ក្រុមបិសាចក្រហម Manchester United និងខ្សែប្រយុទ្ធស្ថិតក្នុងរ៉ាដារបស់ពួកគេគឺ Antoine Griezmann បានឈានដល់ការព្រមព្រៀងគ្នាលើហិរញ្ញវត្ថុរួចជាស្រេច។ នេះបើយោងទៅតាមការអះអាងរបស់ភ្នាក់ងារម្នាក់។
តម្លៃខ្លួនទិញរំលាយកិច្ចសន្យាក្នុងទឹកប្រាក់៨៤លានផោន (ស្មើនឹង១០៧,៤លានដុល្លារអាមេរិក) ត្រូវបានកំណត់ទៅលើតារាឆ្នើមអន្តរជាតិបារាំងរូបនេះ ដែលជាគោលដៅរបស់ក្លិបធំៗភាគច្រើននៅអឺរ៉ុប ជាពិសេសក្លិប Paris Saint-Germain និងក្លិប Real Madrid។ កីឡាកររូបនេះបានបញ្ជាក់ថា រូបគេមិនចង់ចាកចេញពីក្លិប Atletico Madrid ឡើយ ប៉ុន្តែ លោក Vincent Rodriguez ដែលជាភ្នាក់ងារត្រូវបានទទួលស្គាល់ដោយ FIFA បានអះអាងថា កិច្ចព្រមព្រៀងរវាងក្រុមបិសាចក្រហម និង Griezmann ស្ទើរតែបំពេញរួចជាស្រេច។ លោក Rodriguez បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា៖ «កិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុរវាងក្លិប Atletico Madrid និង Manchester United អំពីការចុះហត្ថលេខាជាមួយនឹង Griezmann បានឈានដល់រួចជាស្រេច»។
ស្របពេលជាមួយគ្នានេះ លោក Eric Olhats ដែលជាទីព្រឹក្សារបស់លោក Griezmann ក៏ត្រូវបានគេដកស្រង់សម្តីផងដែរ ខណៈដែលលោកបានអះអាងថា Man United គឺជាក្លិបទី១មួយដែលបានដាក់សំណើជាផ្លូវការ ក្រោមការចាប់អារម្មណ៍ដ៏រឹងមាំបំផុត។ លោក Olhats បាននិយាយថា ការអះអាងថា Griezmann មិនចង់ចាកចេញពីក្លិប Atletico នោះ គឺជារឿងមិនពិតឡើយ។ ការឈ្នះកៅអីទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Manchester United នារដូវកាលក្រោយ តាមរយៈការឈ្នះពាបន Europa League ឬ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នឹងក្លាយជាចំណុចដ៏សំខាន់ក្នុងការនាំយក Griezmann៕
ប្រភពពី៖ The Mirror