កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ក្រុមកីឡាករកាយវប្បកម្ម ២រូបរបស់កម្ពុជា ដែលគេស្គាល់ថាជាប្រភេទកីឡាបង្អួតសាច់ដុំនោះ បានប្រកួតឈ្នះមេដាយប្រាក់១គ្រឿង និង សំរិទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នយ៍លើកទី១៤ (The 14th South East Asian Bodybuilding and Physique Sports Championships ) ដែលបានប្រ ព្រឹត្តទៅនៅក្រុងកូរ៉ាត ខេត្តនគររាជសីមា ប្រទេសថៃ។
ការប្រកួតនេះមានការចូលរួមពីអត្តពលិកនៃបណ្តាប្រទេសចំនួន ៦ ដូចជា៖ ថៃ កម្ពុជា វៀតណាម ភូមា សិង្ហបុរី និងម៉ាឡេស៊ី ដែលមានកីឡាករ កីឡារិនីសរុប ៥៤នាក់ ។
បើតាម Page Facebook នាយកដ្ឋានកីឡាបានឱ្យដឹងថា៖កម្ពុជាបានបញ្ជូនកីឡាករ ៣រូបទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ហើយជាលទ្ធផលកីឡាករ ២រូបបានទទួលមេដាយត្រលប់មកវិញ ក្នុងនោះកីឡាករ សំបូរ សុភ័ណ្ណ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Sport Physique up to 175cm ចំណែកឯកីឡាករ ត្រីង ចាន់ ឈ្នះបានមេដាយសំរិទ្ធលើវិញ្ញាសា Sport Physique over 175cm ។ ខណៈដែលពួកគេនឹងត្រលប់មកដល់កម្ពុជាវិញនាពេលឆាប់ៗនេះ៕