លោកអាជ្ញាកណ្តាលដែលត្រូវបានរងនូវការរុញ និងត្រូវបានចាត់ទុកថា គ្មានភាពស្មោះត្រង់ដោយលោក Arsene Wenger នោះ នឹងត្រូវកាត់សេចក្តីក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រនៅខែក្រោយ រវាងក្រុម Arsenal របស់គ្រូបង្វឹកជើងចាស់សញ្ជាតិបារាំងរូបនេះ និងក្រុម Chelsea។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA។
លោក Wenger បានរងពិន័យជាទឹកប្រាក់ ២៥០០០ផោន (ស្មើនឹង៣២០០០ដុល្លារអាមេរិក) សម្រាប់ការរុញទៅលើលោក Anthony Taylor ដែលជាមន្ត្រីអាជ្ញាកណ្តាលទី៤ អំឡុងពេលក្រុម Arsenal ទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Premier League លើក្រុម Burnley កាលពីថ្ងៃទី២២ ខែមករា។ លោកអាជ្ញាកណ្តាល Jon Moss បានឃើញថា លោក Wenger បានចោទប្រកាន់លោក Taylor ពីបទគ្មានភាពស្មោះត្រង់ទៅនឹង FA នៅមុនពេលប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅកាន់មន្ត្រីទីបួនរូបនេះ។
លោក Moss បានពិន័យកាតក្រហមដល់លោក Wenger ក្រោយពីក្រុម Burnley បានរកគ្រាប់បាល់ដោយការស៊ុតបាល់ប៉េណាល់ទី ហើយគ្រូបង្វឹករបស់ក្រុម Arsenal រូបនេះបានឈរឈ្លោះប្រកែកគ្នាក្នុងផ្លូវចូលទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំបែកនាកីឡដ្ឋាន Emirates។ បើយោងទៅតាម FA ក្រោយមក លោក Wenger បានរុញលោក Taylor ពីរលើក ប៉ុន្តែ ក្រោយមកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបាននិយាយថា៖ «ខ្ញុំពិតជាសោកស្តាយណាស់ ខ្ញុំគួរតែបិទមាត់ និងទៅផ្ទះជាធម្មតា។ ខ្ញុំសូមអភ័យទោសចំពោះបញ្ហានោះ»៕
ប្រភពពី៖ The Guardian