អាប់ដេតបន្ថែម រឿងគម្រោងឆបោករបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ប្រទេសថៃ ពេលនេះតារាល្បីឈ្មោះ២រូបបានរួចពីការចោទប្រកាន់ហើយ

បើប្រិយមិត្តអ្នកអាននៅចាំបាននោះ ជនសង្ស័យ​ ឬជនជាប់ចោទដែលស្ថិតនៅក្នុងគម្រោងឆបោក ដឺ អាយ​ខុន​ គ្រុប គឺមានចំនួនសរុបទាំងអស់១៨​នាក់​ រួមទាំងស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ដឺ អាយ​ខុន​ គ្រុប គឺលោក Warathaphon Waratyaworrakul “ហៅ Boss Paul” និងនាយកប្រតិបត្តិផ្សេងទៀត ដោយជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការខ្ចីប្រាក់ក្លែងបន្លំ ការបើកអាជីវកម្មលក់ផ្ទាល់ដោយខុសច្បាប់ និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។

តែនៅពេលថ្មីៗនេះ ព្រះរាជអាជ្ញារបស់ប្រទេសថៃបានសម្រេចចិត្តមិនចោទប្រកាន់ កញ្ញា Peechaya Wattanamontri “ហៅ Boss Min” ដែលជាតារាស្រីដ៏ល្បីឈ្មោះរបស់ប្រទេសថៃ និងតារាសម្តែងជើងចាស់ លោក Yuranan Pamornmontri “ហៅ Boss Sam” ដោយលើកឡើងថា ភ័ស្តុតាងមិនគ្រប់គ្រាន់។ នៅពេលនេះអ្នកទាំង២នាក់បានចេញពីមន្ទីរឃុំឃាំងមករស់នៅក្នុងផ្ទះរបស់ពួកគេដូចធម្មតាវិញហើយ ហើយក៏អាចចេញសម្តែង និងទទួលការងារដូចធម្មតា ដោយពួកគេបានតម្កល់ប្រាក់ចំនួន ៥០ម៉ឺនបាត ស្មើនឹងប្រមាណជា១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នៅថ្ងៃដែលពួកគេចេញពីមន្ទីរឃុំឃាំងគឺមានអ្នកសារព័ត៌មានជាច្រើន ពីគ្រប់ស្ថាប័នបានមកចាំថតរូប និងសាកសួរព័ត៌មានពីកញ្ញា Peechaya និងលោក Sam តែអ្នកទាំងពីរនៅមិនទាន់ព្រមឱ្យធ្វើបទសម្ភាសន៍ជាមួយពួកគេនៅឡើយទេ ក្នុងនោះ កញ្ញា Peechaya បានប្រាប់មកអ្នកសារព័ត៌មានថា នាងសុំពេលបន្តិច នៅពេលដែលនាងមានសុខភាពរឹងមាំឡើងវិញ និងមានពេលវេលាសមរម្យហើយ នាងនឹងធ្វើសន្និសិទសារព័ត៌មានលម្អិតពីរឿងនេះដល់សាធារណជនទាំងអស់។ បើមើលតាមសភាពរបស់អ្នកទាំងពីរនៅថ្ងៃចេញពីមន្ទីរឃុំឃាំង ឃើញថា ពួកគេមានសភាពទ្រុឌទ្រោមខាងផ្នែកសុខភាពជាច្រើន ជាពិសេសកញ្ញា Peechaya មានសភាពស្គមស្គាំង និងស្រកគីឡូខ្លាំងគួរឱ្យកត់សម្គាល់។

ដោយឡែកជនសង្ស័យផ្សេងទៀតកំពុងដាក់ស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយនៅក្នុងរឿងនេះ លោក Pol Maj Yutthana អគ្គនាយកនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ប្រទេសថៃបានបញ្ជាក់ថា គណៈកម្មាការ DSI នឹងធ្វើការត្រួតពិនិត្យមើលលើការសម្រេចរបស់ព្រះរាជអាជ្ញាដែលនឹងចាប់ផ្តើម30ថ្ងៃបន្ទាប់ពីនាយកដ្ឋានទទួលបានឯកសារទាំងអស់។

លោកបានបន្ថែមថា នីតិវិធីនេះធានាឱ្យមានការត្រួតពិនិត្យ និងតុល្យភាពនៅក្នុងប្រព័ន្ធយុត្តិធម៌។ លោកបានមានប្រសាសន៍ថា ប្រសិនបើ DSI មិនយល់ស្របនឹងចំណាត់ការរបស់ព្រះរាជអាជ្ញាទេ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅអគ្គមេធាវី ដើម្បីសម្រេចចុងក្រោយជាបន្តទៀត។

តើវាសនារបស់ជនសង្ស័យ​ទាំងអស់នឹងទៅជាយ៉ាងណាទៀតនោះ សូមរង់ចាំតាមដានបន្ត…៕

Leave a Comment