ក្រុម Angers បានវិលទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន French Cup ជាលើកទី១ បើគិតចាប់តាំងពីការបង្ហាញខ្លួនតែមួយលើករបស់ពួកគេកាលពីរយៈពេល៦០ឆ្នាំមុន ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Guingamp កាលពីថ្ងៃអង្គារ។
លោក Stephane Moulin គ្រូបង្វឹករបស់ក្រុម Angers បានឲ្យដឹងថា៖ «យើងធ្លាប់បាននិយាយថា ការឈានទៅវគ្គផ្តាច់ព្រ័ត្រ នឹងក្លាយជាសុបិនមួយ ហើយពាក្យសម្តីដ៏សំខាន់នេះ បានក្លាយជាការពិត។ យើងធ្វើបានសម្រេចទាំងការរំជួលចិត្ត និងរីករាយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានប្រាប់កីឡាករកាលពីយប់មិញថា ពួកគេបានដឹងពីរបៀបក្នុងការធ្វើឲ្យខ្លួនឯងរីករាយ និងផ្តល់ការរីករាយដល់អ្នកផ្សេង។ នោះគឺជារឿងដ៏អស្ចារ្យបំផុតក្នុងជីវិត។ យើងបានបញ្ចប់ការអវត្តមានរយៈពេល៦០ឆ្នាំពីការប្រកួតពាន French Cup វគ្គផ្តាច់ព្រ័ត្រ។ វាពិតជាអស្ចារ្យណាស់»។
កីឡាករ Thomas Mangani បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះ នៅកគីឡដ្ឋាន Raymond Kopa នៅរយៈពេល៧នាទីចុងក្រោយនៃតង់ទី១ នៅមុនពេលកីឡាករ Karl Toko Ekambi បានបំពេញការទទួលជ័យជម្នះរបស់ក្រុមខ្លួននៅនាទីបន្ថែម។ ក្រោយពីចាញ់ក្នុងលទ្ធផល ៦-៣ ក្រោមស្នាដៃក្រុម Toulouse ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ១៩៥៧ បច្ចុប្បន្ន Angers នឹងទទួលបានឱកាសជាលើកទី២ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុម Paris Saint-Germain ឬ Monaco ដែលត្រូវប្រកួតគ្នានេះ នៅកីឡដ្ឋាន Parc des Princes នៅរាត្រីថ្ងៃពុធនេះ៕
ប្រភពពី៖ Reuters