ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ (The 29th Sea Game) នៅប្រទេសម៉ាឡេស៊ី នាខែសីហា ដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ សហព័ន្ធកីឡាទូកក្ដោង ជាបេក្ខភាពមួយ ដែលក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានផ្ដល់សិទ្ធិទៅចូលរួមនោះ បាននឹងកំពុងរៀបគម្រោងប្រជែងយកមេដាយ និងកំពុងធ្វើការហាត់សម នៅឆ្នេរសមុទ្រ ខេត្តកែបជាកន្លែងហ្វឹកហាត់ជាស្ដង់ដាអន្តរជាតិ។
ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសម្រេចជ្រើសរើសយកក្លឹបទូកក្តោងកែប ធ្វើជាមូលដ្ឋានហ្វឹកហាត់មួយ ដើម្បីហ្វឹកហាត់បច្ចេកទេសទូកក្តោង ក្នុងការត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ (The 29th Sea Game) ដែលនឹងប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ី និងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមសម្តែងអបអរសាទរ ក្នុងពិធីបុណ្យ សមុទ្រលើកទី៦ ដែលនឹងរៀបចំនៅខេត្តកែប នាពេលខាងមុខនេះ ពិសេសដំណើរឆ្ពោះទៅរកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ប្រធានសហព័ន្ធ កីឡាទូកក្តោងកម្ពុជា លោក ថោង រដ្ឋាស័ក បានឱ្យដឹងថា៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងក្លឹបទូកក្តោងកែប មានចក្ខុវិស័យរួម គឺណែនាំ តម្រង់ទិស ជំរុញលើកទឹកចិត្តដល់ក្មេងៗ និងយុវជន កម្ពុជា ឱ្យមានចិត្តស្រលាញ់កីឡាទូកក្តោង ដើម្បីប្រមូលផ្តុំកីឡាករទូកក្តោង និងចម្រាញ់យកកីឡាករឆ្នើម ដែលអាចតំណាងឱ្យកម្ពុជា ដើម្បីចូលរួមការប្រកួតក្នុងឆាកជាតិ និងអន្តរជាតិ។
លោកបន្តថា ក្លឹបទូកក្តោងកែប មានទីតាំងស្ថិតនៅក្នុងខេត្តកែប ដែលមានឆ្នេរសមុទ្រមួយដ៏ស្រស់ស្អាត ហើយក្លឹបនេះ មិនត្រឹមតែ ជាកន្លែងបម្រើសេវាកីឡាលើទឹកដ៏សម្បូរបែបនោះទេ វាក៏ជាផលិតផលទេសចរណ៍ថ្មី ដ៏មានសក្តានុពលទាក់ទាញរបស់ Knai Bang Chatt Resort ផងដែរ។
ប្រធានសហព័ន្ធរូបនេះ ជឿជាក់ថា ផ្អែកលើលក្ខណៈអំណោយផលនៃទីតាំង និងភាពសំបូរបែបនៃសេវាកីឡាលើទឹកនេះ ក្លឹបទូកក្តោងកែបនឹងក្លាយជាគោលដៅកីឡាទេសចរណ៍ថ្មីមួយ ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ សមស្របនិងការប្រសិទ្ធនាម ថាជា «តារារះនៅទិសនិរតី» ដែលបានផ្តល់ឱ្យដោយក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក៕