
តារាស្រីជំនាន់ថ្មី រូបស្រស់សម្រស់បាន មានកាយវិកាញ៉ិកញ៉ក់គួរឱ្យស្រឡាញ់ កញ្ញា Bow Maylada កំពុងទទួលបានការគាំទ្រខ្លាំង និងបានក្លាយជាតារាស្រី ដែលទទួលបានការងារជា BA ប្រចាំផលិតផលធំៗច្រើនជាងគេនៅក្នុងប្រទេសថៃ ដោយនាងអាចទទួលបានកុងត្រាជាទូតសុច្ឆន្ទៈ BA ប្រចាំផលិតផលល្បីៗ និងធំៗរហូតដល់ទៅ15ផលិតផលនៅក្នុងដៃរបស់នាង។ ក្នុងនោះប្រ៊េនដ៍ល្បីលំដាប់ពិភពលោកដែល កញ្ញា Bow Maylada បានសហការជាមួយក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈមានដូចជា ប្រ៊េនដ៍ស្បែកជើងដ៏ល្បីឈ្មោះម៉ាក Havaianas នៅក្នុងឆ្នាំ2023 សម្រាប់យុទ្ធនាការ “Make Your Own Havaianas Thailand 2023” ហើយនាងក៏បានចូលរួមនៅក្នុងកម្មវិធី “Gucci Together” របស់ Gucci ក្នុងខែកុម្ភៈ ឆ្នាំ2025 រួមជាមួយតារាថៃល្បីៗជាច្រើនទៀត ព្រមទាំងប្រ៊េនដ៍ Coach ជាដើម។
គួរបញ្ជាក់ផងដែរថា តារាស្រីជំនាន់ថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ កញ្ញា Bow Maylada Susri កើតនៅថ្ងៃទី4 ខែមិថុនា ឆ្នាំ1996 នៅទីក្រុងបាងកក ប្រទេសថៃ។ សព្វថ្ងៃនាងគឺជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូដដ៏លេចធ្លោរបស់ប្រទេសថៃ។ នាងបានចាប់ផ្តើមអាជីពសិល្បៈរបស់ខ្លួនក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារី “Kiss Me Five” ពីឆ្នាំ2010 ដល់ឆ្នាំ2013។ ហើយនៅក្នុងឆ្នាំ2013 នាងបានឈ្នះការប្រកួត Thai Supermodel Contest ដែលបានជំរុញឱ្យរូបនាងបានចូលសម្តែងជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ7 ថៃ។ នៅខែមិថុនា ឆ្នាំ2020 នាងបានប្តូរទៅប៉ុស្តិ៍លេខ3 ដែលជាកន្លែងដែលនាងបានបន្តអាជីពសម្តែងរបស់នាងយ៉ាងជោគជ័យ។
បុគ្គលិកលក្ខណៈដ៏ទាក់ទាញ គួរឱ្យស្រឡាញ់ និងប្រជាប្រិយភាពរបស់នាង បានធ្វើឱ្យ Bow បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ ក៏ដូចជាប្រ៊េនដ៍ធំៗលំដាប់ពិភពលោក ដែលកំពុងស្វែងរកតំណាងប្រ៊េនដ៍របស់ពួកគេ។ ចំណែកនៅក្នុងអាជីពជាតារាសម្ដែង Bow បានទទួលតួនាទីចម្រុះនៅក្នុងរឿងភាគថៃ ទាំងតួឯក តួរង តួកាច់ តួស្លូត និងតួបែបក្រមិចក្រមើមគួរឱ្យស្រឡាញ់។ ហើយនៅក្នុងឆ្នាំ2025នេះ នាងបានសម្តែងជាមួយ Pon Nawasch នៅក្នុងរឿង “I’m a Goose, Not a Swan” ដែលបានចាក់បញ្ចាំងនៅក្នុងខែមករានេះ។ ដោយសារតែភាពប៉ិនប្រសប់ និងទេពកោសល្យរបស់នាង បានធ្វើឱ្យ Bow កាន់តែឈរយ៉ាងរឹងមាំនៅក្នុងឋានៈជាតារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចំពោះរឿងស្នេហាវិញ សព្វថ្ងៃនេះ កញ្ញា Bow Maylada កំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយកំលោះរូបសង្ហាកូនកាត់ចិន លោក Alek Teeradetch ដែលជាតួប្រុសដ៏ល្បីល្បាញនៅក្នុងវិស័យខ្សែភាពយន្តថៃផងដែរ៕

























