Skip to content

តេវ តារាស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ៣ថៃចូលរោងការហើយ

តារាស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣របស់ប្រទេសថៃ Taew Natapohn ថ្មីៗនេះ នាងបានចូលរោងការជាមួយលោក Pranai Phonprapha ដែលជាមហាសេដ្ឋីស្ថិតនៅក្នុងត្រកូលចៅសួរ កាន់កាប់មុខជំនួញអចលនទ្រព្យជាច្រើននៅក្នុងដៃ។ ពួក​គេ​បាន​ប្រារព្ធ​ពិធីរៀប​មង្គលការ​តាមបែប​ប្រពៃណី​ថៃ​កាលពី​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២៥ នៅ​សណ្ឋាគារ Four Seasons Hotel Bangkok។

គួរបញ្ជាក់ផងដែរថា លោក Pranai Phonprapha គឺជាអ្នកជំនួញ និងជាអ្នកស្នងមរតករបស់ក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសថៃ គឺ Siam Motors Group។ លោក Pranai បានគ្រប់គ្រងជំនួញភោជនីយដ្ឋាន និងសណ្ឋាគារនៅទូទាំងប្រទេសថៃ ព្រមទាំងគម្រោងលក់ផ្ទះល្វែងជាច្រើនកន្លែងទៀតផងដែរ។

ពិធីភ្ជាប់ពាក្យរបស់កញ្ញា Taew Natapohn និងលោក Pranai Phonprapha ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលលោក Pranai បានស្នើសុំកញ្ញាដ៏ស្រស់ស្អាតរបស់យើងរៀបការ។ ហើយគូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការរបស់ពួកគេអស់រយៈពេលជាច្រើនខែ ដោយ តេវ បានប្រកាសព័ត៌មានលម្អិតអំពីគម្រោងរៀបមង្គលការរបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយពួកគេមានបំណងអញ្ជើញភ្ញៀវចំនួន៧០០នាក់មកចូលរួមនៅក្នុងថ្ងៃពិសេសរបស់ពួកគេ ប៉ុន្តែក្រោយមកចំនួនភ្ញៀវបានកើនចំនួនរហូតដល់ទៅ៨០០នាក់។

តួឯកស្រីល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសថៃម្នាក់នេះក៏​មានគម្រោងចង់បាន​កូនកំដកូនក្រមុំ​ប្រហែល ១០នាក់​សម្រាប់​ពិធីរបស់នាងផង​ដែរ។ នៅមុនថ្ងៃរៀបមង្គលការជាផ្លូវការរបស់កញ្ញា Taew Natapohn និងលោក Pranai Phonprapha សាច់ញាតិ និងគ្រួសារទាំងសងខាងក៏បានរៀបចំនូវពិធីបែបសាសនាមួយជុំគ្នានៅក្នុងទីវត្តអារ៉ាម ដើម្បីសុំពរជ័យ សិរីសួស្តីសម្រាប់ជីវិតគូរបស់ពួកគេ ដោយកម្មវិធីសុំពរជ័យនេះបានរៀបចំឡើងបែបសាមញ្ញ និងមានតែបងប្អូនសាច់ញាតិជិតស្និតរបស់គ្រួសារទាំងពីរចូលរួមតែប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យរីករាយ និងចាប់អារម្មណ៍ពីសំណាក់សាធារណជន ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់កញ្ញា តេវ នោះគឺ នៅមុនថ្ងៃរៀបមង្គលការរបស់ Taew Natapohn និងលោក Pranai Phonprapha មួយថ្ងៃ មិត្តភក្តិជិតស្និតរបស់ តេវ ក៏បានរៀបកម្មវិធីលាភាពនៅលីវជូន តេវ ផងដែរ ដោយមានមិត្តភក្តិស្រីរួមអាជីពសិល្បៈរបស់នាងមកចូលរួមជាច្រើន ដែលធ្វើឱ្យកម្មវិធីជួបជុំមួយនេះពេញដោយភាពរីករាយ ពេញដោយស្នាមញញឹម និងផ្តល់នូវកម្រងអនុស្សាវរីយ៍ជាច្រើនដល់កូនក្រមុំថ្មោងថ្មីរបស់យើង។

គេសង្កេតឃើញថា នៅក្នុងកម្មវិធីរៀបមង្គលការរបស់តួឯកស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣ ថៃ កញ្ញា Taew Natapohn និងលោក Pranai Phonprapha គឺមានវត្តមានអ្នកចូលរួមដែលជាតារាសម្តែង តារាចម្រៀងគ្រប់ជំនាន់ និងអ្នកស្ថិតនៅក្នុងវិស័យសិល្បៈល្បីៗជាច្រើនរូប ដូចជា តារាសម្តែង Bella Ranee និងអ្នកគ្រប់គ្រងរបស់នាងក៏បានមកចូលរួមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *