រដូវរងា គឺជាអំឡុងពេលវេលាដែលយើងត្រូវមើលថែយកចិត្តទុកដាក់បំផុត ជាពិសេសចំពោះសុខភាពតែម្តង សូមកុំបណ្ដោយឱ្យពេលវេលានៅក្នុងរយៈពេលនេះ រំលងទៅពីមួយថ្ងៃទៅមួយថ្ងៃ។ អាកាសធាតុផ្លាស់ប្តូរពីក្ដៅមកត្រជាក់ ហើយ ធ្លាក់ខ្យល់ខ្លាំង សម្រាប់អ្នកដែលចាញ់រងា គឺពិតជាងាយនឹងឈឺញឹកញាប់។ ដូច្នេះហើយត្រូវងាកមកត្រៀមខ្លួនមើលថែខ្លួនឯងឱ្យមានសុខភាពល្អវិញ។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមពាំនាំនូវគន្លឹះថែទាំសុខភាពនៅក្នុងរដូវរងាទាំង5ចំណុចដូចខាងក្រោមនេះ។
1/ ស្លៀកពាក់ខោអាវជុំជិត និងអាវរងា
ចៀសវាងការស្លៀកពាក់ខោអាវស្ដើង ខោចខ្លីៗ ដែលធ្លាប់តែបញ្ចេញស្ទាយល៍នៅរដូវក្ដៅត្រូវទុកមួយអន្លើសិន។ នៅរដូវរងានេះត្រូវឱ្យស្លៀកពាក់បែបរុំជិតៗ អាវធំ ដៃវែងៗ និងខោជើងវែង ហើយមានសាច់ក្រណាត់ក្រាស់ៗ នោះទើបជាការប្រសើរ។ ចំពោះដៃអាចនឹងងាយត្រជាក់រងាគ្រប់ពេលវេលា ដូច្នេះអ្នកគួរតែប្រើប្រាស់ស្រោមដៃ និងស្រោមជើងដូចគ្នា។ ករណីដែលរងាខ្លាំងពេកអ្នកអាចពាក់មួករងាឱ្យជិតត្រចៀក ឬយកក្រណាត់ កន្សែងបង់ក មករុំបរិវេណក្បាលក៏បានដែរ។ ការថែរក្សាសុខភាពបែបងាយៗនៅក្នុងអំឡុងពេលរដូវរងា លោកអ្នកមិនត្រូវមើលរំលងឡើយ។
2/ ទទួលទានអាហារដែលមានគុណប្រយោជន៍
វិធីសាស្ត្រការពារមិនឱ្យផ្ដាសាយដែលអ្នកមិនគួរមើលរំលងនោះគឺការបន្ថែមថាមពលដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ ដោយការទទួលទានអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីន ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យប្រយុទ្ធប្រឆាំងជាមួយមេរោគនៅក្នុងរដូវរងា។ ចំពោះអាហារដែរគួរតែទទួលទានឱ្យបានច្រើនបំផុតនោះគឺ បន្លែ ផ្លែឈើគ្រប់មុខជាជាងសាច់ក្រហម ព្រោះបន្លែផ្លែឈើសម្បូរទៅដោយសារធាតុវីតាមីនជាច្រើនប្រភេទ ថែមទាំងមានសារធាតុអង់ទីអុកស៊ីដង់ ដែលជួយការពាររាងកាយមិនឱ្យឆ្លងមេរោគ និងងាយឈឺថ្កាត់។
3/ ពិសាទឹកក្ដៅ ឬភេសជ្ជៈក្ដៅៗ
ដើម្បីការពារសុខភាពរាងកាយរបស់អ្នកជាប្រចាំថ្ងៃ នៅក្នុងរដូវរងាអ្នកត្រូវទទួលទានទឹកឱ្យបានច្រើន ជាពិសេសគឺទឹកក្ដៅ ឬភេសជ្ជៈក្ដៅឧណ្ហៗ ក្នុងការបន្ថែមកម្ដៅដល់រាងកាយ និងស្បែករបស់អ្នក ព្រោះថា នៅក្នុងរដូវរងាស្បែករបស់អ្នកងាយនឹងស្ងួត ក្រៀមក្រោះដោយសារខ្យល់ ដូច្នេះហើយអ្នកត្រូវបន្ថែមជាតិទឹកឱ្យរាងកាយ ដើម្បីឱ្យមានសំណើមឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកទទួលទានទឹកត្រជាក់ច្រើននៅក្នុងអំឡុងអាកាសធាតុត្រជាក់បែបនេះ ក៏មិនសូវហុចផលល្អចំពោះសុខភាពមាត់ធ្មេញប៉ុន្មានដែរ វាធ្វើឱ្យអ្នកងាយឈឺបំពុងក រលាកបំពង់ក ហើយនឹងងាយផ្ដាសាយផងដែរ។
4/ ហាត់ប្រាណជាប្រចាំ
អ្នកអាចក្រោកមកហាត់ប្រាណដោយការរត់ ឬដើរដើម្បីទទួលពន្លឺរស្មីនៃកម្ដៅព្រះអាទិត្យ ដើម្បីជំរុញរាងកាយឱ្យសាងភាពកក់ក្ដៅនៅខាងក្នុង។ ប្រសិនជាមិនមានពេលវេលានាពេលព្រឹកទេនោះ អ្នកអាចកម្ដៅសាច់ដុំនៅពេលល្ងាច ដើម្បីបញ្ចេញញើស និងជាតិពុលចេញក៏បាន ព្រោះក្រៅពីរាងកាយបានកក់ក្ដៅហើយនោះ វាក៏អាចបន្ថយភាពរងាចេញពីរាងកាយអ្នកបានផងដែរ ព្រមទាំងមានសុខភាពល្អថែមទៀតផង។
5/ ងូតទឹកក្ដៅ
ដោយសារតែអាកាសធាតុត្រជាក់ទើបរាងកាយរបស់អ្នកត្រូវមានភាពកក់ក្តៅគ្រប់ពេល និងចៀសឆ្ងាយពីជំងឺផ្សេងៗ ដូច្នេះ អ្នកគួរតែងូតទឹកក្តៅជាជាងទឹកត្រជាក់ ដើម្បីជួយរក្សាលំនឹងសីតុណ្ហភាពរាងកាយឱ្យនៅសភាពដើម និងជួយកាត់បន្ថយជំងឺផ្តាសាយផងដែរ៕