តើជាការពិតទេ តារាសម្តែងដ៏ល្បីឈ្មោះ បុរសសង្ហា Lee Min Ho រៀបការជាមួយអ្នកមេម៉ាយចាយសម្រស់ Song Hye Kyo?

មួយរយៈពេលនេះមានការផ្ទុះការវែកញែក និងចង់ដឹងពីជីវិតឯកជនរបស់តារាប្រុសស្រីដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង គឺលោក Lee Min Ho និងអ្នកនាង Song Hye Kyo ជាខ្លាំង ដោយអ្នកគាំទ្រជាច្រើនតែងឃើញពួកគេទាំងពីរតែងតែទៅណាមកណាជាមួយគ្នា និងតែងបង្ហោះរូបភាព និងវីដេអូបង្ហាញពីភាពស្និតស្នាលលើសពីធម្មតា ហើយទង្វើ និងរូបភាពទាំងនេះបានធ្វើឱ្យអ្នកគាំទ្រទាំងអស់បានចោទជាសំណួរជាច្រើន ដូចជា តើបុរសសង្ហា Lee Min Ho និងអ្នកមេម៉ាយដ៏ស្រស់សោភា Song Hye Kyo ពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាមែនឬ? តើពួកគេទាំងពីរពិតជាបានរៀបការជាមួយគ្នាមែន? តើពួកគេរៀបការជាមួយគ្នារួចហើយនៅចុងឆ្នាំ២០២៤នេះ?

ពួកគេរៀបការដោយសម្ងាត់នៅទីក្រុងប៉ារីស ប្រទេសបារាំងមែនឬទេ? ឬក៏ពួកគេរៀបការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ? ហេតុអ្វីអ្នកទាំងពីរត្រូវលាក់បាំងទំនាក់ទំនងរបស់ពួកគេ? តើ Lee Min Ho និង Song Hye Kyo មានទំនាក់ទំនងស្នេហាជាមួយគ្នាមែន ឬគ្រាន់តែជាការសម្តែងទេ (ជាការងារ)? អ្នកខ្លះបានលើកមកថា Lee Min Ho និង Song Hye Kyo បានទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ចំណែកដំណឹងខ្លះបានបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែសម្តែងជាមួយគ្នា និងបានទៅចូលរួមកម្មវិធីជាមួយគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំងតែប៉ុណ្ណោះ។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះ Fans Fans របស់អ្នកទាំងពីរគឺពិតជាសង្ឃឹមថា Lee Min Ho និង Song Hye Kyo ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយអាចឈានដល់ការរៀបមង្គលការជាមួយគ្នាពិតមែន ហើយបើពួកគេស្រឡាញ់គ្នាមែននោះគឺពិតជាល្អខ្លាំងណាស់ ដោយអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរពិតជាចង់ឱ្យពួកគេបានជួបគ្នាជាគូស្នេហ៍ និងអាចឈានដល់ថ្ងៃរៀបមង្គលការជាមួយគ្នាខ្លាំងណាស់ ព្រោះអ្នកគាំទ្រទាំងអស់សង្ឃឹមថា Lee Min Ho អាចនឹងជួយស្អំបេះដូងដែលធ្លាប់ទទួលរងនូវភាពប្រេះស្រាំរបស់ Song Hye Kyo ឱ្យស្រស់ស្អាត និងរីករាយឡើងវិញ បន្ទាប់ពីនាងបានបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីរបស់នាង គឺលោក Song Joong‑ki។ ទន្ទឹមគ្នានោះដែរ លោក Lee Min Ho ប្រុសស្អាតមិនចេះចាស់របស់យើងក៏ធ្លាប់បានបង្ហើបមកដែរថា លោកបានចំណាយពេល២០ឆ្នាំ ទីបំផុតបានជួបជាមួយនារីក្នុងក្តីសុបិនរបស់លោកហើយ គឺលោកពិតជាចង់ចាប់ដៃគូសម្តែង ឬជួបជាមួយ Song Hye Kyo ជាដៃគូសម្តែងខ្លាំងណាស់ ហើយនៅពេលនេះក្តីសុបិនរបស់លោកបានក្លាយជាការពិតហើយ ដោយអ្នកទាំងពីបានធ្វើការជាមួយគ្នា ដើម្បីថតស្ប៉តពាណិជ្ជកម្ម និងទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិជាមួយគ្នាជាបន្តបន្ទាប់ ដោយលោកបានបញ្ជាក់ថា អ្នកនាង Song Hye Kyo គឺជាដៃគូសម្តែងដែលលោកប្រាថ្នាចង់ជួបបំផុត។

មកទល់នឹងពេលនេះ គឺនៅមិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថា តារាសម្តែងកូរ៉េខាងត្បូង Lee Min Ho និង Song Hye Kyo បានរៀបការជាមួយគ្នានៅឡើយទេ។ ពាក្យចចាមអារ៉ាម និងវីដេអូថ្មីៗជាច្រើនបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញពីពិធីរៀបអាពាហ៍ពិពាហ៍ដោយសម្ងាត់រវាងអ្នកទាំងពីរនៅចុងឆ្នាំ២០២៤កន្លងទៅនេះ ប៉ុន្តែការអះអាងទាំងនេះគឺនៅខ្វះការផ្ទៀងផ្ទាត់ពីប្រភពដែលអាចទុកចិត្តបាន។ ជាឧទាហរណ៍ វីដេអូ YouTube មួយដែលមានចំណងជើងថា “Lee Min Ho និង Song Hye Kyo បានរៀបការដោយសម្ងាត់ក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីស” ដែលត្រូវបានចែករំលែកជាសាធារណៈ ប៉ុន្តែភាពត្រឹមត្រូវនៃព័ត៌មានដ៏រំភើបមួយនេះគឺនៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ ពីព្រោះនៅមិនទាន់មានស្ថាប័នសារព័ត៌មានធំៗណាមួយ ទាំងនៅក្នុងប្រទេសកូរ៉េ ខាងត្បូងផ្ទាល់ ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗចេញផ្សាយពីព័ត៌មានរៀបអាពាហ៍ពិពាហ៍របស់តារាសម្តែងដ៏ល្បីឈ្មោះទាំងពីរនាក់នេះនៅឡើយទេ ហើយពួកគេទាំងពីរក៏មិនទាន់បានផ្តល់បទសម្ភាសន៍ជាផ្លូវការចំពោះព័ត៌មានដ៏រសើបមួយនេះដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកតារាសម្តែងល្បីឈ្មោះទាំងពីររូបនេះ គឺនៅមិនទាន់បានបញ្ជាក់ពីទំនាក់ទំនងស្នេហា ឬចំណងអាពាហ៍ពិពាហ៍របស់ពួកគេជាសាធារណៈនៅឡើយទេ។ ដូច្នេះដរាបណាសាម៉ីខ្លួនទាំងពីរនៅមិនទាន់ចេញមុខមកផ្តល់បទសម្ភាសន៍ ឬឡើង​ថ្លែងការ​ជា​ផ្លូវ​ការអំពីពិធីរៀបមង្គលការរបស់ពួកគេទេនោះ រឿងរៀបការរបស់ Lee Min Ho និង Song Hye Kyo គឺនៅតែស្ថិតក្នុងការសង្ស័យ និងគ្រាន់តែជាពាក្យ​ចចាម​អារ៉ាម​តែប៉ុណ្ណោះ៕

Leave a Comment