មានព័ត៌មានថា មហាសេដ្ឋីអ្នកធុរកិច្ចលុយរាប់ពាន់លានដុល្លារជនជាតិអង់គ្លេស ស៊ើរ៍ រិឆាដ ប្រ៊េនសុន (Richard Branson) បានចែករំលែកគន្លឹះល្អៗក្នុងការធ្វើការងារ ការរស់នៅក្នុងជីវិតបែបគ្មានដែនកំណត់ និងផ្សេងៗទៀតជាច្រើន។ អ្នកដែលមិនធ្លាប់ស្គាល់ ប្រ៊េនសុន អាចនឹងមានអារម្មណ៍ថាធម្មតាៗគ្មានអ្វីប្លែកសោះ តែបើអ្នកណាធ្លាប់បានអានប្រវត្តិរបស់គាត់មកខ្លះៗហើយនោះ នឹងចង់ទៅអង្គុយស្តាប់មិនខាន ព្រោះថា បុរសម្នាក់នេះជាអ្នកជំនួញដ៏មានឥទ្ធិពលលំដាប់ពិភពលោកម្នាក់។ ពីក្មេងដែលរៀនមិនចប់មធ្យមសិក្សា ចាប់ផ្តើមធ្វើជំនួញពេលអាយុ 15 ឆ្នាំ មកដល់ពេលនេះគាត់ក្លាយជាបរមគ្រូផ្នែកខាងការពង្រីកធុរកិច្ចជំនួញ ជាម្ចាស់អាណាចក្រ “Vergin Group” ជាង 400 ក្រុមហ៊ុនសរុបទឹកប្រាក់ជិត 6ពាន់លានដុល្លារ មិនថាចាប់ មិនថាចង់ធ្វើអ្វីក៏ដោយ ក៏មើលទៅហាក់ដូចជាទទួលបានជោគជ័យស្ទើរតែទាំងអស់។
តើអ្វីទៅដែលធ្វើឱ្យ ប្រ៊េនសុន ទទួលបានជោគជ័យបានដល់ថ្នាក់ហ្នឹង?
សប្បាយជាមួយនឹងអ្វីដែលខ្លួនកំពុងធ្វើ៖ ប្រ៊េនសុន តែងតែប្រាប់ជានិច្ចថា អ្នកនឹងមិនទទួលបានជោគជ័យទេ បើសិនធ្វើអ្វីមួយហើយ មិនមានអារម្មណ៍សប្បាយទៅជាមួយវានោះ ដូចជារូបគាត់ខ្លួនឯង ពេលធ្វើប្រូជេកអ្វីម្យ៉ាង លុះធ្វើៗទៅហើយចាប់ផ្តើមលែងសប្បាយ គាត់នឹងឈប់ភ្លាម ហើយរកអ្វីផ្សេងមកធ្វើជំនួសវិញ។
សាមញ្ញ មានភាពជាគ្នាឯង ងាយស្រួលជួប៖ ប្រ៊េនសុនមិនមែនជាមនុស្សប្រភេទអង្គុយបញ្ជានៅនឹងតុនោះទេ គាត់តែងតែចេញទៅសាកសួរសុខទុក្ខអតិថិជន និងបុគ្គលិកក្នុងបណ្តាញដើម្បីស្តាប់ពីគំនិតយោបល់។ ទស្សនៈរបស់គាត់គឺ “គ្រប់គ្រងក្រុមហ៊ុនធំក្នុងស្ទីលក្រុមហ៊ុនតូច” ចូលដល់មនុស្សគ្រប់រូប យកចិត្តទុកដាក់ និងមានមិត្តភាព ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ដឹងពីភាពជិតស្និទ្ធ។
ជាអ្នកដឹកនាំដ៏សែនវិសេស៖ ចំណុចនេះបន្តមកពីចំណុចទី 2 ខាងលើ។ ប្រ៊េនសុនយកចិត្តទុកដាក់គ្រប់សេចក្តីលម្អិតក្នុងការដំណើរការកិច្ចការងារ គាត់រៀនយល់ដឹងគ្រប់ដំណាក់កាល និងតែងតែប្រឡូកជាមួយបុគ្គលិកដើម្បីទទួលស្តាប់នូវអ្វីផ្សេងៗ ព្រោះបើមិនធ្វើបែបនោះទេ គាត់នឹងគ្មានផ្លូវប៉ាន់ប្រមាណដឹងថា តើនឹងមានអ្វិកើតឡើងចំពោះក្រុមហ៊ុនបានឡើយ។
សាងភាពខុសប្លែក៖ ប្រ៊េនសុននិយាយថា ការនឹងអាចឈរជើងបានក្នុងពិភពធុរកិច្ចជំនួញមានន័យថា យើងត្រូវតែមានអ្វីដែលលេចធ្លោ មិនដូចអ្នកដទៃ។ លើកឧទាហរណ៍ ក្រុមហ៊ុនអាកាសចរណ៍ វើរជីន អ៊ែតលែនទិក ដែលល្បីល្បាញយ៉ាងខ្លាំងលើរឿងសេវាកម្មដ៏អស្ចារ្យ មានសេវាកម្មដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតគ្មាន ដូចជា ជើងហោះហើរថ្នាក់សន្សំសំចៃដែលមានភាពកម្សាន្តផ្ទាល់ខ្លួន មានសេវាកម្មតុបតែងមុខបន្ថែមសម្រស់នៅក្នុងការហោះហើរ និងឆេកអ៊ីនបែប Drive through ជាដើម។
មានភាពឧស្សាហ៍ព្យាយាមដ៏អស្ចារ្យ៖ ដំណើរផ្លូវរបស់ប្រ៊េនសុនមិនបានរោយដោយផ្កាកុលាបនោះទេ គាត់មានបញ្ហារឿងភាពខ្វះចន្លោះក្នុងការអាន និងប្រកបអក្សរ ដែលរាល់ថ្ងៃនេះក៏នៅតែជាបញ្ហា តែគាត់ក៏មិនបណ្តោយឱ្យវាក្លាយជាឧបសគ្គក្នុងការធ្វើការងារដែរ។ សូម្បីតែក្នុងអំឡុងពេលចាប់ផ្តើមអាជីពក៏ដោយ បញ្ហា និងភាពភ្លាត់ភ្លាំងខុសឆ្គងជាច្រើនសម្រុកចូលមក តែគាត់គិតថា វាជាមេរៀន និងរៀនយល់ដឹងដោយខ្លួនឯង។
ចូលចិត្តក្នុងការប្រថុយ និងយល់ព្រមក្នុងការធ្វើខុសពីទម្លាប់៖ កន្លងមកគាត់ធ្លាប់ធ្វើដូចអ្នកដទៃ តែមិនទទួលបានជោគជ័យ បន្ទាប់ពីនោះគាត់ក៏រៀនយល់ដឹងពីភាពភ្លាត់ភ្លាំងខុសឆ្គង និងប្រើសញ្ជាតិញាណក្នុងការដឹកនាំផ្លូវ។ រឿងមួយដែលគាត់រៀនយល់ដឹងគឺ និវានុវត្តន៍ ជាបច្ច័យសំខាន់នាំឆ្ពោះទៅរកភាពជោគជ័យ និងការបរាជ័យជាប្រភពរបស់អៃឌៀល្អ។
ទទួលយកផ្នត់គំនិត ឬអៃឌៀថ្មី៖ នេះជាហេតុផលមួយដែលធ្វើឱ្យ វើរជីន ហ្គ្រុប មានភាពសម្បូរបែបខាងធុរកិច្ច មានក្រុមហ៊ុនក្នុងបណ្តាញដែលដំណើរការធុរកិច្ចខុសគ្នាជាង 200 ក្រុមហ៊ុន។ ប្រ៊េនសុនមិនប្រកាន់ខ្ជាប់ជាមួយធុរកិច្ចណាមួយនោះទេ គាត់ត្រៀមខ្លួនរួចជានិច្ចក្នុងការរៀនយល់ដឹង និងសាកល្បងអ្វីដែលថ្មី។
ផ្តល់កិតិ្តយសដល់បុគ្គលិក៖ ដោយសារតែប្រេ៊នសុនបង្ហាញឱ្យឃើញថា គាត់ផ្តល់ភាពសំខាន់ចំពោះបុគ្គលិក ទទួលស្តាប់ពួកគេជានិច្ច ទើបបុគ្គលិកកើតមានមោទនភាព ស្រឡាញ់ស្មោះស្ម័គ្រ និងមានភក្តីភាពចំពោះចៅហ្វាយនាយ និងស្ថាប័ន លទ្ធផលដែលតាមមកគឺ បុគ្គលិកតាំងចិត្តធ្វើការ មានសំណឹក (ការដឹងខ្លួនជាប់ជានិច្ច)នៃការធ្វើជាម្ចាស់រួម ហើយអារម្មណ៍ដែលដុះឡើងនៅក្នុងចិត្តបុគ្គលិកនឹងឆ្លុះបញ្ចាំងចេញមកក្នុងរូបភាពនៃការងារសេវាកម្មដែលល្អ។
ជូនកម្រៃទៅសង្គមវិញ៖ មនុស្សដែលទទួលបានជោគជ័យក្នុងជីវិត ពេលមកដល់ចំណុចនេះតែងតែត្រូវការបំពេញប្រយោជន៍ និងជួយយកអាសាមនុស្សដែលទន់ខ្សោយជាង ក្រៅពីនោះ នៅជាការបង្ហាញឱ្យឃើញថា យើងមិនបានលោភលន់ មិនបានចូលមកដើម្បីប្រមូលកើបតែម្យ៉ាងនោះទេ តែមានការជូនកម្រៃទៅសង្គមវិញផងដែរ។ ប្រ៊េនសុនបង្កើតមូលនិធិពេលគាត់អាយុ 17 ឆ្នាំ ការងារដែលលេចធ្លោគឺ ការឧបត្ថម្ភគាំទ្រលើការសិក្សាក្នុងទ្វីបអាហ្វ្រិក ហើយគាត់ថែមទាំងបានប្រកាសបរិច្ចាគប្រាក់ 3.000 លានដុល្លារដើម្បីតតាំងជាមួយសភពិភពលោកកើនកម្តៅនាពេល 10 ឆ្នាំខាងមុខទៀតផង។
ស្រមៃឱ្យឆ្ងាយ ហើយទៅឱ្យដល់៖ ចាប់ផ្តើមពីការធ្វើសារព័ត៌មានក្នុងតំបន់តូចមួយ ឆ្ពោះមករកមហាអាណាចក្រផ្នែកធុរកិច្ចទាំងខាងអាកាស និងខាងសមុទ្រ រហូតមកដល់ Virgin Galactic ក្រុមហ៊ុនដឹកជញ្ជូនអវកាសបែបពាណិជ្ជកម្មដំបូងគេបំផុតរបស់ពិភពលោក។ ជឿចុះថា ដរាបណាដែលនៅមិនទាន់អស់ខ្យល់ដង្ហើម ប្រ៊េនសុនប្រហែលជានៅតែមានអៃឌៀធុរកិច្ចដែលសែនចម្លែកខុសប្លែកពីគេឱ្យមនុស្សលោកបានភ្ញាក់ផ្អើលទៀតមិនខាន៕
ស្រាវជ្រាវដោយ តាវ៉ែនតា