ក្រមសារិកាព្រៃ Newcastle United បានឈ្នះសិទ្ធិរបស់ខ្លួនដើម្បីវិលទៅលេងក្នុងក្របខ័ណ្ឌ Premier League វិញកាលពីថ្ងៃចន្ទ ក្រោយពីបានផ្តួលក្រុម Preston យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ នៅលើទឹកដីខ្លួនឯង។
ខ្សែប្រយុទ្ធ Christian Atsu បានជួយឲ្យក្រុមសារិកាព្រៃមួយនេះ ធ្វើការនាំមុខ ២-១ នៅត្រឹមតង់ទីមួយ ក្រោយពីកីឡាករ Jordan Hugill បានរកគ្រាប់បាល់តាមស្មើរបស់ Ayoze Perez សម្រាប់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែ ពួកគេបានបំពេញការទទួលជ័យជម្នះយ៉ាងកក់ក្តៅបស់ខ្លួន តាមរយៈការរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតនៅតង់ទី២។ ក្រុមរបស់លោក Rafael Benitez ដណ្តើមបានត្រឹមតែ១ពិន្ទុគត់ពីការប្រកួត៣លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែ ការធ្លាក់ចុះទម្រង់លេងរបស់ពួកគេនៅជិតបញ្ចប់រដូវកាល មិនបានជះឥទ្ធិពលអាក្រក់ឡើយ ខណៈដែលគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេសុទ្ធសឹងជួបភាពត្រដាបត្រដួសដូចគ្នា។
ការរងបរាជ័យរបស់ក្រុម Reading និង Huddersfield កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យក្រុម Newcastle ត្រូវការជ័យជម្នះត្រឹមតែមួយលើកទៀតប៉ុណ្ណោះក្នុងការដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង២។ Newcastle ដែលមានរហស្សនាមសារិកាព្រៃ បានក្លាយជាក្រុមទី៧ក្នុងចំណោមក្រុមចំនួន១៨ដែលបានវិលទៅកាន់ក្របខ័ណ្ឌកំពូលភ្លាមៗ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ ពួកគេនឹងត្រូវចូលរួមជាមួយនឹងក្រុម Brighton ដែលបានឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី១កាលពីថ្ងៃចន្ទសប្តាហ៍មុន នៅរដូវកាលក្រោយ។ លោក Benitez វ័យ៥៧ឆ្នាំ បានជួបនូវការរីករាយ និងសម្រេចគោលដៅរបស់លោក បើទោះបីលោកមិនមានភាពច្បាស់លាស់ថា លោកនឹងរក្សាស្ថិតនៅជាមួយនឹងក្លិបមួយនេះ ឬយ៉ាងណាក៏ដោយ៕
ប្រភពព័ត៌មាន៖ Bangkok Post