ខ្សែប្រយុទ្ធ Diego Costa បានបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីរបស់គេត្រឹម៦ប្រកួតដើម្បីជួយឲ្យក្រុមតោខៀវ Chelsea បោះជំហានដ៏ធំមួយឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌ Premier League ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-២ លើក្រុម Southampton កាលពីថ្ងៃអង្គារ។
Costa បានប្រើក្បាលរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៥៣ ដើម្បីជួយឲ្យក្រុម Chelsea នាំមុខ៧ពិន្ទុដាច់ជាបណ្តោះអាសន្នលើក្រុមឈរលេខ២ Tottenham ខណៈដែលក្រុមមាន់ខ្នាយមាសរបស់លោក Mauricio Pochettino ចាំបាច់ត្រូវតែដណ្តើមយកជ័យជម្នះនៅលើទឹកដីក្រុម Crystal Palace នៅរាត្រីថ្ងៃពុធនេះ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ បានរកគ្រាប់បាល់ទី២របស់គេនៅរយៈពេលប៉ុន្មាននាទីចុងក្រោយ ក្រោយពីបានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អរបស់អ្នកចាំទី Fraser Forster។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមម្ចាស់ផ្ទះក៏បានជួបនូវការភិតភ័យផងដែរ ក្រោយពីខ្សែបម្រើ Oriol Romeu បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់របស់ Eden Hazard ហើយក្រុមតោខៀវ ហាក់ដូចជាធ្លាក់ចូលក្នុងបញ្ហា។
ប៉ុន្តែ ការរកគ្រាប់បាល់បញ្ចូលទីរបស់ Costa និងខ្សែការពារ Gary Cahill នៅជិតបញ្ចប់តង់ទី១ បានជួយឲ្យក្រុម Chelsea វិលទៅកាន់ទីតាំងយ៉ាងកក់ក្តៅ ដើម្បីរក្សាធ្វើឲ្យលោក Antonio Conte ស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពាន២ក្នុងរដូវកាលតែមួយ។ ខ្សែការពារ Ryan Bertrand បានវាយបកបានមួយគ្រាប់វិញសម្រាប់ក្រុមភ្ញៀវ Southampton នៅជិតបញ្ចប់ការប្រកួត។ លោក Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានឲ្យដឹងថា៖ «នៅថ្ងៃនេះ ខ្ញុំត្រូវតែពេញចិត្តជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាកររបស់ខ្ញុំ។ វាមិនងាយស្រួលឡើយ ក្រោយពីការប្រកួតដ៏ស្វិតស្វាញជាមួយនឹងក្រុម Tottenham។ យើងត្រូវតែមានការជឿជាក់សម្រាប់អនាគត។ វាពិតជាសំខាន់ណាស់ក្នុងការមើលទៅលើខ្លួនឯង និងមិនមើលទៅលើក្រុមផ្សេងៗដូចជា Spurs»៕
ប្រភព៖ Mirror