“សេចក្តីស្មោះត្រង់”  មាននៅក្នុងមនុស្សគ្រប់ៗគ្នា…តែម្នាក់ៗបែរជារត់គេចចេញពីវា!! រឿងនិទានអប់រំ និងការពិតដែលកើតឡើងលើពិភពលោកយើងនេះ…

ស្មោះត្រង់” ត្រូវអ្នកកំលោះម្នាក់ឈ្មោះ “ឆ្លាត” បោះចោលទៅក្នុងទឹកសមុទ្រ។ ស្មោះត្រង់ ខំព្យាយាមហែលទឹករហូតមកដល់កោះមួយ។ ពេលឡើងមកដល់លើកោះហើយ ស្មោះត្រង់ ក៏ដេកសម្រាកនៅលើឆ្នេរខ្សាច់នោះ គេព្យាយាមគិតរិះរកវិធីក្នុងការត្រឡប់ទៅដីគោកវិញ ហើយអ្វីដែលស្មោះត្រង់នឹកសង្ឃឹមនោះគឺ នឹងមានទូករបស់នរណាម្នាក់ឆ្លងកាត់មកដល់កោះនេះ។

នៅសុខៗ ស្មោះត្រង់ ក៏បានឮសំឡេងភ្លេងរសាត់មកពីចម្ងាយ គេប្រញាប់ក្រោកឡើង និងសម្លឹងមើលទៅប្រភពសំឡេងនោះ។ មានទូកមួយគ្រឿងកំពុងតម្រង់មករកកោះនេះ។ នៅលើទូកនោះមានទង់ជ័យតូចមួយផ្ទាំងកំពុងបក់រវិចៗ នៅលើទង់ជ័យនោះមានសរសេរអក្សរថា “សេចក្តីសុខ“។ អូ! ការពិតគឺជាទូករបស់សេចក្តីសុខទេតើ! ស្មោះត្រង់ ក៏ស្រែកហៅ សេចក្តីសុខ “អេ! សេចក្តីសុខ! សេចក្តីសុខ! ខ្ញុំគឺស្មោះត្រង់ អ្នកជួយនាំខ្ញុំត្រឡប់ទៅដីគោកវិញផងបានទេ?”

ពេលសេចក្តីសុខបានឮហើយ ក៏ឆ្លើយមកស្មោះត្រង់វិញថា ៈ

“មិនបានទេ បើខ្ញុំនាំឯងឡើងមកលើទូកខ្ញុំដែរ ខ្ញុំនឹងលែងមានសេចក្តីសុខមិនខាន ឯងមើលទៅមើល៍ មនុស្សម្នាច្រើនណាស់នៅក្នុងសង្គមសម័យនេះដែលនិយាយការពិតហើយ តែបែរជាគ្មានសេចក្តីសុខទៅវិញ  សុំទោសណា៎ ស្មោះត្រង់ ខ្ញុំទទួលឯងឱ្យឡើងមកលើទូកខ្ញុំមិនបានទេ!”  និយាយចប់ សេចក្តីសុខក៏ចាកចេញទៅ។

កន្លងទៅមួយសន្ទុះធំ “មុខតំណែង” ក៏ឆ្លងកាត់មកដល់។ ស្មោះត្រង់ ស្រែកហៅមុខតំណែង “អេ! មុខតំណែង មុខតំណែង ខ្ញុំគឺស្មោះត្រង់ ខ្ញុំសុំអាស្រ័យទូករបស់ឯងទៅដីគោកវិញផងបានទេ?”

គ្រាន់តែមុខតំណែងបានឮប៉ុនហ្នឹង ក៏ប្រញាប់បែរក្បាលទូកចេញទៅឆ្ងាយ ហើយងាកមកស្រែកប្រាប់ស្មោះត្រង់ វិញថា ៈ “មិនបានទេ មិនបានទេ! ស្មោះត្រង់ឯងចង់ឡើងមកជិះជាមួយខ្ញុំមិនបានទេ  ឯងដឹងទេ ទម្រាំតែខ្ញុំទទួលបានមុខតំណែងនេះមកវាលំបាកលំបិនប៉ុនណា បើខ្ញុំនាំឯងមកនៅជាមួយដែរ ខ្ញុំនឹងស៊យធំមិនខាន ខ្ញុំអាចនឹងបាត់បង់មុខតំណែងទៅវិញដោយសារតែស្មោះត្រង់ឯង ដូច្នេះយ៉ាងណាៗក៏ខ្ញុំមិនអាចនៅជាមួយឯងបានដែរ”។

ស្មោះត្រង់ទឹកភ្នែករលីងរលោង សម្លឹងមើលមុខតំណែងដែលប្រញាប់ចេញទូកទៅឆ្ងាយយ៉ាងអស់សង្ឃឹម​។ មានអារម្មណ៍វិលវល់ច្របូកច្របល់ចំពោះខ្លួនឯងយ៉ាងខ្លាំង  តែអ្វីដែលគេអាចធ្វើបាននៅពេលនេះគឺ រង់ចាំ រង់ចាំ និងរង់ចាំតែប៉ុណ្ណោះ។

សុខៗ ចង្វាក់តន្រ្តីដែលមិនសូវជាស៊ីចង្វាក់គ្នាប៉ុន្មាន ក៏លាន់ឮឡើង ទូកធំមួយគ្រឿងផ្ទុក “ប្រកួតប្រណាំង” ដ៏ច្រើនកំពុងឆ្លងកាត់មក។ ស្មោះត្រង់ក៏ស្រែកហៅ “ប្រកួតប្រណាំង! ប្រកួតប្រណាំង! ខ្ញុំសុំឡើងជិះទូកឯងទៅផងបានទេ?”

“ឯងជានរណា? ហើយឯងមានប្រយោជន៍ប៉ុនណាដែរសម្រាប់ពួកយើង?” ប្រកួតប្រណាំង ស្រែកសួរមកវិញ។

ស្មោះត្រង់មិនចង់និយាយអ្វីច្រើនទេ ព្រោះខ្លាចថា ខកខានឱកាសដូចគ្រាកន្លងមក  តែស្មោះត្រង់ ក៏នៅតែ ស្មោះត្រង់…។

“ខ្ញុំគឺស្មោះត្រង់ ណា៎…”

“ហ្អ៎ា! ឯងគឺស្មោះត្រង់ហ្អេ៎!? បើពួកខ្ញុំមានឯងនៅជាមួយ តើពួកខ្ញុំនឹងទៅប្រកួតប្រណាំងជាមួយអ្នកណាបានទៅ?” និយាយចប់ ក៏បែរក្បាលទូកចាកចេញទៅយ៉ាងរហ័ស។

ក្នុងខណៈដែលស្មោះត្រង់ កំពុងតែអស់សង្ឃឹម អង្គុយឱនមុខជ្រប់ សុខៗក៏មានសំឡេងទន់ភ្លន់ដ៏មានក្តីមេត្តាមួយបន្លឺឡើង ៈ

“កូនអ៊ើយ ឡើងទូកមក!”

ពេលស្មោះត្រង់ងើបមុខឡើង ក៏ឃើញតាចាស់សក់សព្រោងម្នាក់កំពុងឈរនៅលើទូក “ខ្ញុំគឺ តាចាស់នៃពេលវេលា

“ហេតុអីបានលោកតាត្រូវមកជួយខ្ញុំ?” ស្មោះត្រង់ សួរទៅវិញ ដោយក្តីចង់ដឹង។

មានតែពេលវេលាទេ ដែលដឹងថា សេចក្តីស្មោះត្រង់មានតម្លៃប៉ុនណាតាចាស់នៃពេលវេលា និយាយចេញមកដោយស្នាមញញឹម។

នៅលើដំណើរត្រឡប់ទៅកាន់ដីគោកវិញ តាចាស់នៃពេលវេលា បាននិយាយទៅកាន់ សេចក្តីសុខ  មុខតំណែង និងប្រកួតប្រណាំងដែលទាំងអស់គ្នាកំពុងតែលិចទូកនៅកណ្តាលសមុទ្រថា៖

“ចៅៗទាំងឡាយ ចូរចាំទុកថា បើប្រាសចាកសេចក្តីស្មោះត្រង់ហើយនោះ សេចក្តីសុខនឹងមិនអាចនៅបានយូរទេ  មុខតំណែងដែលបានមកក៏ជាមុខតំណែងក្លែងក្លាយ  ការប្រកួតប្រណាំងក៏នឹងជួបតែក្តីបរាជ័យ និងដួលរលំយ៉ាងអស់ក្បាច់ប៉ុណ្ណោះ”៕

រៀបរៀងដោយ ទិទីតំតាតូ

Advertisement