វិធី​សង្គ្រោះ​បន្ទាន់​ ជួយ​អ្នករងគ្រោះ​ដោយសារ​ “គ្រាប់បែក​ កាំជ្រួច​ ឬផាវ​”

មិនថា​ជា​ឧប្ប​តិ​ហេតុ​នៅក្នុង​ទីតាំង​គ្រោះថ្នាក់​ ហេតុការណ៍​អសន្តិសុខ​ក្នុង​ទីក្រុង​ ដែល​មានការ​ប្រើប្រាស់​គ្រាប់បែក​ដៃ​ផ្សេង​ៗ ឬនៅ​ក្នុង​ពិធីបុណ្យ​អបអរ​សា​ទរ​ផ្សេង​ៗដែល​មានការ​ដុត​កាំជ្រួច​ ឬអុច​ផាវ​នោះ​ឡើយ​ ហេតុការណ៍​ទាំងអស់​នេះ​អាច​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ រហូត​មានរបួស​ស្នាម​ដោយសារ​វត្ថុ​អស់ទាំង​នោះ​ ដែល​ជនរងគ្រោះ​ត្រូវតែ​បាន​ទទួលការ​ជួយ​សង្គ្រោះ​ភ្លាម​ៗទាន់ពេល​វេលា​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ និង​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ជា​បន្ត​។

វិធី​សង្គ្រោះ​បន្ទាន់​លើ​ស្នាមរបួស​របស់​ជនរងគ្រោះ​ដោយសារ​ “គ្រាប់បែក​ កាំជ្រួច​ ឬផាវ​”

1. ឃាត់ឈាម​នៅ​លើ​អវយវៈ​ដែល​រង​របួស​(ដូចជា​ ដាច់​ រយះ​)នោះ​ ដោយ​យក​ក្រណាត់​ស្អាត​បិទ​ពីលើ​ស្នាមរបួស​ហើយរុំ​ឱ្យ​ណែន​ការពារ​កុំឱ្យ​ឈាម​ហូរ​។ គួរតែ​ប្រើ​ក្រណាត់​បន្ទះ​ធំៗ​ ដូចជា​ក្រណាត់​រា​ងយឺ​តៗ​ មិន​គួរ​ប្រើ​ខ្សែ​ ឬកៅស៊ូ​ចង​រឹត​អវយវៈ​ដែល​រង​របួស​នោះ​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​រឹត​ណែន​ខ្លាំង​ ខូច​សរសៃប្រសាទ​ និង​សរសៃឈាម​។

2. សង្កេតមើល​អាការ​ជនរងគ្រោះ​ បើ​ហូរ​ឈាម​ច្រើន​ ចូរ​ដាក់​ឱ្យ​គេង​សម្រាក​ និង​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗកុំ​បង្អង់​យូរ​។ គួរ​តម​ឱ្យ​អាហារ​តាម​មាត់​ ឱ្យ​ក្រេប​ទឹក​បន្តិចបន្តួច​ ព្រោះ​អាច​នឹង​ត្រូវ​ទទួលការ​វះកាត់​បន្ទាន់​។ កុំ​ភ្លេច​រក្សាទុក​ចំណែក​អវយវៈ​ដែល​ដាច់​ជា​ពីរ​នោះ​ផង​។

3. យក​វត្ថុ​កខ្វក់​ចេញពី​ចំណែក​អវយវៈ​ដែល​ដាច់​ជា​ពីរ​នោះ​ លាង​ទឹក​ឱ្យ​ស្អាត​ ដាក់​ក្នុង​ថង់​ផ្លា​ស្ទិ​ក បិទមាត់​ថង់​ឱ្យ​ជិត​ណែន​ ទុក​ក្នុង​ធុងទឹក​កក​ ឬក្នុង​ថង់​ដែល​មាន​ទឹកកក​(សីតុណ្ហភាព​ប្រមាណ​ 4អង្សាC​)។

4. ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ឱ្យ​បាន​លឿន​បំផុត​។ អវយវៈ​ដែល​មានសាច់​ដុំ​ច្រើន​ៗដូចជា​ដៃ​ ឬជើង​ ត្រូវតែ​បាន​ទទួលការ​វះកាត់​តសរសៃឈាម​ឱ្យ​លឿន​បំផុត​ក្នុងរយៈ​ពេល​ 6ម៉ោង​ ព្រោះ​សាច់ដុំ​នឹង​ស្លាប់​បើសិន​ទុក​ចោល​យូរ​ពេក​។ ចំណែក​អវយវៈ​ដែល​គ្មាន​សាច់ដុំ​ដូចជា​ម្រាមដៃ​ អាច​រក្សាទុក​បាន​ពី​ 12​-18ម៉ោង​ ក៏​នៅ​អាច​តភ្ជាប់​វិញ​បាន​ដែរ​។

5. បើ​នាំទៅ​មន្ទីរពេទ្យ​បាន​ក្នុងរយៈពេល​ 2-3ម៉ោង​ អាច​នាំទៅ​បានតែ​ម្ដង​ ខាង​មន្ទីរពេទ្យ​អាច​នឹង​ត្រៀម​រក្សាទុក​ចំ​-ណែ​កអវយវៈ​ដែល​ដាច់​ចេញ​នោះ​ ដើម្បី​ធ្វើការ​តឡើងវិញ​។

កំណត់សម្គាល់៖​ អវយវៈ​ដែល​ដាច់​ចេញពី​គ្នា​ ត្រូវតែ​នៅ​មាន​សរសៃឈាម​ និង​សាច់​ភ្នាស​ដែល​មិន​ខ្ទេច​គ្រាំគ្រា​ខ្លាំង​ ដូចជា​ ដាច់​ចេញ​ដោយសារ​ត្រូវ​កាំបិត​កាប់​ ដាច់​ដោយសារ​គ្រឿង​ម៉ាស៊ីន​-ល- ហើយ​ការ​រក្សាទុក​ចំណែក​អវយវៈ​ដែល​ដាច់​ បើជា​ម្រាមដៃ​ ចូរ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ 4អង្សាC​ អាច​រក្សាទុក​បាន​មិន​លើស​ពី​ 12​-18ម៉ោង​។ ចំណែក​របស់​ដៃ​ ជើង​ អាច​រក្សាទុក​បាន​មិន​លើស​ 6ម៉ោង​ ចំណែក​របស់​បាតដៃ​អាច​រក្សាទុក​បាន​មិន​លើស​ 12ម៉ោង​។ បើ​មិន​បាន​រក្សាទុក​ត្រឹមត្រូវ​ទេ​ ត្រូវ​ប្រញាប់​នាំ​យក​ទៅ​មន្ទីរពេទ្យ​ក្នុងរយៈពេល​ 2-3ម៉ោង​៕

Advertisement