“ទោះជាត្រជាក់យ៉ាងណា ក៏កូនស្រីកម្ពុជាអាចស៊ូបាន ទាំងស្នាមញញឹម «របាំអប្សរា» ឧបសគ្គមិនឈ្នះការព្យាយាម កូនស្រីកម្ពុជាអាចធ្វើបាន”
មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការកោតសសើរ និងមានមោទនភាពជាខ្លាំងចំពោះការស៊ូទ្រាំ និងភាពអំណត់របស់ប្អូនស្រី ជូរី ល្អហួស ដែលបានជម្នះលើភាពត្រជាក់ខ្លាំងនៅលើទឹកដីប្រទេសចិន ក្នុងទីក្រុង Harbin ដើម្បីសម្តែង និងរាំរបាំអប្សរាខ្មែរឱ្យពិភពលោកទាំងមូលបានស្គាល់ពីក្បាច់រាំដ៏ស្រស់ស្អាតល្វតល្វន់ទន់ភ្លន់នៅលើផ្ទាំងទឹកកកដែលមានសីតុណ្ហភាពក្រោមសូន្យអង្សាសេ។ ជារឿយៗ នៅលើផេករបស់ប្អូនស្រីល្អហួស បានបង្ហាញពីសកម្មភាព និងរូបភាពរបស់នាង មុន និងក្រោយពេលសម្តែងរាំរបាំអប្សរា ដែលនាងត្រូវបានអញ្ជើញដោយរដ្ឋបាលខេត្ត Harbin ប្រទេសចិន ដើម្បីរាំបង្ហាញពីវប្បធម៌ដ៏ថ្លៃថ្លារបស់ប្រទេសកម្ពុជា និងចូលរួមការប្រគំតន្ត្រីនៅទីនោះផ្ទាល់។
តាមរយៈសកម្មភាពដែលបានផុសមកជាបន្តបន្ទាប់ បានបញ្ជាក់ពីភាពមោះមុតរបស់ ប្អូនស្រី ជូរី ល្អហួស ដែលនាងបានខិតខំប្រឹងប្រែង និងអត់ធ្មត់ជាខ្លាំងចំពោះអាកាសធាតុដ៏ត្រជាក់រហូតដល់ដកសូន្យអង្សាសេ ដើម្បីសម្តែង និងរាំរបាំអប្សរារហូតដល់ចប់ប្រកបដោយមោទនភាព និងភាពជោគជ័យធំធេងមែនទែន នៅពីមុខផ្ទាំងទឹកកកដែលត្រូវបានគេឆ្លាក់ជារូបប្រាសាទបាយ័ននៅឯកន្លែងកម្សាន្ត ស្ថិតក្នុងទីក្រុង Harbin ប្រទេសចិន។
ក្នុងនោះដែរ ប្អូនស្រី ល្អហួស បានសរសេរជាសំណេរភ្ជាប់ជាមួយថា “អប្សរាសក់ខ្មៅ កំពុងបង្ហាញខ្លួននៅលើផ្ទាំងទឹកកកនៅឯប្រទេសចិន ផ្ការំដួលមួយទងនេះនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានក្លិនក្រអូប ទោះបីជាត្រជាក់យ៉ាងណា ក៏កូនស្រីកម្ពុជា អាចស៊ូបាន ទាំងស្នាមញញឹម «របាំអប្សរា» ឧបសគ្គមិនឈ្នះការព្យាយាម កូនស្រីកម្ពុជាអាចធ្វើបាន។
សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ការគាំទ្រក្នុងការផ្សព្វផ្សាយវប្បធម៍ខ្មែរនៅប្រទេសចិន នាងខ្ញុំពិតជារំភើប និងមានមោទនភាពដែរបានកើតជាកូនខ្មែរ”។
បើយោងតាមការបញ្ជាក់ពីក្រុមគ្រួសារ និងក្រុមការងារដែលមានវត្តមាននៅប្រទេសចិនជាមួយនឹងរូបនាងបានបញ្ជាក់ថា ក្នុងអំឡុងពេលដែលប្អូនស្រី ល្អហួស បានសម្តែងនៅទីនោះពិតជាមានការខិតខំប្រឹងប្រែង និងតស៊ូយ៉ាងខ្លាំង ដើម្បីជម្នះភាពដ៏ត្រជាក់ខ្លាំង ទាំងការសមរាំនៅលើផ្ទាំងទឹកកកមុនសម្តែង និងក្នុងអំឡុងពេលសម្តែងផ្ទាល់នៅក្នុងកន្លែងកម្សាន្ត ដែលពេញដោយផ្ទាំងទឹកកកឆ្លាក់ជារូបរាងផ្សេងៗយ៉ាងប្រណីត ដែលមានសីតុណ្ហភាពរហូតដល់ដកសូន្យអង្សាសេ គឺត្រជាក់ខ្លាំង រឹងដៃរឹងជើង សឹងតែឈរទប់ខ្លួនមិនទាំងជាប់ផង។ ហើយនៅពេលការសម្តែងចប់ ប្អូនស្រី ល្អហួស ស្ទើរតែទ្រាំមិនបាន ដោយសារភាពត្រជាក់នោះបានធ្វើឱ្យនាងស្ពឹកដៃស្ពឹកជើង និងច្រមុះឡើងក្រហម ប៉ុន្តែនាងក៏នៅតែធ្វើវាបានយ៉ាងល្អ ដើម្បីបំពេញក្តីស្រមៃរបស់នាង និងជួយលើកស្ទួតមុខមាត់ប្រទេសជាតិនៅលើប្រព័ន្ធបណ្តាញសង្គមមិនត្រឹមតែនៅប្រទេសកម្ពុជាយើង និងនៅប្រទេសចិនផ្ទាល់នោះទេ គឺទូទាំងពិភពលោកបានឃើញ និងមានការស្ញើចសរសើរមិនដាច់ពីមាត់ពីភាពអំណត់ និងការខិតខំតស៊ូរបស់ក្មេងតូចដែលមានអាយុត្រឹម១៦ឆ្នាំម្នាក់នេះ។
គួរបញ្ជាក់ផងដែរថា ប្អូនស្រី ជូរី ល្អហួស ទើបតែមានអាយុ១៦ឆ្នាំ ហើយនាងបានជាប់ Miss Preteen Cambodia ឆ្នាំ២០២៣ និង Miss Preteen Junior Idol World ឆ្នាំ២០២៤ ផងដែរ “ក្មេងតូច អាយុតិច សមិទ្ធិផលធំ”៕