ទម្លាប់10យ៉ាង​ធ្វើឱ្យនារីៗឆាប់​ចាស់​

សម្រាប់​សុភាពនារី​ទាំងឡាយ​ដែលមាន​អាយុ​ចូលដល់​លេខ3នាំមុខ​ប្រសិនបើ​បានធ្វើ​នូវ​ទង្វើ​មួយចំនួន​ដូចខាងក្រោម ប្រយ័ត្ន​ផ្ទៃមុខ​របស់​អ្នក​ចាស់​ជាង​អាយុ​ណា៎ តិច​ថា ឡា​រ៉ែ​ន មិនបាន​ប្រាប់។ ដូច្នេះ តើ​ទង្វើ​មិនល្អ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ចង់ដឹង​ណាស់​មែន​ទេ តោះ! សូម​តាមដាន​ដូចតទៅ ៖

1,ខាត់​ស្បែ​កមុខ​ញឹកញាប់​ជ្រុល​ពេក

ការសម្អាត​ផ្ទៃមុខ​ដោយ​ការ​ខាត់​ស្បែ​កមុខ​ញឹកញាប់ ក្រៅពី​មិនបាន​ជួយ​ឱ្យ​ស្បែក​មុខ​ស្អាត​ហើយ វា​ថែមទាំង​បំផ្លាញ​ស្បែ​កមុខ​ឱ្យ​ខូច​ខ្ទិចខ្ទី​អស់​ទៀតផង ព្រោះ​នឹង​បំផ្លាញ​កោសិកា​ស្បែក​មុខ​ឱ្យ​ងាប់ និង​ធ្វើឱ្យ​កើតជា​ស្នាម-សន្លាក​ផ្សេង។ ដូច្នេះ អ្នក​គួរ​បញ្ឈប់​ការ​ខាត់​ស្បែ​កមុខ ដោយ​ប្ដូរ​ជា​ប្រើ​ផលិតផល​សម្អាត​ស្បែ​កមុខ​ដែល​មានគុណ​ភាពល្អ​ជំនួស​វិញ ជាការ​ប្រសើរ​បំផុត។

2,ការចូល​គេង​យប់​ជ្រៅ និង​គេង​មិនបាន​គ្រប់គ្រាន់

ដំណេក​សំខាន់​ខ្លាំងណាស់ វា​ជា​ពេល​សម្រាក​នៃ​រាងកាយ ដើម្បី​ជួសជុល និង​ស្តារ​ថាមពល​នៃ​រាងកាយ​ឡើងវិញ។ ដូច្នេះ បើ​អ្នក​ចូល​គេង​យប់​ជ្រៅ និង​គេង​មិនបាន​គ្រប់គ្រាន់ នឹង​ធ្វើឱ្យ​រាងកាយ​និង​សាច់​ស្បែក​របស់​អ្នក​ទ្រុឌ-ទ្រោម ជាពិសេស​នោះ​គឺ​នឹង​ធ្វើឱ្យ​បរិវេណ​ក្រោម​ភ្នែក​របស់​អ្នកមាន​សភាព​ស្នាម​ខ្មៅ។ ដូចនេះ សុភាពនារី​ទាំងឡាយ​ដែលមាន​វ័យ​ចាប់ពី 30 ឆ្នាំ​ឡើងទៅ គួរតែ​គេង​ឱ្យបាន​យ៉ាងតិច​បំផុត​ក៏6-8ម៉ោង​ដែរ ហើយ​អ្វីដែល​សំខាន់​នោះ សូមកុំ​ភ្លេច​លាប​ក្រែ​ម​ថែបំប៉ន​ស្បែក​មុនពេល​គេង​ណា៎។

3,នៅតែ​ក្នុង​បន្ទប់​មា​៉​ស៊ីន​ត្រជាក់

សុភាពនារី​ទាំងឡាយ​ដែល​ចូលចិត្ត​នៅតែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ និង​ដាក់​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ទាំងយប់​ទាំង​ថ្ងៃនោះ សូម​ដឹង​ចុះ​ថា ស្បែក​របស់​អ្នក​មុខជា​ត្រូវ​បាត់បង់​ជាតិ​ទឹក និង​មាន​សភាពស្ងួតៗ ដែល​អាច​ផ្ដល់​ផល​អាក្រក់​យ៉ាងខ្លាំង​ចំពោះ​ស្បែក ដូចជា ធ្វើឱ្យ​ស្បែក​ចាស់​ជាង​វ័យ​ដ៏​មិន​គួរឱ្យ​ជឿ ជាពិសេស​នោះ​វា​នឹង​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្ងួត គ្រើម ជ្រួញ យារ និង​របក​ថែម​ទៀតផង។

4,ហាលថ្ងៃយូរៗពេក

បើ​អ្នក​ឈរ​ហាលថ្ងៃ​យូរ​ប៉ុនណា ពន្លឺ​ថ្ងៃ​ក៏​បំផ្លាញ​សរសៃ​ខ​ល​ឡា​ជេន​ដែលមាន​តួនាទី​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ទន់ និង​រលោង​រាបស្មើ​នោះ ខូចខាត​ច្រើន​ប៉ុន​នោះដែរ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​បំផុត​នោះ វា​នឹង​បង្ក​ឱ្យ​កើតជា​ជំងឺមហារីក​ស្បែក​ទៀតផង។ ដូច្នេះ បើ​អ្នក​មិន​ចង់ជួប​រឿង​ជូរចត់​ទេ ក្នុងករណី​ដែល​ការងារ​របស់​អ្នកជា​ការងារ​ដែល​ស្ថិតក្រោម​កំដៅថ្ងៃ ឬ​ឧស្សាហ៍​ចេញទៅ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃនោះ អ្នក​ត្រូវតែ​ការពារ​ស្បែក​របស់​អ្នក​ឱ្យ​បានល្អ​បំផុត ដោយ​លាប​ក្រែ​ម​ការពារ​ពន្លឺ​ថ្ងៃ​ទាំងឡាយណា​ដែលមាន​គុណភាព​ល្អ ត្រូវ​នឹង​កោសិកា​ស្បែក​របស់​អ្នក។

5,ញៀន​ជាតិ​ផ្អែម

ស្ករ​គឺជា​សត្រូវ​ដ៏​កំណាច​បំផុត​ចំពោះ​រូបរាងកាយ ក្រៅពី​ធ្វើឱ្យ​ទម្ងន់​ខ្លួន​ឡើង​ខ្លាំង​ហើយ​នោះ វា​ក៏​អាច​បណ្ដាលឱ្យ​ស្បែក​របស់​អ្នក​ឆាប់​ចាស់​ផងដែរ។ ដូច្នេះ សម្រាប់​អ្នក​ដែល​ញៀន​ស្ករ​ខ្លាំង និង​ចូលចិត្ត​ទទួលទាន​ជាតិ​ផ្អែម​ខ្លាំង​នោះ សូម​ដឹង​ចុះ​ថា ស្បែក​របស់​អ្នក​មុខជា​នឹង​ឆាប់​ចាស់​យ៉ាង​ប្រាកដ ព្រោះ​បរិមាណ​ស្ករ​ដ៏​ច្រើន​ដែល​អ្នក​ពិសា​ទៅនោះ នឹង​ដុត​ម៉ូលេគុល​ស្បែក​របស់​អ្នក​ឱ្យ​ពុកផុយ​ជា​បន្តបន្ទាប់ ដោយ​មិនមាន​ការយល់​យោគ​ដល់​រូបអ្នក​ឡើយ។

6,ចូលចិត្ត​ញ៉ាំ​អាហារ​ឥតប្រយោជន៍

ដែល​ហៅថា “អាហារ​ឥតប្រយោជន៍” គឺជា​អាហារ​ទាំងឡាយណា​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​រូបរាងកាយ និង​បំផ្លាញ​សុខ-ភាព​រូប​កាយ ដែល​អាចឱ្យ​អ្នក​ឈឺ ឬ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ឆាប់​ចាស់ ដូចជា អាហារ​ដែលមាន​ស្ករ ម្សៅ និង​សារធាតុ​ការពារ​ផ្អូម​ជាដើម ដែលធ្វើឱ្យ​សារធាតុ​អុ​ី​ន​ស៊ូ​លីន​នៅក្នុង​រាងកាយ​កើនឡើង ឬ​ថយចុះ​យ៉ាង​ឆាប់រហ័ស ជាពិសេស​វា​ថែមទាំង​បំផ្លាញ​សារធាតុ​ប្រឆាំងនឹង​មេរោគ​ដែល​ចូលមកក្នុង​រាងកាយ​ឱ្យ​ហិនហោច​ជា​បន្តបន្ទាប់​ទៀតផង ដែល​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ឡើង​ខ្មៅ ជ្រីវជ្រួញ និង​ចាស់​ជាង​វ័យ​លឿន​បំផុត។

7,ពិសា​គ្រឿង​ស្រវឹង​ច្រើន

ការ​ញ៉ាំ​ស្រា​ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ច្រើន នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ស្បែក ដោយ​ធ្វើឱ្យ​ស្បែក​មាន​ស្លាកស្នាម និង​មើលទៅ​ចាស់​ជាង​វ័យ ព្រោះ​សារជាតិ​ដែលមាន​ក្នុង​ស្រា និង​ភេសជ្ជៈ​ដែល​អ្នក​ទទួលទាន​ទៅ​នោះបាន​បណ្តាលឱ្យ​រាងកាយ​បាត់បង់ជាតិ​ទឹក ដោយសារ​បត់ជើងតូច​ញឹកញាប់ ក្រៅពីនេះ ជាតិ​អាល់កុល​ថែមទាំង​ធ្វើឱ្យ​រាងកាយ​ខ្វះ​វីតាមីន B ដែល​អាច​បណ្ដាលឱ្យ​ស្បែក​ឡើង​ស្ងួត យារ និង​មាន​ឡើង​មុន​ទៀតផង។ ដូច្នេះ បើ​អ្នក​មិន​ចង់ឱ្យ​សម្រស់​របស់​អ្នក​ធ្លាក់ចុះ​ទេនោះ សូមកុំ​ពិសា​គ្រឿង​ស្រវឹង​ច្រើនពេក។

8,ជក់បារី​ច្រើន

អ្នក​ដែល​ចូលចិត្ត​ជក់បារី​ច្រើន​ត្រូវតែ​ប្រញាប់​បញ្ឈប់​ជាបន្ទាន់! ព្រោះថា​ការជក់បារី​ធ្វើឱ្យ​ស្បែក​បាត់បង់​ខ​ល​ឡា​ជេន​ដែល​នឹង​ហុច​ផល​អាក្រក់​យ៉ាង​ងាយ​បំផុត វា​នឹង​កើតមាន​ស្លាកស្នាម មើលទៅ​ចាស់​ជាង​វ័យ ហើយ​អ្វីដែល​គួរឱ្យខ្លាច​បំផុត​នោះ សា​រេ​ជាតិ​ដែលមាន​ក្នុង​បារី ថែមទាំង​បង្ក​ជា​ជំងឺមហារីក​ដ៏​គួរឱ្យខ្លាច​ជាច្រើន​ប្រភេទ​ទៀតផង។

9,ហាត់ប្រាណ​លើស​កំណត់

ការហាត់​ប្រាណ​គឺជា​រឿង​ដ៏​មាន​សារ​សំខាន់បំផុត​ចំពោះ​សុខភាព តែ​អ្នក​ត្រូវ​ចង់ចាំ​ថា ការណ៍​ដែល​វា​អាច​ផ្ដល់​សារសំខាន់​ចំពោះ​សុខភាព​អ្នក​បាន លុះត្រាតែ​អ្នក​ហាត់ប្រាណ​ត្រូវ​តាម​ក្បួនខ្នាត​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើ​អ្នក​ចេះតែ​ហាត់​តាមតែ​អ្នក​នឹកឃើញ ឬ​ហាត់ខ្លាំង​ជ្រុល​ពេក​នោះ វា​នឹង​ហុច​ផល​បញ្ច្រាស​មកវិញ​មិន​ខាន ដូចជា ធ្វើឱ្យ​ស្រក​ទម្ងន់​ខ្លាំង​ធ្វើឱ្យ​ស្បែក​ជ្រួញ ធ្លា​ក់យារ… ដែល​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ។ ដូច្នេះ​បើ​អ្នក​ចង់ឱ្យ​សម្រស់​របស់​អ្នក​ស្រស់ស្អាត​ជាទី​គយគន់​របស់​មនុស្ស​ផង​ទាំង​ពួក​នោះ អ្នក​ត្រូវតែ​ចេះ​ពី​វិធី​ហាត់ប្រាណ​ឱ្យបាន​ត្រឹមត្រូវ​បំផុត។

10,រាងកាយ​ខ្វះ​ជាតិ​ទឹក

ស្បែក​ដែល​ខ្វះ​ជាតិ​ទឹក មិន​ខុសពី​សម្បក​ដែល​ឈឺ​ងាប់​ឡើយ គឺ​មិន​ត្រឹមតែ​គ្មាន​ជាតិ​ទេ ថែមទាំង​ស្ងួត​គ្រើម​មិនគួរ​ឱ្យ​បេតី​ទៀតផង។ ដូច្នេះ បើ​សុភាពនារី​ទាំងឡាយ​មិន​ចង់ឱ្យ​ខ្លួន​មើលទៅ​ឃើញ​ចាស់​ជាង​វ័យ​នោះ សូម​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុងមួយថ្ងៃៗ ព្រោះ​ការទទួល​ទាន​ទឹក​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម ភ្លឺ​រលោក និង​មិន​គ្រើម​ជ្រីវជ្រួញ​ឡើយ។

យ៉ាងម៉េច​ហើយ? ក្រោយពី​បាន​អាន​ហើយ​តើ​អ្នក​យល់​យ៉ាងណាដែរ? ឡា​រ៉ែ​ន មិនដឹងថា​អ្នកមាន​ការយល់ឃើញ​យ៉ាងណា​នោះទេ តែបើ​អ្នក​ពិតជា​ចង់ឱ្យ​ខ្លួន​មាន​សម្រស់​ស្រស់ស្អាត មើលទៅ​ក្មេង​ជាង​វ័យ​នោះ អ្នក​ត្រូវតែ​អនុវត្តតាម​ការណែនាំ​ខាងលើនេះ​ឱ្យបាន៕

Advertisement