គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ

បញ្ហា​សុខភាព ជា​រឿង​មួយ​ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ អាច​សង្កេតឃើញ​បាន​តាមរយៈ​ពេលធ្វើ​បុណ្យ​សុំ​ពរ ឬ​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម  ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែងតែ​បានឮ​ជាប់​ជានិច្ច។ ថ្មីៗនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine នៅក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ​ដែលមាន​ចំណងជើង​ថា “គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ” ដែល ឡា រ៉ែ​ន សូម​នាំមក​ជំរាប​ប្រី​យ​មិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ ។

  1. ផ្លែ​ប៉ោម មួយថ្ងៃ មួយ​ផ្លែ

ពាក្យស្លោក​ដែលថា An apple a day , keeps doctor away គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។ តាមរយៈ​ការសិក្សាស្រាវជ្រាវ​របស់​មហាវិទ្យាល័យ ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងារ​របស់សួត​កាន់តែ​ល្អប្រសើរ​ឡើង ។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​ក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យសួត​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។

  1. ដកដង្ហើមវែងៗ

យើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ​យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ ដោយសារតែ​ធ្វើការ​នៅក្នុង​កន្លែង​តូច​ហប់ ឬ​ព្រោះតែ​មិន​បានដឹង​ក៏មានដែរ ដូច្នេះហើយ​ក្នុងមួយថ្ងៃៗចូរ​សាកល្បង​ដកដង្ហើមវែងៗឱ្យបាន​យ៉ាងតិចណាស់​ក្នុង​មួយថ្ងៃ 10 ដង ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង និង​ដក​ដង្ហើមចេញ​វិញ​ឱ្យ​ពោះ​ឡើង​ផត​ទើប​ត្រឹមត្រូវ​តាម​វិធី។

  1. ចៀសវាង​ការយក​បន្លែ​ចូលទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ

តាមរយៈ​ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេស្បាញ​បាន​រកឃើញថា ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អឹ​ន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ នឹង​ធ្វើឱ្យ​សារជាតិ​អាហារ​បាត់អស់​ដល់​ទៅ 97%  ដូច្នេះហើយ​គួរ​ជ្រើសរើស​ទទួលទាន​បន្លែស្រស់​ទើប​ប្រសើរ​ជាង។

  1. កំរើកខ្លួន​ជានិច្ច

អ្នក​ដែល​កំរើកខ្លួន ឬ​ធ្វើ​ចលនា​ជាប់​ជានិច្ច​នឹងមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អជា​អ្នក​ដែល​គិតតែ​អង្គុយតែ​មួយកន្លែង។ វិធី​នេះ​ជួយ​ការពារ​អាការ​ចុក​ឆ្អល់ពោះ រួមទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង។

  1. ប្រយោជន៍​របស់​ទឹកដូង

ទឹកដូង​គឺជា​ទឹក​ផ្លែឈើ​ដែល​ល្អ​បំផុត​មួយ​ប្រភេទ មាន​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​គ្រប់​ទាំងអស់ ដូចជា ប៉ូ​តា​ស្យូ​ម ដែក សូ​ដ្យូ​ម កាល់ស្យូម ផូស្វ័រ  អាស៊ីត​អៈ​មី​ណូ និង​វិ​តា​មីន B ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លូ​ខូ​ស ដែល​រាងកាយ​អាច​បឺត​យកទៅ​ប្រើ​ជា​ថាមពល​បាន​ភ្លាម​តែម្តង មាន​សារធាតុ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​សារជាតិ​ពុល​ចេញពី​រាងកាយ​ទៀតផង។

  1. ពេល​គ្រុន​ក្តៅខ្លួន មិនគួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ

នៅក្នុង​ផ្លែ​ត្របែក​មាន រ៉ែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់។ នៅពេល​គ្រុន រាងកាយ​នឹងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់ ការទទួល​ទាន​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន។

  1. ញ៉ាំ​ក្រូច​ជួយ​កែ​អាការ​ធុញទ្រាន់ នឿយណាយ​បាន

ការ​ញ៉ាំ​ផ្លែក្រូច​ដោយ​បកសំបក​ខ្លួនឯង នឹង​បាន​ធុំក្លិន​ក្រូច​ដែល​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល ហើយ​វិ​តា​មីន C ដែល​រាងកាយ​បានទទួល​ពី​ផ្លែក្រូច​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ នឹង​ជួយ​ជំ​រុញឱ្យ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុង​ចិត្ត​បានល្អ​ទៀតផង។

  1. ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ជួយ​ការពារ​រោគ​ភ្លេចភ្លាំង

អាហារ​ពេលព្រឹក​ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម ព្រោះ​ឈាម​នៅពេល​ព្រឹក​នឹង​ងាយ​បង្កក​ខ្លួន​ជាង​ពេល​ប្រក្រតី ដូច្នេះ​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ខួរក្បាល​ត្រូវបាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​យ៉ាង​គ្រប់គ្រាន់ ខួរក្បាល​នឹង​បាន​ភ្លឺ​ថ្លា។

  1. សូកូឡា​ខ្មៅ​ប្រឆាំង​អនុ​មូល​ឥស្សរៈ

តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា សូកូឡា​ប្រភេទផ្សេងៗនោះ​ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​កូ​កូ​ឡើយ មានតែ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ​ដែលជា​សូកូឡា​សុទ្ធ​ពិត និង​ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ទៀតផង ព្រោះ​មាន​សារធាតុ Flavonoid ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​ឱ្យ​ល្អ​ឡើង។ គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ក្នុង​មួយថ្ងៃ​ប្រមាណ​កន្លះ អន​ស៍៕

Advertisement