ក្នុងដំណើរមកបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅក្លឹបបាល់ទាត់ភ្នំពេញក្រោននោះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Winfried Schaferចូលរួមចែករំលែកបទពិសោធន៍ក៏ដូចជាផ្តល់អនុសាសន៍ខ្លះៗពាក់ព័ន្ធទៅលើការរៀបចំក្រុម ព្រមទាំងបច្ចេកទេសលើការបង្វឹកកីឡាករផងដែរកាលពីពេលថ្មីៗកន្លងទៅនេះ ។
លោក Winfried Schafer ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកាមេរ៉ូនលើកពាន African National Cup ២០០២ មុននឹងប្តូរមកដឹកនាំក្រុមជម្រើសជាតិថៃវិញនាឆ្នាំ២០០៣ (រហូតដល់ឆ្នាំ២០០៦) ។ បន្ទាប់មកលោកបានដឹកនាំក្រុម Al-Ahli FC នៅសហរដ្ឋអារ៉ាប់រួមឲ្យបានឈ្នះតំណែងជើងឯកលីគកំពូលនៃដែលដីអារ៉ាប់ដ៏រុងរឿងមួយនេះ ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដ៏វ័យ ៦៧ឆ្នាំរូបនេះពោរពេញទៅដោយបទពិសោធន៍ដ៏សម្បូរបែបក្នុងពិភពបាល់ទាត់ទាំងក្នុងប្រទេសកំណើតរបស់ខ្លួនក៏ដូចជានៅក្នុងតំបន់អាស៊ីនិងអាហ្វ្រិកថែមទៀតផង។
គួបញ្ជាក់ផងដែរថា៖ ក្នុងពេលប្រកបអាជីពជាកីឡាករបាល់ទាត់ លោកបានបង្ហាញខ្លួននៅលើទីលានជាង ៤០០លើកក្នុងព្រឹត្តិការណ៍ German Bundesliga ក្នុងពេលលេងឲ្យក្លឹប Borussia Munchengladbach ក្រោយមកលោកបានប្តូរមកប្រកបអាជីពជាគ្រូបង្វឹកវិញដោយបានបង្ហាត់នៅបណ្តាក្លឹបមួយចំនួននៅក្នុងប្រទេសអាល្លឺម៉ង់ដ៏, សហរដ្ឋអារ៉ាប់អេមីរ៉េត, អាហ្សែបៃ៊ហ្សង់ និងធ្លាប់ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិកាមេរ៉ូន, ថៃ និងចាម៉ៃកា ជាដើម ៕