្ចព្រោះគាត់ជាតារាចម្រៀងរបស់ផលិតកម្មតាំងពីដំបូង។ សម្រាប់ឆ្នាំនេះ ផលិតកម្មក៏បានផ្តល់ជម្រើសបទចំនួនប្រហែលជា ១០ បទដែរដើម្បីឲ្យគាត់ជ្រើស។ តែគាត់ក៏ប្រាប់ដែរថា ចង់ច្រៀងតែបទណាមានគុណភាពប៉ុណ្ណោះ ខណៈយើងក៏សម្រេចជូនគាត់ប៉ុន្មានពីរបីបទដែលបានចេញនោះឯង។ ម្យ៉ាងទៀត បទចម្រៀងប៉ុន្មានបទក្រោយ ដែលចេញក្រោយចូលឆ្នាំនោះគឺមានមូលហេតុ ដោយសារមានអ្នកដឹកនាំសម្តែងម្នាក់គាត់បានអះអាងថានឹងខំធ្វើឲ្យបទនោះមានស្ពុនស័រ ហើយក្រុមហ៊ុនក៏ទុកពេលឲ្យគាត់ដល់ពាក់កណ្តាលខែមីនា តែលុះដល់ចុងខែមីនាឯណោះទើបតបថា មិនមានស្ពុនស័រ។ ដូច្នេះយើងមិនអាចធ្វើឲ្យបទក្រោយរបស់ មាស សុខសោភា ចេញទាន់នឹងបទមុនរបស់នាងនោះឡើយ»៕