ដឹងទេថា ទិវាកុមារអន្តរជាតិ ១មិថុនា កើតមានចាប់ពីពេលណា?

ចាប់តាំងពីឆ្នាំ ១៩៥០ រហូតមក ជារៀងរាល់ឆ្នាំ មនុស្សជាតិនៅលើសាកលលោកតែងតែប្រារព្ធ និងចូលរួមនៅក្នុងទិវា ១មិថុនា ដែលរំលឹកដល់ការចង់ចាំមិនភ្លេចនូវអំពើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃ និងយង់ឃ្នងរបស់ពួកហ្វាស៊ីស ដែលបានធ្វើកាលពីថ្ងៃទី១០ មិថុនា ឆ្នាំ១៩៤២ ដោយការសម្លាប់ប្រជាជនយ៉ាងរង្គាលនៅក្នុងភូមិ លីឌីស៊ែ នៃសាធារណរដ្ឋសហព័ន្ធឆែក និងស្លូវ៉ាគឺ សរុបចំនួន ១៩២នាក់ ជាពិសេសនៅក្នុងកសិដ្ឋានអូរ៉ាក ដែលក្នុងនោះរួមមានកុមារ ១០៥នាក់ ត្រូវបានយកទៅសម្លាប់ ខណៈដែលម្តាយរបស់ក្មេងៗទាំងនោះក៏ត្រូវបានក្រុមហ្វាស៊ីសបញ្ជូនទៅឃុំនៅជំរុំរបស់ខ្លួន ហើយផ្ទះសម្បែងដែលមាននៅក្នុងភូមិត្រូវដុតបំផ្លាញគ្មានសល់។

រំលងក្រោយមកនៅថ្ងៃទី ១០ មិថុនា ឆ្នាំ ១៩៤៤ ពួកឧក្រិដ្ឋកម្មហ្វាស៊ីស បានចាប់មនុស្ស ១,១០០នាក់ ដែលក្នុងនោះមានកុមារតូចៗចំនួន២០០នាក់ យកទៅចាក់សាំងដុតទាំងរស់នៅតំបន់អូរ៉ាឌូ នៃប្រទេសបារាំង។ បន្ទាប់ពីមានសោកវិនាសកម្ម ដែលធ្វើឱ្យអ្នកស្នេហាសន្តិភាពនានា បានក្រោកឈរឡើងធ្វើការតស៊ូប្រឆាំង រហូតកើតមានសង្រ្គាមដែលបណ្តាលឱ្យមានមហន្តរាយដល់ទ្រព្យសម្បតិ្ត និងអាយុជីវិតផងដែរ។

ចលនាតស៊ូត្រូវបានធ្វើឡើងរយៈពេលពេញមួយឆ្នាំ។ នៅឆ្នាំ ១៩៤៥ លទ្ធិហ្វាស៊ីស ត្រូវបានរលំរលាយដោយសារថ្វីដៃរបស់កងទ័ពអតីតសហភាពសូវៀត។ មនុស្សជាតិទាំងអស់មានសេចក្តីសោមនស្សរីករាយ ដោយបានរួចផុតពីគ្រោះមហន្តរាយនៃលទ្ធិហ្វាស៊ីសដ៏យង់ឃ្នងមួយនេះ។

នៅក្នុងអំឡុងខែមេសាឆ្នាំ ១៩៤៩ សម្ព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិបានបើកសម័យប្រជុំនាទីក្រុងមូស្គូ ហើយបានសម្រចយកថ្ងៃទី ១ មិថុនា ឆ្នាំ ១៩៥០ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធជាទិវាកុមារអន្តរជាតិ ក្នុងគោលបំណងឧទ្ទិសដល់កុមាររាប់រយនាក់ដែលបានស្លាប់យ៉ាងអណោចអធម។

សេចក្តីសម្រេចនេះត្រូវបានទទួលការឯកភាពពីស្ថាប័ននានានៅលើសាកលលោក ដោយក្នុងនោះរួមមានអង្គការសម្ព័ន្ធសហជីព កម្មការអន្តរជាតិ និងអង្គការសហព័ន្ធយុវជនប្រជាធិបតេយ្យពិភពលោកផងដែរ។ ចាប់តាំងពីពេលនោះមក ពិភពលោកទាំងមូលបានកំណត់យកថ្ងៃទី ១ ខែមិថុនា ជាទិវាចងកំហឹងពោរពេញដោយការឈឺចាប់ ហើយក៏ជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិទាំងមូលឱ្យយកចិត្តទុកដាក់ទៅលើសុខុមាលភាពកុមារទូទៅ និងជាទិវាសាមគ្គីអន្តរជាតិរបស់កុមារនៅលើពិភពលោក ហើយក៏បន្តអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

 

Advertisement