រឿង​ត្រូវ​ប្រយ័ត្ន 5យ៉ាង ពេល​នាំ​កូន​ ដើរ​ក្នុងហាង​ ឬ ផ្សា​ទំនើប

តាម​រយ:ឧប្បត្តិហេតុ​ជាច្រើន​ដង​ដែល​តែងតែ​កើតឡើង​នៅក្នុង​ហាង​ ផ្សារ​ទំនើប​ធំៗ​ និង​ភាគច្រើន​ច្រើន​កើតឡើង​ចំពោះ​កុមា​រតូចៗ​ ដោយសារតែ​ស្ថិត​ក្នុង​វ័យ​ដ៏​សែន​រពឹស​ និង​ឪពុក​ម្តាយ​មិនបាន​ប្រុងប្រយ័ត្ន​ផង​នោះ​ ទើប​ធ្វើ​ឱ្យ​កើត​ឧប្បត្តិហេតុ​ដែល​មិន​នឹកស្មាន​ដល់​ឡើង​បាន​។ ដូច្នេះ​ការ​បង្ហាត់​ ឬប្រាប់​កូន​ឱ្យ​ចេះ​ប្រុងប្រយ័ត្ន​ជា​មុន​នោះ​ គឺជា​វិធីការ​ពារ​បញ្ហា​ជាមុន​ដ៏​ល្អ​បំផុត​មួយ​។ នៅ​ក្នុង​ទស្សនាវដ្តី​ ឡា​រ៉ែ​ន លេខ​នេះ​ យើង​នាំគ្នា​មក​មើល​ថា​ នៅពេល​ដែល​ចង់​នាំ​កូន​ៗទៅលេង​ផ្សារ​ទំនើប​តើមាន​រឿង​អ្វីខ្លះ​ដែល​លោកឪពុក​អ្នកម្តាយ​ត្រូវ​ប្រយ័ត្ន​?

1. ជណ្តើរ​យន្ត​
ត្រូវ​ធ្វើ​
-ចាប់កាន់​ដៃ​កូនតូច​ជាប់​ជានិច្ច​ ខណ:ពេល​ឡើង​ជណ្តើរ​យន្ត​។ ឱ្យ​កូន​ឈរ​បែរមុខ​ទៅ​រក​ទិស​ស្របគ្នា​នឹង​ការ​រំកិល​(ឡើង​ ឬចុះ​)របស់​ជណ្តើរ​។
-ពិនិត្យមើល​ភាព​រៀបរយ​របស់​សម្លៀក​បំពាក់​កូន​ ដូចជា​ ជាយ​អាវ​ ជើងខោ​ ឬជាយ​សំពត់​ ខ្សែចង​ស្បែកជើង​ -ល- ថា​តើមាន​ផ្នែក​ណាមួយ​ត្រូវ​កៀប​ជាប់​នៅក្នុង​ធ្មេញ​របស់​កាំជណ្តើរ​យន្ត​ឬអត់​?
-នៅពេល​កើតហេតុ​បន្ទាន់​ ដូចជា​ជណ្តើរ​យន្ត​កំពុង​កៀប​កូន​ ឬទាញ​ជាយ​ខោអាវ​ ឬខ្សែ​ស្បែកជើង​កូន​ចូល​ទៅ​នោះ​ ចូរ​ចុច​កុងតាក់​បញ្ឈប់​ជណ្តើរ​យន្ត​ជាបន្ទាន់​(នៅ​ជាប់នឹង​បង្កាន់ដៃ​នៃ​កាំ​ទី1​)ភ្លាម​។ បើ​ស្ថិតនៅ​ឆ្ងាយ​មិន​អាច​ចុច​ដោយ​ខ្លួនឯង​បាន​ ត្រូវ​ប្រញាប់​ប្រាប់​បុគ្គលិក​របស់​ហាង​ឬអ្នក​ឡើង​ជណ្តើ​យន្ត​ជាមួយគ្នា​ ឱ្យ​គេ​ជួយ​ចុច​ឱ្យ​ក៏បាន​។

មិន​ត្រូវ​ធ្វើ​
-កុំឱ្យ​កូន​អង្គុយ​ ឬលេង​ ខណ:ពេល​កំពុង​ឡើង​ជណ្តើរ​យន្ត​ (សូម្បីតែ​ការ​ឈរ​បែរខ្នង​ដាក់​ជណ្តើរ​ក៏​មិន​គួរ​ធ្វើ​ដែរ​) ព្រោះ​វា​អាច​ប្រថុយ​នឹង​ការ​ត្រូវ​កៀបដៃ​ ឬជើង​បាន​យ៉ាង​ងាយ​។
-ចៀសវាង​ការ​យក​រទេះ​កូនក្មេង​ឡើង​តាម​ជណ្តើរ​យន្ត​ តែ​ត្រូវ​ឡើង​តាម​ជណ្តើរ​យន្ត​ប្រអប់​ជំនួស​វិញ​ ព្រោះ​វា​អាច​នឹង​កើត​ឧប្បត្តិហេតុ​ ដូចជា​រទេះរុញ​កូន​អាច​នឹង​របូតពីដៃ​ រអិល​ធ្លាក់​ទៅ​ក្រោម​ នាំ​ឱ្យ​កើតមាន​គ្រោះថ្នាក់​ដល់​កូន​បាន​។

2. ជណ្តើរ​យន្ត​ប្រអប់​
ត្រូវ​ធ្វើ​
-ការ​រង់ចាំ​ឡើង​ជណ្តើរ​យន្ត​ប្រអប់​យ៉ាង​មាន​សុជីវធម៌​ និង​មាន​សុវត្ថិភាព​នោះ​គឺ​ ឈរ​តម្រង់​ជួរ​គ្នា​មុខ​ក្រោយ​។ បើ​មាន​មនុស្ស​រង់ចាំ​ច្រើន​ពេក​ អាណាព្យាបាល​ដែល​មានកូន​តូច​គួរ​រង់ចាំ​ឡើង​ ឬចុះ​លើកក្រោយ​(បន្ទាប់​ទៀត​)ក៏បាន​ ព្រោះ​ការ​ចូល​ទៅ​ប្រជ្រៀតគ្នា​ណែន​នៅក្នុង​ប្រអប់​ជណ្តើរ​យន្ត​នោះ​ អាច​ធ្វើ​ឱ្យ​ជណ្តើរ​យន្ត​គាំង​នៅ​មួយ​កន្លែង​ ឬអាច​បង្ក​ជាហេតុ​គ្រោះថ្នាក់​អ្វី​ផ្សេង​ៗបាន​។
-អ្នកម្តាយ​ត្រូវ​ចាំ​សង្កេតមើល​ និង​ប្រាប់​កូន​កុំឱ្យ​ឈរផ្អែក​ទ្វារ​ប្រអប់​ជណ្តើរ​យន្ត​។
-នៅពេល​កើតហេតុ​រអាក់​រអួល​ផ្សេង​ៗ ដូចជា​ ជណ្តើរ​យន្ត​ប្រអប់​គាំង​នៅ​មួយ​កន្លែង​ជាដើម​លោកឪពុក​អ្នកម្តាយ​ត្រូវ​តាំងស្មារតី​ ពិនិត្យមើល​ផ្ទាំង​សញ្ញាបញ្ជា​(នៅ​ជិត​មាត់ទ្វារ​ជណ្តើរ​យន្ត​)ដែល​តែង​មាន​កុងតាក់​មួយ​ដែល​សរសេរ​ថា​ Emergency​ Call​ ចូរ​ចុច​កុងតាក់​មួយ​នោះ​ ដើម្បី​ប្រាប់​ទៅ​បុគ្គលិក​របស់​ហាង​ឱ្យ​ដឹង​ និង​ជា​ការ​សុំ​ជំនួយ​។

មិន​ត្រូវ​ធ្វើ
​-មិន​ត្រូវ​បណ្ដោយ​ឱ្យ​កូនតូច​ហក់លោត​ រត់​លេង​ប្រឡែង​គ្នា​នៅក្នុង​ប្រអប់​ជណ្តើរ​យន្ត​ ឬចុច​កុងតាក់​ឡើង​ចុះ​លេង​នោះ​ទេ​ ព្រោះ​អាច​បណ្ដាល​ឱ្យ​ជណ្តើរ​យន្ត​មាន​បញ្ហា​ និង​អាច​គាំងដំណើរ​ការ​។
-ខណ:ពេល​រង់ចាំ​ មិន​គួរ​នាំ​កូនតូច​ទៅ​ឈរ​នៅ​ជិត​មាត់ទ្វារ​ពេក​ទេ​ ព្រោះ​អាច​នឹង​ត្រូវ​បុក​ដោយ​អ្នក​ដែល​នៅ​ខាងក្នុង​ពេល​ដែល​ទ្វារ​ជណ្តើរ​យន្ត​បើក​ឡើង​ ដែល​នឹង​ធ្វើ​ឱ្យ​ដួល​ និង​ទទួលគ្រោះ​ថ្នាក់​បាន​។-រឿង​ដែល​ត្រូវ​ដឹង​ និង​ចាំទុក​នោះ​គឺ​ ពេល​មាន​ទឹក​លិច​ ផ្លេកបន្ទោរ​ រន្ទះ​ រញ្ជួយ​ផែនដី​ និង​អគ្គិភ័យ​ មិន​ត្រូវ​ប្រើ​ជណ្តើរ​យន្ត​ប្រអប់​ជាដាច់ខាត​។

3. ទ្វារ​ និង​កម្រាលឥដ្ឋ​
ត្រូវ​ធ្វើ
​-ពេល​ដើរចេញ​ ឬចូល​តាម​មាត់ទ្វារ​ ត្រូវ​ឱ្យ​កូន​នៅ​ចំ​កណ្តាល​មាត់ទ្វារ​ ដោយមាន​លោកឪពុក​ ឬអ្នកម្តាយ​នៅ​ក្បែរ​ចាប់ដៃ​កូន​ ឬលើក​កូ​នព​ក៏បាន​ដែរ​។
-ពេល​ដើរ​នៅក្នុង​ហាង​ នៅក្នុង​ទីកន្លែង​ដែល​ស្រ​ឡះៗ​ក៏​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ ព្រោះ​អាច​នឹង​មាន​វត្ថុ​ដែល​ដាក់​ពាំង​ពីមុខ​ដែល​យើង​មិនបាន​មើលឃើញ​ ឬក៏​មាន​ទឹកដក់​នៅ​លើ​កម្រាលឥដ្ឋ​ជាដើម​ ដែល​អាច​ធ្វើ​ឱ្យ​កូន​ដើរ​បុក​ ឬរអិលដួល​បាន​។

មិន​ត្រូវ​ធ្វើ​
-មិនថា​កន្លែងណា​ក៏ដោយ​នៅក្នុង​ហាង​ សូម​កុំ​បណ្តោយ​ឱ្យ​កូន​រត់​លេង​ស្រេចតែចិត្ត​តែម្នាក់​ឯង​ឱ្យ​សោះ​ ជាពិសេស​នៅមុខ​មាត់ទ្វារ​ចេញ​ចូល​ ព្រោះ​បើសិនជា​ទ្វារ​ដែល​បើក​បិទ​ដោយ​ស្វ័យប្រវត្តិ​ផង​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​កូន​ត្រូវ​ទ្វារ​កៀប​បាន​។

4. ទូ​ថ្នា​ក់ៗ​ដាក់​ទំនិញ​
ត្រូវ​ធ្វើ
​-ក្នុង​ពេល​ដែល​អ្នកម្តាយ​កំពុង​ដើរ​រើស​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទំនើប​ បើ​មាន​មនុស្ស​ធំ​ទៅ​ជាមួយ​ដែរ​ អ្នកម្ដាយ​អាច​ឱ្យ​អ្នក​មក​ជាមួយ​នោះ​នាំ​ក្មេង​ៗទៅលេង​នៅកន្លែង​រង់ចាំ​ ឬក្នុង​ភោជនីយដ្ឋាន​ណាមួយ​ រង់ចាំ​ឱ្យ​អ្នកម្តាយ​ទិញ​ឥវ៉ាន់​រួច​សិន​ សឹម​ជួបគ្នា​វិញ​។ តែបើ​សិន​គ្មាន​អ្នកជួយ​មើល​ទេ​នោះ​ គួរ​ឱ្យ​កូនតូច​អង្គុយ​នៅក្នុង​រទេះ​សម្រាប់​កូនក្មេង​ ឬរទេះ​ដើរ​ទិញ​ឥវ៉ាន់​ទៅជាមួយ​គ្នា​ក៏បាន​ដែរ​។

មិន​ត្រូវ​ធ្វើ
​-មិន​គួរ​នាំ​កូន​ដើរ​នៅកន្លែង​ដែល​មានការ​សម្តែង​អ្វី​ម្យ៉ាង​ កន្លែង​ដាក់​តាំង​ ឬកន្លែង​ដាក់​លក់ទំនិញ​ ឬផលិតផល​ណា​ដែល​ងាយ​បែកបាក់​ឡើយ​ ជាពិសេស​គ្រឿង​កែវ​ចាន​។-ចូរ​ប្រយ័ត្ន​កន្លែងណា​ដែល​មាន​ទូ​ថ្នា​ក់ៗ​ដាក់​ទំនិញ​ច្រើនជ្រុល​ពេក​ និង​ខ្ពស់​ៗ ដោយ​មិន​ត្រូវ​ឱ្យ​កូន​ដើរទៅ​ជិត​ទីនោះ​ឡើយ​។

5. រទេះ​ដាក់​ឥវ៉ាន់
​-ការប្រើ​ប្រាស់​រទេះ​ដាក់​ឥវ៉ាន់​ គឺ​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​យួរ​ ឬកាន់​របស់​របរ​ផ្សេង​ៗងាយស្រួល​ក្នុង​ការ​ដើរ​រើស​ទិញទំនិញ​ តែ​ជា​ញឹកញាប់​ណាស់​ដែល​យើង​សង្កេតឃើញ​ថា​ រទេះ​ដាក់​ឥវ៉ាន់​ បាន​ក្លាយជា​រទេះដឹក​កូនក្មេង​តូច​ៗ ដូច្នេះ​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត​នោះ​គឺ​ ការ​ប្រយឹតប្រតោង​លេង​ លោត​ឡើងចុះ​ និង​ក្រោកឈរ​ដើម្បី​ស្រវា​ចាប់​យក​ឥវ៉ាន់​ ឬរបស់​របរ​ផ្សេង​ៗរបស់​កូន​ៗ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​យ៉ាង​ងាយ​។
ដូច្នេះ​ គោល​កា​រណ៍​ងាយ​ៗដែល​គួ​រប្រ​ត្តិ​បត្តិ​នោះ​គឺ​ កុំឱ្យ​កូន​របូត​ផុត​ពី​ខ្សែភ្នែក​យើង​ឱ្យ​សោះ​ ព្រោះ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ឧប្បត្តិហេតុ​អាច​នឹង​កើតឡើង​បាន​ជានិច្ច​។ ពេល​នាំ​កូន​ៗទៅលេង​ហាង​ ឬផ្សារ​ទំនើប​ លោកឪពុក​អ្នកម្តាយ​ត្រូវតែ​ធ្វើជា​អ្នកសង្កេតការណ៍​ ភ្នែក​រហ័ស​ ត្រចៀក​រហ័ស​ ដឹង​ជាមុន​ ប្រយ័ត្ន​ជាមុន​ ដើម្បី​សុវត្ថិភាព​របស់​កូន​ជាទីស្រឡាញ់​៕

Advertisement