កញ្ញា ដេត ស្រីនាឌ បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បានបោះបង់ការប្រកួតនៅវគ្គផ្តាច់ព័្រត្រ ដោយនាងបានធ្វើពហិការមិនចូលរួមការប្រកួតក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បន្តទៀតនៅថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យប្រវត្តិសាស្ត្រនៃការចូលរួមប្រកួតរបស់នាងបានក្លាយជាប្រវត្តិសាស្ត្រច្រំដែល ដោយនាងធ្លាប់បោះបង់ការប្រកួតពាក់កណ្តាលទីម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ហើយលើកនេះគឺជាលើកទី២ហើយដែលនាងបានបោះបង់ការប្រកួត ដែលធ្វើឱ្យអ្នកគាំទ្រលើវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើល និងអន់ចិត្តលើរូបនាងជាខ្លាំង។
នៅលើបណ្តាញសង្គម ដេត ស្រីនាឌ បានបង្ហោះសាររៀបរាប់ថា “ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពលិការ មិនចូលរួមប្រគួត Miss Planet international 2024 នេះបន្តទៀតទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រឡាញ់ទាំងអស់ ដែលតែងតែគាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា”។
តាមរយៈសារបញ្ជាក់ពីការដកខ្លួនមិនចូលរួមប្រកួតនេះបានធ្វើឱ្យមហាជនជាច្រើនសម្តែងនូវការភ្ញាក់ផ្អើល និងការមិនពេញចិត្តចំពោះការដកខ្លួនរបស់ ដេត ស្រីនាឌ ជាខ្លាំង ដោយមានអ្នកខ្លះបានលើកឡើងតាមរយៈខំមិនពីក្រោមការបង្ហោះរបស់ កញ្ញា ដេត ស្រីនាឌ ថា “នេះជាលើកទី២ហើយ ហើយឱ្យតែតំណាងប្រទេស គឺមិនដែលធ្វើឱ្យចប់សោះ ម៉េចចឹង?” ហើយក៏មានអ្នកខ្លះក៏បានដាក់ជាចម្ងល់ថា “ម៉េចក៏មិនដកខ្លួនតាំងពីដំបូង”។ អ្នកខ្លះបានលើកឡើងថា “មានរឿងអ្វីនិយាយគ្នាបានតើនាឌ ចាំបាច់ធ្វើដល់ថ្នាក់ហ្នឹង? នេះយើងជាម្ចាស់ផ្ទះ ហើយម្ចាស់កម្មវិធីណា មិនមែនលេងសើចទេ? ខាងកម្មវិធី គេធ្វើបាបមែន បានដល់ថ្នាក់ប្រើពាក្យពហិការ?។ មិនថា ក្នុងកាលៈទេសៈ ឬហេតុផលអ្វីក៏ដោយ មិនគួរពហិការនៅថ្ងៃ Final ទេ បើមិនតាំងចិត្តទេ ត្រូវឈប់តាំងពីមុនដំបូង ការងារបែបកូនក្មេង មិនមែនជារឿងលេងសើចទេ។ យប់នឹង Final ហើយតស៊ូឱ្យចប់ចុងចប់ដើមទៅ លើកពាក្យពហិការវាធ្ងន់ណាស់ ដូចកម្មវិធី (អាច៎សុទ្ធ)។ យើងជាម្ចាស់ផ្ទះបានម្កុដមិនបានម្កុដ ក៏ត្រូវតែតស៊ូឱ្យចប់ចុងចប់ដើមដែរ! ស្រីនាឌធ្វើបែបនេះលក់មុខជាតិសាសន៍ឯង១ប្រទេសហើយប្អូន ហើយបើប្អូនបានឃើញនឹកគិតសារឡើងវិញពីប្រទេសជាតិជាធំសិន ចប់កម្មវិធី ដោះស្រាយដោយសន្តិវិធី កុំប្រព្រឹត្តអសីលធម៍ដូចម្ចាស់កម្មវិធីអន្តរជាតិខ្លះ សូមអង្វរ”។
យ៉ាងណាទន្ទឹមនឹងមតិរិះគន់ខាងលើនេះគេក៏ឃើញមានមហាជនមួយចំនួនបានចេញមុខការពារចំពោះ កញ្ញា ដេត ស្រីនាឌ ដោយពួកគេបានឆ្លើយតបថា “គាត់មិនមែនលក់មុខប្រទេសទេ បញ្ហាមកពីខាងក្រុមហ៊ុន បើចង់ដឹងសូមបងសួរទៅខាងក្រុមហ៊ុនទៅដឹងហើយ”។
ទន្ទឹមនឹងនោះ ផេកហ្វេសប៊ុកផ្លូវការ Miss Planet Cambodia បានបង្ហោះសារថា យើងពិតជាសុំការអធ្យាស្រ័យដល់សំណាក់ពុកម៉ែបងប្អូនកម្ពុជា និងបណ្តាលអ្នកគាំទ្រគ្រប់គ្នាថា កញ្ញា ខន សុវណ្ណសុនីតា ដែលជាលំដាប់រងទី១ នឹងបន្តការប្រកួតតំណាងឱ្យប្រទេសកម្ពុជាក្នុងនាមជាបវរកញ្ញាភពផែនដី ឆ្នាំ២០២៤ ដោយហេតុ កញ្ញា ដេត ស្រីនាឌ មានបញ្ហាសុខភាពនៅគេងមន្ទីរពេទ្យមិនអាចចូលរួមប្រកួតបាន។
ក្នុងនោះដែរ បវរកញ្ញា ដាំ សុភ័ក្រសិនឌី ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ចាក់ថា នេះជាលើកទី២ហើយ ដែល កញ្ញា ដេត ស្រីនាឌ បានបោះបង់ការប្រកួត។ ក្នុងនោះដែរ ដាំ សុភ័ក្រសិនឌី ក៏បានបញ្ជាក់ថា កាលនាងនៅជាគណៈកម្មការ Close Door ថ្នាក់ជាតិ Miss Planet Cambodia ម្នាក់ដែរ ដែលបានសួរសំណួរតែមួយគត់ទៅកាន់ ដេត ស្រីនាឌ ក្នុងនោះនាងបានសួរសំណួរថា “តើប្អូនធ្លាប់មានអតីតកាលបោះបង់ការប្រកួតកណ្តាលទី តើប្អូនបានត្រៀមចិត្ត ឬប្តេជ្ញាចិត្តហើយឬនៅ ទើបប្អូនមកប្រកួតនេះ ឧទារហរណ៍បើប្អូនជាប់ តើនឹងអាចមានរឿងនេះកើតឡើងម្តងទៀតទេ?” ពេលនោះ ស្រីនាឌ បានផ្តល់ចំលើយថា “ចា បង ខ្ញុំនឹងធ្វើវាឱ្យបាន ហើយនឹងមិនឱ្យមានរឿងកើតឡើងម្តងទៀតនោះទេ”។ បវរកញ្ញា សុភក្រ័ស៊ិនឌី បានបន្ថែមទៀតថា នាងមិនដឹងថា ស្រីនាឌ មានបញ្ហាអ្វី ឬរងសម្ពាធមកពីខាងណានោះទេ តែនេះជាសកម្មភាព តួនាទី ជាកាតព្វកិច្ចដែលត្រូវបំពេញ វាមិនមែនឈ្មោះប្អូនតែម្នាក់នោះទេ តែ…។
គួរបញ្ជាក់ផងដែរថា នាពេលនេះកម្មវិធីប្រកួត Miss Planet International ឆ្នាំ២០២៤ ដែលជាកម្មវិធីរបស់កូនខ្មែរជាអ្នកបង្កើតឡើង ហើយឆ្នាំនេះក៏ត្រូវបានធ្វើនៅក្នុងទឹកដីប្រទេសកម្ពុជា បាន បញ្ចប់ទៅដោយជោគជ័យ ដោយកម្មវិធីបានរកឃើញម្ចាស់មកុដធំរហូតដល់ទៅ២រូប គឺម្ចាស់មកុដ Miss Planet International 2024 បានទៅលើប្រទេសអារ៉ាប់រួម កញ្ញា Mahra Lutfi និងប្រទេសឥណ្ឌូនេស៊ី ទទួលបានមកុដ Miss Planet Angel International 2024។ លំដាប់រងទី១ បានទៅលើប្រទេស Luxemburg, លំដាប់រងទី២ បានទៅលើប្រទេសថៃ, លំដាប់រងទី៣ បានទៅលើប្រទេសអ៊ុយក្រែន។
លោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់ថា កម្មវិធីបានបញ្ចប់ទៅហើយ យើងរកបានបវរកញ្ញាដែលស័ក្តិសមបំផុត។ ចំពោះរឿងរិះគន់លោកស្រីមិនខ្វល់ឡើយ ពីព្រោះការរៀបចំកម្មវិធីនីមួយៗតែងតែមានការរិះគន់ និងការសរសើរ មិនថាកម្មវិធីតូចធំ ឬកម្មវិធីថ្នាក់អន្តរជាតិនោះទេសុទ្ធតែមានរឿងគ្រប់គ្នា៕