លោក Jose Mourinho បានចោទប្រកាន់ខ្សែប្រយុទ្ធ Sergio Aguero ពីបទសម្តែងធ្វើជាដួល ដើម្បីធ្វើឲ្យខ្សែបម្រើ Marouane Fellaini រងពិន័យកាតក្រហមក្នុងពេលក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Manchester City ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយកាលពីថ្ងៃព្រហស្បតិ៍។
ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Fellaini របស់ក្រុម Man United បានរងពិន័យកាតក្រហមភ្លាមៗនៅនាទី ទី៨៤ សម្រាប់ការប្រើក្បាលអុកទៅលើខ្សែប្រយុទ្ធ Aguero របស់ Man City ដែលបានធ្វើជាដួលទៅលើទីលាន។ លោក Mourinho បានអះអាងថា លោកមិនបានឃើញហេតុការណ៍នោះឡើយ ប៉ុន្តែ បានបញ្ជាក់ថា ការបញ្ទេញប្រតិកម្មរបស់ Aguero បានធ្វើឲ្យលោកអាជ្ញាកណ្តាល Martin Atkinson ផ្តល់កាតក្រហមដល់ Fellaini សម្រាប់ការប្រព្រឹត្តអំពើហិង្សា។ លោក Mourinho បានឲ្យដឹងថា៖ «Marouane Fellaini បាននិយាយថា វាជាការរងពិន័យក្រហមពីព្រោះរូបគេធ្វើឲ្យមានកំហុស។ លោក Martin Atkinson បានប្រាប់ខ្ញុំថា លោកគិតថា វាពិតជាការផ្តល់ការពិន័យកាតក្រហមដ៏ស័ក្តិសម»។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់បន្តថា៖ «ប៉ុន្តែ ខ្ញុំបានឃើញ Aguero នៅតាមផ្លូវចូលទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ និងមិនបានរងរបួសច្រមុះ និងរបួសក្បាល ឡើយ ហើយទឹកមុខរបស់គេតែងស្ថិតក្នុងភាពស្រស់ស្អាត ហេតុនេះខ្ញុំមិនប្រាកដចិត្តឡើយ»។ លោក Mourinho បានបន្ថែមទៀតថា៖ «ប្រសិនបើ Sergio មិនធ្វើជាដួលទៅលើទីលានទេនោះ ពិតណាស់ វាមិនមែនជាការពិន័យក្រហមឡើយ ប៉ុន្តែ ប្រសិនបើ Marouane ធ្វើឲ្យរូបគេធ្វើបែបនោះ ខ្ញុំមិនដឹងឡើយ»។ លោក Pep Guardiola គ្រូបង្វឹករបស់ Man City បានបដិសេធក្នុងការបញ្ចេញមតិទៅលើការផ្តល់កាតក្រហមនោះ និងបាននិយាយថា៖ «ខ្ញុំមិនមែនមកទីនេះដើម្បីកាត់សេចក្តីលើអ្វីដែលគូប្រកួតរបស់ខ្ញុំសម្រេចចិត្តនឹងធ្វើឡើយ»៕
https://www.youtube.com/watch?v=IUCgVVOcjVM
ប្រភពពី៖ Mirror