វត្ថុ 18យ៉ាង ដែល​យើង​តែង​បានឃើញ តែ​មិន​ធ្លាប់​ដឹង ថា​តើ​គេ​ធ្វើឡើង​ដើម្បី​គោលបំណង​អ្វី?​

បើសិន​លោក​អ្នកជា​មនុស្ស​ប៉ឹ​ន​សង្កេត​នោះ លោកអ្នក​ច្បាស់​ជា​ធ្លាប់​ឃើញ​វត្ថុតូចៗមួយចំនួន​ដែល​អាច​នឹងធ្វើ​ឲ្យ​ទើសភ្នែក​លោកអ្នក​ខ្លះ​មិន​ខាន ព្រោះ​វា​ជា​រឿង​ដែល​យើង​មើលឃើញ​រាល់ថ្ងៃ តែ​យើង​មិនដែល​ធ្លាប់​ដឹង​សោះឡើយ​ថា តើ​គេ​ធ្វើ​វា​ឡើង​ដើម្បី​អ្វី ដូច្នេះ​ថ្ងៃនេះ ទំព័រ​ចំណេះដឹង​ទូទៅ​របស់ «គេហទំព័រ​ឡា​រ៉ែ​ន» សូម​ចូលខ្លួន​មក​ជម្រាបជូន​មិត្ត​អ្នកអាន​ថា តើ​វត្ថុផ្សេងៗដែល​យើង​ឃើញ​ទាំងអស់នោះ គេ​ធ្វើ​វា​ឡើង​ដើម្បី​គោលបំណង​អ្វី?

1 . រន្ធ​តូច​មួយ​នៅលើ​ចុង​នៃ​គម្រប​ប៊ិច


មនុស្សជាច្រើនៗតែ​គិតថា រន្ធ​តូច​មួយ​ដែល​នៅលើ​ចុង​គម្រប​ប៊ិច​នោះ គេ​ធ្វើឡើង​ដើម្បី​ធ្វើឱ្យ​ចុង​ប៊ិច​នោះ​ស្ងួត​រហូត ឬ​ជា​ហេតុផល​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សម្ពាធ​ធាតុអាកាស តែ​ការពិត​វិញ ហេតុផល​ពីដំបូង​រប​ស់វា​គឺ កាត់បន្ថយ​ភាព​ប្រថុយប្រថាន​របស់​ការដក​ដង្ហើម​មិន​រួច​ពេលដែល​ក្មេង​ភ្លេចខ្លួន​ច្រឡំ​លេប​គម្រប​ប៊ិច​ចូលទៅ ដែល​រន្ធ​នេះ​នឹង​ជួយ​ធ្វើឱ្យ​ក្មេងរងគ្រោះ​នោះ​អាច​ដកដង្ហើម​រួច​ក្នុងអំឡុងពេល​នាំខ្លួន​ទៅ​មន្ទីរពេទ្យ​ហ្នឹងឯង។

2 . រន្ធ​តូច​មួយ​នៅលើ​កញ្ចក់​បង្អួច​យន្តហោះ


ជា​រន្ធ​តូច​មួយ​ដែល​ធ្វើឡើង​ដោយ​ហេតុផល 2ផ្នែក ហេតុផល​ដំបូង​គឺ ដើម្បី​បំពេញ​មកវិញ​នូវ​សម្ពាធ​ធាតុអាកាស​នៅពេល​យន្តហោះ​ហោះ​កាន់តែ​ខ្ពស់​ឡើង ដែល​វា​នឹងមាន​ភាពខុសប្លែក​គ្នាច្រើន​រវាង​សម្ពាធ​ខាងក្នុង និង​ខាងក្រៅ​យន្តហោះ និង​ហេតុផល​មួយទៀត​គឺ ជួយ​កុំឱ្យ​កើតមាន​ចំហាយ​អ័​ព្ធ ឬ​ទឹកកក​ឡើង​ស្រអាប់​នៅលើ​កញ្ចក់។

3 . បន្ទះ​ក្រណាត់​តូច​មួយ​ដែល​ថែម​មកជា​មួយ​ខោអាវថ្មីៗ


លោកអ្នក​អាច​គិតថា វា​គឺជា​បំណែក​បម្រុង​ទុក​សម្រាប់​ប៉ះ ឬ​ជួសជុល​មែន​ទេ? ខុសស្រឡះ! ព្រោះ​អ្នក​ផលិត​តែងតែ​ដាក់​គំរូ​សាច់​ក្រណាត់​មកជា​មួយ ដើម្បីឱ្យ​លោកអ្នក​បាន​យកទៅ​សាកល្បង​បោកគក់​មើលថា តើ​ការបោក​គក់​វា​នឹងមាន​ប្រតិកម្ម​ជាមួយ​ខោអាវ​ថ្មី​នោះ​យ៉ាងណាខ្លះ។

4 . ហោប៉ៅ​ខោ​តូច​មួយ​លើ​ខោ​ខូវប៊យ


ថយ​ត្រឡប់​ទៅ​កាលពី​អំឡុង​សតវត្ស​ទី 19វិញ ហោប៉ៅ​តូច​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​ទុកឱ្យ​បណ្តាជន​ខូវប៊យ ឬ​កម្មករ​អណ្តូងរ៉ែ​នៅ​សម័យ​នោះ​ដែល​និយម​ចូលចិត្ត​ស្លៀកខោ​ខូវប៊យ​ទុកដាក់​នាឡិកា​របស់ខ្លួន​នៅក្នុង​នោះ ដែល​ហ្វេ​ស្សឹ​ន​នេះ​នៅតែ​ត្រូវបាន​ផលិតឡើង​យ៉ាង​បន្តបន្ទាប់ រហូត​ក្លាយជា​វប្បធម៌​មួយ​របស់​ខោ​ខូវប៊យ​ទៅហើយ។

5 . ឡេវ​ដែកតូចៗ 3គ្រាប់ នៅត្រង់​ហោប៉ៅ​ខោ​ខូវប៊យ


នៅក្នុង​សតវត្ស​ទី 19ដដែល នៅពេល​កម្មករ​អណ្តូងរ៉ែ​តែងតែ​រអ៊ូរទាំ​រឿង​ខោ​ខូវប៊យ​ដែល​ចេះតែ​រហែក​ញឹកញាប់​នោះ លោក លី​វ៉ា​យស៍ ស្ត្រៅ​ស៍ អ្នកបង្កើត​ម៉ាក​ខោ​ខូវប៊យ លី​វ៉ា​យស៍ ក៏​រិះ​រកឃើញ​ឡេវ​កិប​ធ្វើ​ពី​ទង់ដែង​ដែល​ហៅថា Rivets នេះ​ឡើង ដើម្បី​ការពារ​ការ​សឹក​រេច និង​ដាច់​រហែក​របស់​គែម​ថ្នេរ​ខោ​ហ្នឹងឯង។

6 . រន្ធតូចៗ 2 នៅ​ផ្នែក​ខាង​នៃ​ស្បែកជើង Converse All star


ហេតុផល​ចម្បង​ដែល​ច្បាស់លាស់​បំផុត​របស់​រន្ធតូចៗនោះ​គឺ ដើម្បី​បញ្ចេញ​ខ្យល់អាកាស​កុំឱ្យ​ហប់​ក្នុង​ស្បែកជើង តែមាន​អ្នកខ្លះ​គិតថា ពីដំបូង Converse ផលិត​ស្បែកជើង​សម្រាប់​លេង​បា​ស្កេ​ត ប​ល ដូច្នេះ​រន្ធតូចៗនេះ​អាច​ធ្វើឡើង​ជាពិសេស​ដើម្បី​ចង​ថ្ពក់​ខ្សែ​ឱ្យ​ស្បែកជើង​បា​ស្កេ​ត ប​ល​កាន់តែ​ណែន​ជាប់ជើង​ឡើង។

7 . ប្រហោង​តូច​មួយ និង​ស្នាម​ដូច​ធ្មេញរណា​នៅត្រង់​ចុង​ខ្សែ​ដន្លាប់​ម៉ែត្រ


ប្រហោង​តូច​នោះ​មាន​សម្រាប់​ឱ្យ​លោកអ្នក​អាច​ថ្ពក់​ពាក់​នឹង​ក្បាលដែកគោល​ដើម្បី​ប្រើ​វាស់​រយៈ​ចម្ងាយ​បាន​យ៉ាង​ជាប់​ណែន និង​ច្បាស់លាស់ ហើយ​បើសិន​គ្មាន​ក្បាលដែកគោល​សម្រាប់​ថ្ពក់​ទេ ក៏​លោកអ្នក​អាច​ប្រើ​កន្លែង​ដែលមាន​ស្នាម​ដូច​ធ្មេញរណា​នោះ​គូស​នៅលើ​សម្ភារ​ដែល​ចង់​វាស់​នោះ ធ្វើជា​សញ្ញា​ចំណាំ​ដើម្បី​វាស់​បាន​ផងដែរ។

8 . រន្ធ​នៅត្រង់​ចុងដៃ​កាន់​របស់​ឆ្នាំង


ហេតុផល​ដែល​ក្រៅ​អំពី​មាន​សម្រាប់​យកទៅ​ព្យួរ​នៅតាម​ជញ្ជាំង​ហើយ​នោះ លោកអ្នក​នៅ​អាច​ប្រើ​រន្ធ​ត្រង់​កន្លែង​ដៃ​ឆ្នាំង​នេះ​សម្រាប់​ទុក​វែក ឬ​ស្លាបព្រា​សម្រាប់​កូរ​ម្ហូបអាហារ​បាន​ទៀតផង។

9 . សញ្ញា​ព្រួញ​នៅជាប់​នឹង​សញ្ញា​បង្ហាញ​ចំណុះ​ប្រេងសាំង​នៅលើ​តា​ប្លូ​រថយន្ត


លោកអ្នក​អាច​នឹងមិន​ធ្លាប់​សង្កេត​ពីមុនមក​ថា មាន​រូប​សញ្ញា​ព្រួញ​តូច​មួយ​នៅ​ម្តុំ​សញ្ញា​បង្ហាញ​ចំណុះ​ប្រេងសាំង​នៅលើ​តា​ប្លូ​រថយន្ត​របស់លោក​អ្នក​ទេ​មើលទៅ សញ្ញា​ព្រួញ​នេះ​គឺជា​ការ​ប្រាប់​ពី​ទីតាំង​របស់​ធុងសាំង​របស់​រថយន្ត​លោកអ្នក​ថា នៅ​ខាងឆ្វេង ឬ​ខាងស្តាំ​នៃ​តួ​រថយន្ត​ហ្នឹងឯង ដែល​ជួនកាល​វា​មិនមែនជា​រូប​សញ្ញា​ព្រួញ​ទេ តែ​ជា​រូប​ខ្សែ​ទុយោ​សាំង​ជំនួស​វិញ។

10 . ស្នាម​រួញ​ទឹករលក​នៅលើ​ដង្កៀប​គាប​សក់


ស្នាម​ទឹករលក​នេះ​ជួយ​ប្រាប់​ឱ្យ​អ្នក​ដឹងថា វា​ជា​ផ្នែក​ដែល​ត្រូវ​នៅ​ផ្នែក​ខាងក្រោម​ដើម្បី​ផ្អឹប​ជាមួយ​ស្បែកក្បាល​របស់​អ្នក​ហ្នឹងឯង ដោយ​ស្នាម​រួញ​ទឹករលក​នេះ​នឹង​ជួយ​គាប​សក់​របស់​អ្នក​ឱ្យនៅ​ជាប់​បានល្អ។

11 . រន្ធ​តូច​មួយ​ខាងក្រោម​មេសោ


បើ​លោកអ្នក​ធ្លាប់​ផ្ងារ​មេសោ​មើល លោកអ្នក​នឹង​ដឹងថា វា​មាន​រន្ធ​តូច​មួយ ដែល​រន្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​បញ្ចេញ​ទឹក​ដែល​ចូលទៅ​កកស្ទះ​នៅក្នុង​មេសោ ព្រោះ​បើ​គ្មាន​រន្ធ​បង្ហូរទឹក​នេះ​ទេ ពេល​ភ្លៀង​ធ្លា​ក់មក ទឹក​ដែល​ចូលទៅ​អាច​នឹង​ធ្វើឱ្យ​មេសោ​ច្រែះ​ស៊ី​នាំឱ្យ​គាំង​ប្រើ​ការលែង​បាន ក្រៅពីនេះ​រន្ធ​នេះ​នៅ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​បន្តក់​ប្រេងម៉ាស៊ីន​ចូល​ដើម្បីឱ្យ​វា​ធ្វើការ​បាន​ស្រួល​ជាប់​រហូត​ទៀតផង។

12 . ដុំ​រាង​ដូច​ថ្មពិល​ពណ៌​ខ្មៅ​នៅ​នឹង​ខ្សែ​បញ្ចូលភ្លើង​របស់​លែ​ប​ថប់


នេះ​មិនមែន​សម្រាប់​ការពារ​ខ្សែភ្លើង​បាក់​ខាងក្នុង​នោះទេ តែ​វា​គឺ ហ្វ៊ើ​រ៉ៃ ប៊ីត ឬ​ដុំ​ហ្វ៊ើ​រ៉ៃ ដែលមាន​សម្រាប់​ការពារ ឬ​ជួយ​ត្រង​រលកសញ្ញា​រំខាន​មិនឱ្យ​ចូលមកក្នុង​លែ​ប​ថប់​បាន ដូចជា​នឹងធ្វើ​ឱ្យ​អេក្រង់ញាក់ៗ និង​ភ្លឺ​ភ្លិ​ប​ភ្លែត ជាដើម។

13 . ស្នាម​ត្រេ​តូច​មួយ​នៅលើ​ឃីបត​ត្រង់​តួអក្សរ F និង J


មនុស្ស​ជាច្រើន​មិន​ធ្លាប់​ទាំង​ដឹងផង​ថា លើ​ឃិ​បត​របស់​យើង​មាន​ស្នាម​ត្រេ​តូច​មួយ​រាង​ពក​ឡើង​បន្តិច​នៅក្រោម​តួអក្សរ F និង J តែ​អ្នក​ដែល​រៀន​វាយ​អក្សរ​នឹង​ដឹង​ច្បាស់​ថា តួអក្សរ​ទាំងពីរ​នេះ​ជាទី​តាំង​ដែល​អ្នក​ត្រូវដាក់​ម្រាម​ចង្អុលដៃ​ទាំងពីរ​ខាង ដោយ​ស្នាម​ត្រេតូចៗនេះ​នឹង​ជួយ​ឱ្យ​អ្នក​លើក​ម្រាម​ចង្អុលដៃ​មក​ដាក់​ចំ​កន្លែង​ដើម​វិញ ដោយ​គ្រាន់តែ​ការ​ប៉ះ​បន្តិច​ប៉ុណ្ណោះ។

14 . រន្ធ​នៅលើ​បន្ទាត់


កុំទៅ​គិត​អី​វែងឆ្ងាយ ព្រោះ​រន្ធ​នៅលើ​ចុង​បន្ទាត់​នេះ មាន​សម្រាប់​ទុក​ថ្ពក់​ព្យួរ​ប៉ុណ្ណោះឯង។

15 . រន្ធ​តូច​មួយ​នៅ​ជិត​កាមេរ៉ា​ក្រោយ​របស់​ទូរស័ព្ទដៃ


មនុស្ស​ជាច្រើន​អាច​សង្កេតឃើញ តែ​មិនដែល​ដឹងថា រន្ធ​នោះ​មាន​ដើម្បី​ធ្វើ​អ្វី​ឡើយ។ ការពិតទៅ​វា​គឺជា​ម៉ៃ​ក្រូ​ហ្វូ​ន​សម្រាប់​ពេលដែល​លោកអ្នក​ថត​វី​ឌី​អូ​ដោយ​បើក​កាមេរ៉ា​ហ្នឹងឯង (ចាប់យក​សំឡេង​ពី​ខាងក្រោយ)។

16 . បន្ទះ​ផ្លា​ស្ទិ​ក​ក្រោម​គម្រប​ដប


ដើម្បី​ការបិទ​ភ្ជិត​ដែល​ល្អឥតខ្ចោះ ដូច្នេះ​ក្នុង​ភេសជ្ជៈ​ប្រភេទ​ខ្លះ ដូចជា ទឹក​ភេសជ្ជៈ​ដប យើង​តែង​ឃើញ​មាន​បន្ទះ​ផ្លា​ស្ទិ​ក​នៅក្រោម​គម្រប​ដប​នោះ ដែល​វា​ជួយ​ការពារ​មិនឱ្យ​ទឹក​ភេសជ្ជៈ​នោះ ឬ​ហ្កា​ស​របស់​ទឹក​ភេសជ្ជៈ​នោះ​លេច ឬ​ជ្រាប​ចេញមក។

17 . ផ្នែក​ពណ៌​ខៀវ​របស់​ជ័រលុប


ទោះជា​អ្នក​ផលិត​បានបញ្ជាក់​ដោយ​ដាក់​រូប​ស្លាបប៉ាកកា​នៅលើ​ផ្នែក​ពណ៌​ខៀវ​របស់​ជ័រលុប​ក៏ដោយ តែ​ប្រាកដ​ណាស់​ថា វា​ច្រើន​តែមាន​បញ្ហា​ជាមួយ​ការប្រើ​លុប​ទឹកប៊ិច ឬ​ស្លាបប៉ាកកា​ជាប្រចាំ។ វិធី​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការប្រើ​ជ័រលុប​ខាង​ពណ៌​ខៀវ​នេះ​គឺ ប្រើ​វា​សម្រាប់​លុប​លើ​ក្រដាស់​ដែល​ក្រាស់ និង​គ្រើម។

18 . គូទ​ដប​ដែល​ខូង​ចូលក្នុង


មាន​មនុស្ស​តិច​ណាស់​ដែល​នឹក​ឆ្ងល់​ថា ហេតុ​អី​បានជា​គូទ​ដប ជាពិសេស​ពួក​ដប​ស្រា​ទំពាំងបាយជូរ និង​ស្រា​សំប៉ាញ​ត្រូវតែ​ខូង​ចូលក្នុង​បន្តិច? មនុស្ស​ជាច្រើន​ជឿថា ដែល​គេ​ធ្វើឱ្យ​វា​មាន​រាង​ខូង​ចូលក្នុង​បន្តិច​នេះ​គឺ ងាយស្រួល​ក្នុង​ការដាក់​បញ្ឈរ​ឱ្យ​នឹង កុំឱ្យ​ឃ្លោង​ហ្នឹងឯង តែ​ការពិត​វិញ វា​ជា​ការជួយ​ទប់​កម្លាំង​សម្ពាធ​ក្នុងអំឡុងពេល​រុញ​ឆ្នុក​ស្នោ​បិទមាត់​ដប​ចូល ព្រោះ​ផ្នែកខាងៗរបស់​ដប និង​បាត​ដប​គឺជា​ចំណុច​ដែល​ងាយ​នឹង​ប្រេះ​បែក​បំផុត ទើប​គេ​ធ្វើឱ្យមាន​ស្នាម​ខូង​ដែល​ទុល​ឡើង​នៅក្នុង​ដប​នោះ​ដើម្បី​ជួយ​បំ​ភាយ​កម្លាំង​សម្ពាធ​នៅក្នុង​ដប​កុំឱ្យ​បុក​មក​ខាងក្រោម​ខ្លាំងពេក​ហ្នឹងឯង៕

Advertisement