មុនពេល​ខ្ចីលុយ​គេ តើ​អ្នក​គួរ​គិត​លើ​កត្តា​អ្វីខ្លះ?

មុនពេល​សម្រេចចិត្ត​ខ្ចីប្រាក់ អ្នក​គួរ​ពិចារណា​លើ​ហេតុផល ឬ​ការសម្រេចចិត្ត​បែបណា ដើម្បីឱ្យ​ផែនការ​ប្រើប្រាស់​ប្រាក់កម្ចី​បានច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព​ជៀសវាង​ការចំណាយ​ឥតប្រយោជន៍។ ដូច្នេះ អ្នក​គួរតែ​យល់ដឹង​ពី​សំនួរ និង​ចម្លើយ​មួយចំនួន​នេះ៖
– តើ​យកប្រាក់​មកប្រើប្រាស់​ក្នុង​គោលបំណង​អ្វី?
– តើ​គោលបំណង​នេះ វា​គឺជា​ចំណាយ​សុទ្ធ ឬ​ជាការ​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ?
– បើ​វា​ពិតជា​ការចំណាយ​សុទ្ធ​មែន តើ​វា​សាក​សម​ក្នុងការ​ចំណាយ​ដែរឬទេ?

ដើម្បីឱ្យ​ផែនការ​ប្រើប្រាស់​ប្រាក់កម្ចី​បានច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ក្នុងការ​ជៀសវាង​ការចំណាយ​ឥតប្រយោជន៍​មួយចំនួន​នោះ អ្នក​គួរ​ពិចារណា​មុនពេល​សម្រេចចិត្ត​ដូចជា៖
1. ត្រូវ​កំណត់​គោលបំណង​នៃ​ការខ្ចីប្រាក់​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ការពិចារណា​ពី​ផែនការ​ប្រើប្រាស់​ប្រាក់កម្ចី​បានច្បាស់លាស់​ជាមុន ពិតជា​មាន​ប្រសិទ្ធភាព​ជៀសវាង​ការចំណាយ​ឥតប្រយោជន៍។
2. ត្រូវ​សិក្សា​ពី​លទ្ធភាព​បង់​សង​ប្រាក់កម្ចី​មិនមែន​ផ្អែកទៅលើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​កំពុងមាន​នោះទេ អ្នក​ត្រូវ​គិតពី​ចរន្ត​សាច់ប្រាក់​ដែល​បានមកពី​ប្រភព​នៃ​ចំណូលផ្សេងៗថា តើ​ក្រោយពី​ទូទាត់​ចំណាយ​នៅក្នុង​គ្រួសារ តើ​អ្នក​នៅសល់​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការបង់​សង​កម្ចី​ឬទេ។ ដូច្នេះ ត្រូវ​ហ៊ាន​និយាយថា (ទេ) ប្រសិនបើ​អ្នក​គិតថា អ្នក​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការសង​ប្រាក់កម្ចី​មកវិញ។
3. សិក្សា​ស្វែងយល់​ពី​ស្ថាប័ន​ដែល​ផ្តល់​ប្រាក់កម្ចី​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​អ្នក​ត្រូវ​ដឹង​ច្បាស់​ពី​លក្ខខណ្ឌផ្សេងៗរបស់​ស្ថាប័ន​ដែល​ផ្តល់ប្រាក់​កម្ចី​ដូចជា អត្រា​ការប្រាក់ លក្ខខណ្ឌ​បង់​សង និង​រយៈពេល​បង់​សង មុនពេល​សម្រេចចិត្ត​ជ្រើសរើស​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ស្ថាប័ន​នោះ។
4. ស្វែងរក​ការប្រឹក្សា​យោបល់​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​អ្នក​យល់​មិន​ច្បាស់​ពី​ចំណុច​ណាមួយ​ខាងលើនេះ អ្នក​គួរ​សុំ​ការប្រឹក្សា​យោបល់​ពី​អ្នក​ដែល​ធ្លាប់មាន​បទពិសោធន៍​ទទួល​ប្រាក់កម្ចី​យកទៅ​ប្រើប្រាស់​ហើយ​រីកចម្រើន។
5. ជៀសវាង​យកប្រាក់​កម្ចី ដើម្បី​បង្វិល​ដោះបំណុលផ្សេងៗ អ្នក​គួរ​ជៀសវាង​ខ្ចីប្រាក់​ពី​ស្ថាប័ន​ច្រើន​ក្នុងពេល​តែមួយ ដើម្បី​យកទៅ​ដោះបំណុល។ ការធ្វើ​ដូច្នេះ មិនបាន​ជួយ​អ្នក​ឱ្យ​រួច​ផុតពី​បំណុល​នោះទេ តែ​ផ្ទុយទៅវិញ កាន់តែ​ធ្វើឱ្យ​អ្នក​ជួប​បញ្ហា​ជាច្រើន​ទៅវិញ៕

Advertisement