លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានអះអាងថា លោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Everton នៅសប្តាហ៍នេះ ប៉ុន្តែ ក្នុងទស្សនៈក្នុងការបញ្ឈប់រូបគេមិនឲ្យរកគ្រាប់បាល់បញ្ចូលទីនៅពេលប្រកួតជាមួយនឹងក្រុមតោខៀវរបស់លោក ជាជាងការទិញរូបគេនៅរដូវក្តៅខាងមុខនេះ។
ក្រុម Chelsea ដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League បានទាក់ទងចង់ចុះហត្ថលេខាខ្សែប្រយុទ្ធ អន្តរជាតិបែលហ្ស៊ិករូបនេះ ដែលពួកគេបានលក់ទៅឲ្យក្លិប Everton ក្នុងតម្លៃខ្លួន២៨លានផោន ដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Diego Costa ដែលចង់ផ្ទេរទៅកាន់ក្របខ័ណ្ឌរបស់ចិន។ Lukaku គឺជាអ្នកគ្រាប់ បាល់រកគ្រាប់បាល់ច្រើនជាងគេក្នុងការប្រកួតលីក តាមរយៈការរកបាន២៤គ្រាប់ ខណៈដែល Costa រកបាន១៩គ្រាប់ និងក្លាយជាអាវុធដ៏មុតស្រួចរបស់ក្រុម Everton ខណៈដែលក្រុម Chelsea សម្លឹងរកការបន្ថែមពិន្ទុនាំមុខរបស់ពួកគេលើក្រុមឈរលេខ២ Tottenham Hotspur នាកីឡដ្ឋាន Goodison Park។
លោក Conte បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖ «ខ្ញុំគិតថា រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ និងកំពុងតែរកគ្រាប់បាល់បញ្ចូលទីជាច្រើននៅដូវកាលនេះ ដោយមិនត្រឹមតែក្នុងរដូវកាលនេះឡើយ ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់លើរូបគេយ៉ាងខ្លាំង»។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់បន្តថា៖ «ប៉ុន្តែ វាពិតណាស់ យើងត្រូវតែស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវដើម្បីរារាំងពួកគេ។ យើងត្រូវតែស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវដើម្បីបញ្ចប់ Lukaku និងរាល់កីឡាករផ្សេងៗទៀត»។ នៅពេលត្រូវបានចោទសួរថា តើខ្សែប្រយុទ្ធរូបណាដែលលោកចូលចិត្តជាងគេក្នុងក្រុមរបស់លោក លោក Conte បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំ កីឡាកររបស់ខ្ញុំគឺជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក។ ខ្ញុំមិនផ្លាស់ប្តូរពួកគេជាមួយនឹងកីឡាករផ្សេងឡើយ»។ ក្រុម Everton នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមធ្លាក់ទម្រង់លេង West Ham ខណៈដែល Chelsea ទើបតែបានផ្តួលក្រុម Southampton ក្នុងលទ្ធផល ៤-២។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៨:០៥យប់៕
ប្រភពពី៖ Reuters