Skip to content

តើទំនាក់ទំនងរវាង នីឆា និង តូណូ ដើរដល់ណាហើយ? តើ នីឆា ពិជាផ្តល់ឱកាសឱ្យ តូណូ មែន?

រឿងដែលកំពុងផ្ទុះខ្លាំង និងកំពុងក្តៅគគុកនៅក្នុងប្រទេសថៃ និងកំពុងស្ថិតក្នុងការតាមដានរបស់អ្នកនិយមតាមដានសង្គមសិល្បៈថៃ គឺរឿងតូណូ (Tono Phakin Khamwilaisak) ដែលជាតារាប្រុសមានប្រជាប្រិយភាពខ្ពស់ ទាំងនៅក្នុងវិស័យខ្សែភាពយន្តភាគថៃ និងវិស័យចម្រៀងថៃ បានក្បាត់ចិត្តសង្សាររបស់ខ្លួន គឺ នីឆា (Nychaa Nuttanicha Dungwattanawanich) តារាស្រីលំដាប់ជួរមុខ ដែលមានអត្តចរិកសុភាពរាបសារ ស្រស់ស្អាតគួរឱ្យស្រឡាញ់ តែតូណូ បែរជាមិនចេះស្កប់ស្កល់ លួចមានទំនាក់ទំនងស្នេហាបែបស៊ីអារម្មណ៍ជាមួយអ្នកមេម៉ាយចាយរាង ម៉ាយ (Mind) ផ្អើលអាផាតមិន និងបែកធ្លាយទំនាក់ទំនងស្នេហាលើគ្រែបែបរោលរាលពេញបណ្តាញសង្គម។


កាលពីដើមខែមេសាកន្លងមកថ្មីៗនេះ មានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងចំពោះទំនាក់ទំនងមិនធម្មតារវាងតារាប្រុស តូណូ ជាមួយ ម៉ាយ ដែលត្រូវបាន តូណូ ជួលឱ្យមកធ្វើជាជំនួយការផ្ទាល់ខ្លួន នៅពេលដែលអ្នកចាត់ការរបស់ខ្លួនអវត្តមាន ស្រីស្អាត ម៉ាយ ក៏ជាអ្នកប្រឡូកនៅក្នុងវិស័យសិល្បៈថៃផងដែរ ហើយបើទោះបីជានាងធ្លាប់មានស្វាមី និងមានកូនរួចហើយក៏ដោយ តែរូបរាងរបស់នាងគឺស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ តែ ម៉ាយ ក៏កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយសង្សាររបស់ខ្លួនដែលមានឈ្មោះថា ពេជ្រ ផងដែរ។

តូណូបានបង្កាត់ភ្លើងស្នេហារោលរាលជាមួយ ម៉ាយ រហូតក្លាយទៅជាការលួចលាក់ផិតក្បត់ នីឆា ដែលជាសង្សារបណ្តូលចិត្តរបស់ខ្លួន និងធ្វើឱ្យ តូណូ ត្រូវបាត់បង់ ស្រីស្អាត នីឆា ជារៀងរហូតទៅ។ នៅក្នុងរឿងរ៉ាវលួចលាក់ក្បត់ចិត្ត សង្សាររបស់ខ្លួននេះ ត្រូវបាន ពេជ្រ និង ម៉ាយ ទំលាយគ្មានសល់នៅក្នុងកម្មវិធីបកស្រាយរឿងពិត របស់ភីនំកាន់ឆាយ ដែលធ្វើឱ្យទស្សនិកជនមានការស្រយុតចិត្តជាមួយ តូណូ មិនតិចទេ ហើយនឹកយល់ចិត្ត និងអាណិត នីឆា តួឯកស្រីយើងដែលមានអត្តចរិកសុភាពរាបសារ មិនគួរណាមកជួបជាមួយសង្សារចិត្តមិនស្មោះត្រង់ និងមិនចេះឆ្អែតឆ្អន់បែបនេះសោះ មានមួយមិនស្កប់ លួចលាក់ក្បត់ចិត្តសង្សារដែលរាប់អានគ្នាមកអស់រយៈពេល៧ឆ្នាំ ដោយនាយ តូណូ បានទៅវៃឡើងជាមួយ ម៉ាយ នៅឯអាផាតមិនរបស់នាង រហូតផ្អើលដល់បន្ទប់អ្នកជិតខាង ដោយសារតែមានសំឡេងលាន់ឮខុសពីធម្មតាចេញពីបន្ទប់របស់ ម៉ាយ និងរូបភាពនៃឈុតឆាករោលរាលនៅក្នុងរថយន្តរវាង តូណូ និង ម៉ាយ។ តាមរយៈការបកអាក្រាត និងប្រាប់ពីល្បិចបោកបញ្ឆោតស្នេហ៍ពីព្រានបុរស តូណូ ពីសំណាក់ ម៉ាយ ដែលជាជនរងគ្រោះផ្ទាល់បាននិយាយថា នាងមិនមានបំណងចង់បង្កាត់ភ្លើងស្នេហ៍លួចលាក់នេះ ដើម្បីបញ្ឈឺ ឬធ្វើឱ្យ នីឆា ខូចចិត្តនោះទេ តែនាងត្រូវបានចាញ់ល្បួងរបស់ តូណូ ដែលបានលួងលោមនាងថា តូណូ ឈប់ស្រឡាញ់ នីឆា ទៀតហើយ ដោយ តូណូ គិត នីឆា ត្រឹមដូចជាប្អូនស្រីប៉ុណ្ណោះ ហើយនាងបានបន្ថែមថា តូណូ បានប្រាប់ថា លោកមិនដែលបានទទួលនូវអ្វីដែលលោកចង់បានពី នីឆា ទេ (បញ្ហាលើគ្រែ) ដែលចំណុចទាំងអស់នេះបានធ្វើឱ្យ ម៉ាយ ទន់ចិត្ត និងជឿស្លង់ថា តូណូ ពិតជាស្រឡាញ់នាងពិតមែន ហើយទន្ទឹមនឹងការបកសា្រយរបស់ ម៉ាយ និងមិត្តប្រុសរបស់នាង ក៏បានធ្វើឱ្យ នីឆា យល់ពីសាច់រឿងយ៉ាងច្បាស់ ហើយបានធ្វើការសម្រេចចិត្តភ្លាមៗ ដើម្បីបញ្ឈប់ និងផ្តាច់ទំនាក់ទំនងយ៉ាងដាច់ស្រេចជាមួយ តូណូ តែម្តង។

កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ អ្នកសារព័ត៌មានថៃ ដែលបានធ្វើបទសម្ភាសន៍ជាមួយ នីឆា នៅពេលដែលនាងបានទៅសម្តែងនៅផ្សារទំនើបមួយកន្លែងនោះ អ្នកសារព័ត៌មានបានសួរដេញដោលរហូត នីឆា បានបញ្ជាក់ច្បាស់ៗថា នាងត្រឡប់មកមានសេរីភាពវិញហើយ គឺនៅ Single ដូចដើម ចំណែកអារម្មណ៍ និងទឹកចិត្តក៏ល្អឡើងវិញដែរ សូមអរគុណចំពោះក្តីបារម្ភ និងការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ មិត្តភក្តិ និងអ្នកទាំងអស់គ្នាជាខ្លាំង។

តាមរយៈការបកស្រាយរបស់ នីឆា បែបចំៗនេះ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងរបស់ នីឆា និង តូណូ គឺត្រូវបានបញ្ចប់ហើយ នីឆា អត់ទោសឱ្យ តូណូ តែមិនផ្តល់ឱកាសដល់ តូណូ ទៀតទេ ចំណែកមិត្តភក្តិស្និតស្នាល និងក្រុមគ្រួសាររបស់ នីឆា វិញ គឺថា ដាច់ខាតតែម្តង គឺមិនគាំទ្រ ឬបើកឱកាសឱ្យ តូណូ ត្រឡប់មកត្រូវគ្នាជាមួយ នីឆា ដាច់ខាត។


ដូច្នេះ ការពិតត្រូវបានលាតត្រដាងដាច់ស្រេចអស់ហើយ គឺ តូណូ ពិតជាបានក្បត់ចិត្ត នីឆា ដែលជាសង្សារពិតមែន ហើយនៅពេលនេះ នីឆា ក៏បានផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយ តូណូ រួចស្រេចអស់ហើយ គឺសូម្បីតែដំណើរកម្សាន្តបែបលក្ខណៈគ្រួសារទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន នាងចុងខែមេសានេះ រវាងគ្រួសាតូណូ និងគ្រួសារនីឆា ក៏គេសង្កេតឃើញថា សមាជិកគ្រួសាររបស់នីឆាមិនបានទៅចូលរួមទេ គឺឃើញតែសាច់ញាតិក្រុមគ្រួសាររបស់តូណូប៉ុណ្ណោះដែលបានធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ ដោយគេសង្កេតឃើញថា តូណូ បានបង្ហោះរូបបង្ហាញពីភាពឯកា និងភាពសោកសៅរបស់ខ្លួន ទោះបីជាកំពុងដើរលេងកម្សាន្តក៏ខ្លួនមិនបានសប្បាយរីករាយទៅតាមបរិយាកាស និងស្ថានភាពចំពោះមុខដែរ។ នេះហើយលទ្ធផលមានមួយមិនស្កប់ ចុងក្រោយបានត្រឹមពាក្យថា សោកស្តាយ តែមិនអាចបកក្រោយបានទេ ហើយឱកាសកែខ្លួនក៏មិនចេះតែទទួលបានងាយៗដែរ។



សូមថែរក្សាអ្នកនៅជិតខ្លួនរបស់យើង និងពេលវេលាល្អៗជាមួយគ្នាឱ្យបានល្អបំផុត កុំធ្វើអ្វីដែលធ្វើឱ្យខ្លួនយើងស្តាយក្រោយ ឬមានវិប្បដិសារីឱ្យសោះណា៎៕

Leave a Reply

Your email address will not be published. Required fields are marked *